ភ្នំពេញៈ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន ៣ ខណៈឯកសារនៃកិច្ចសហ ប្រតិបត្តិការជាច្រើន នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ។
ឯកសារចំនួន ៣ ដែលត្រូវបានចុះហត្ថលេខារួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។ ២- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាមនិង ៣- អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។ នេះបើយោងតាមបណ្តាញតេឡេក្រាមលោកហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី ១១ ខែធ្នូ។
លោក ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកផាមមិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។
នៅពេលទៅដល់វៀតណាម នៅថ្ងៃទី ១១ ខែធ្នូ លោកហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក ផាម មិញជិញ ដោយក្នុងជំនួបនេះ លោកផាម មិញជិញ បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី ១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់លោកហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
បើយោងតាមបណ្តាញតេឡេក្រាម របស់លោក ហ៊ុន ម៉ាណែត នៅក្នុងជំនួបនេះ លោកផាម មិញជិញ បានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះលោកហ៊ុន ម៉ាណែតផ្ទាល់ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី ៤៤ អាណត្តិទី ៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកផាម មិញជិញ បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ លោកហ៊ុន ម៉ាណែត នាឱកាសនេះនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមនឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង។
បើយោងតាមប្រភពដដែលលោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសម្តែងនូវការជឿជាក់ផងដែរថា៖«ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី នោះនាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ [ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់] និង ២០៥០ [ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់] ជាក់ជាមិនខាន»។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែតបានសម្តែងនូវក្តីរីករាយ ចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះនិងបានថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី ១ របស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាឱកាសនេះ។ ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែតក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។
បណ្តាញតេឡេក្រាមលោកហ៊ុន ម៉ាណែតបានឱ្យដឹងទៀតថា នៅក្នុងជំនួបនេះសមភាគីទាំង ២ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសទាំង ២ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើការពិភាក្សា និងវាយតម្លៃ លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជនទាំង ២ ជាពិសេសវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍,សុខាភិបាល, អប់រំ, ការតភ្ជាប់,ការពារជាតិ, សន្តិសុខ,ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន។
ទន្ទឹមគ្នានេះ សមភាគីទាំង ២ ក៏បានផ្លាស់ប្តូរយោបល់ផងដែរអំពីកិច្ចការតំបន់ និងសកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ, អាស៊ាន និងអនុតំបន់មេគង្គ ជាដើម។
នៅថ្ងៃទី ១១ ខែធ្នូដដែលលោក ហ៊ុន ម៉ាណែតក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកង្វៀន ហ្វ៊ូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម និងជួបជាមួយ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងនៅថ្ងៃទី ១១ ខែធ្នូ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមនេះមិនត្រឹមតែជួបបណ្តាមេដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយបណ្តាអ្នកវិនិយោគរបស់វៀតណាមផងដែរ។
លោកបញ្ជាក់ថា៖ «ក្រៅពីជំនួបសម្តែងការគួរសមជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួន របស់សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចធិបតី ក៏នឹងឡើងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិនាទីក្រុងហាណូយផងដែរ»។
លោក មាស សុភ័ណ្ឌ បន្តទៀតថា ក្នុងនោះដែរឯកសារកិច្ចសហប្រតិបត្តិការជាច្រើនក៏នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរដែលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា គឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ និងពង្រឹងកិច្ចសហប្រតិបត្តិការនានាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ លោក ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីវៀតណាមនឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិនិងកិច្ចការព្រំដែន ជាដើម។
ក្រសួងការបរទេសកម្ពុជា បានរំលេចថា ៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះនឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែងឈរលើស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំង ២»។
លោក គិន ភា ប្រធានទំនាក់ទំនងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចទៅប្រទេសវៀតណាមរបស់លោក ហ៊ុន ម៉ាណែតគឺជាទម្លាប់ធម្មតារបស់មេដឹកនាំថ្មីរបស់ប្រទេស ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងបណ្តាប្រទេសជាមិត្ត ហើយថ្មីៗនេះក៏មានលោកនាយករដ្ឋមន្ត្រីថៃមកទស្សនកិច្ចនៅកម្ពុជាផងដែរ។
លោកថា៖ «ការពង្រឹងទំនាក់ទំនងល្អរវាង ប្រទេសជិតខាងគឺជារឿងល្អបំផុត ឱ្យតែទំនាក់ទំនងនោះឈរលើគោលការណ៍គោរពអធិបតេយ្យគ្នា ឯករាជ្យ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនេះជារឿងល្អណាស់ក្នុងទំនាក់ទំនងអន្តរជាតិ»។
លោក គិន ភាបន្ថែមថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងជាមួយគ្នាតាំងតែពីអតីតកាល ហើយបច្ចុប្បន្ននេះទំនាក់ទំនងរវាងប្រទេសទាំង ២ ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងនោះដែរទំហំពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំង ២ ក៏មានទំហំធំផងដែរ។ ការទៅទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងផ្តល់ជាផ្លែផ្កាច្រើនទាំងវិស័យសេដ្ឋកិច្ច និងទំនាក់ទំនង។
លោកបញ្ជាក់ថា៖ «ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ក៏មានជាប់ស្នាមរបួសដំបៅប្រវត្តិសាស្ត្រ ដែលនៅតែស្ថិតនៅក្នុងក្រសែភ្នែករបស់ពលរដ្ឋកម្ពុជាផងដែរ។ ដូច្នេះមេដឹកនាំប្រទេសទាំង ២ គួរតែធ្វើយ៉ាងណាព្យាបាលដំបៅប្រវត្តិសាស្ត្រនេះឡើងវិញ»។
លោក គិន ភា បានលើកឡើងថា កម្ពុជានិងវៀតណាម ត្រូវដោះស្រាយបញ្ហាធំមួយចំនួនដូចជា ការបោះបង្គោលព្រំដែន ដោយឈរលើគោលការណ៍ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ច្បាប់ អន្តរជាតិ មរតកប្រវត្តិសាស្ត្រ ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ដោយតម្លាភាព គោរពច្បាប់ផ្ទៃក្នុងកម្ពុជា សន្ធិសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងរវាងប្រទេសនិងប្រទេស និងជាពិសេសនោះគឺការគិតគូរឡើងវិញនូវ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច រវាងគ្នានិងគ្នាឡើងវិញ ពីព្រោះបញ្ហាទាំងអស់នេះតែងតែត្រូវបានលើកឡើងជានិច្ចក្នុងមួយរយៈចុងក្រោយនេះ៕
វង្ស ដារាវ៉ាឌី