ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ចេញទិសដៅការងារសំខាន់ៗដែលត្រូវពុះពារអនុវត្តតាមរយៈការពិនិត្យលើបញ្ហាប្រឈមនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស ទាំងកត្តាខាងក្នុង និងក្រៅ តួយ៉ាងការពង្រឹងខឿនការពារជាតិ ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងការបន្តជំរុញកំណែទម្រង់ស៊ីជម្រៅផងដែរ។
ការដាក់ចេញទិសដៅការងារសំខាន់ៗរបស់គណបក្សប្រជាជនទាំងនេះតាមរយៈសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញកាលពីថ្ងៃទី ៩ និង ១០ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, អនុប្រធានគណបក្ស ព្រមទាំងសមាជិកសមាជិកាសរុបប្រមាណជា ៣ ៦០០ នាក់។
សេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញបានលើកឡើងពីបញ្ហាប្រឈមនិងចំណុចខ្វះខាតមួយចំនួនដើម្បីកែសម្រួលជំរុញដល់ដំណើរការអភិវឌ្ឍន៍ប្រទេស និងបានដាក់ចេញទិសដៅពង្រឹងខឿនការពារជាតិថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ លុបបំបាត់នយោបាយជ្រុលនិយមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។
ទន្ទឹមនឹងនេះ មហាសន្និបាតក៏បានដាក់ទិសដៅការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារអង្គព្រះមហាក្សត្រមិនឱ្យជនណាមកបំពាន ក៏ដូចជាបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ ហើយចូលរួមសកម្មភាពបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤។
អង្គមហាសន្និបាតបានសម្រេចថា៖ «បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាពដើម្បីធានាអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
ក្នុងផ្នែកសង្គមកិច្ច មហាសន្និបាតបក្សបានបន្តជំរុញអភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាពហិរញ្ញវត្ថុ តាមស្មារតី «មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់» សំដៅធានាសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រជាជន។
ជាមួយគ្នានោះដែរ គណបក្សប្រជាជនក៏បានសម្រេចបន្តជំហរជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ គោរពគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានដើម្បីការពារផលប្រយោជន៍ជាតិ និងបង្កើនសកម្មភាពអន្តរជាតិ និងតំបន់ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាព។
ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់បណ្តារដ្ឋ និងភាគីពាក់ព័ន្ធជម្លោះនានា ដោះស្រាយបញ្ហាដោយសន្តិវិធីតាមការចរចាផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី ១០ ខែធ្នូថា ការងារចំពោះមុខសំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា គឺរក្សាឱ្យបានសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសុវត្ថិភាពសង្គមសម្រាប់ប្រជាជន។
លោកបានថ្លែងថា៖ «យើងនឹងព្យាយាមរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ ស្ថិរភាពរូបិយវត្ថុជាតិ ទោះបីមានសភាពការណ៍ខាងក្រៅជះឥទ្ធិពលដល់កម្ពុជាក៏យើងខិតខំការពារតម្លៃប្រាក់រៀលរបស់យើង អតិផរណាយើងមិនមានអ្វីគួរឱ្យកត់សម្គាល់ទេ។ យើងខិតខំរក្សាការពារសមិទ្ធផលទាំងឡាយ និងពង្រីកសមិទ្ធផលទាំងនោះឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រដ្ឋាភិបាល»។
ចំពោះបញ្ហាផ្ទៃក្នុងបក្សវិញ លោក សុខ ឥសាន បានអះអាងថា មិនមានការបែកបាក់ដូចការលើកឡើងពីក្រុមមួយចំនួនទេ។ លោកថា៖«សម្តេចប្រធាន លោកបានរំលេច និងកត់សម្គាល់ឃើញថា គ្មានគណបក្សណាឬមជ្ឈដ្ឋានកម្លាំងខាងក្រៅណាអាចបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនបានទេ»។
លោកបានបន្តថា៖ «តាំងពីការបង្កើតគណបក្សរហូតមកដល់ពេលនេះ មជ្ឈដ្ឋានក្រុមប្រឆាំងតែងប្រើឧបាយកលគ្រប់បែបយ៉ាង គ្រប់រូបភាពដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែរហូតមកដល់ពេលនេះយើងឃើញទាំងអស់គ្នាហើយ គណបក្សប្រជាជនកាន់តែមានសក្តានុពល ហើយរឹងមាំថែមទៀត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបន្ថែមថា ពីមុនគណបក្សនេះមានសមាជិកសមាជិកាត្រឹមតែជាង ៣ លាននាក់នោះទេ ប៉ុន្តែមកទល់ពេលនេះមានរហូតដល់ជាង ៧ លាននាក់ដែលនេះឆ្លុះបញ្ចាំងពីការរីកចម្រើន ។
ពាក់ព័ន្ធនឹងការដាក់ទិសដៅនេះ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ទិសដៅការងារគណបក្សប្រជាជនកម្ពុជា គឺស្របនឹងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧ ដោយលោកជឿថា នឹងជះផលល្អដល់ដំណើរការអភិវឌ្ឍន៍សង្គម។
លោកបានបន្តថា៖ «ទិសដៅទាំងនេះ បើគណបក្សប្រជាជនកម្ពុជានិយាយដោយឡែក រដ្ឋាភិបាលនិយាយជារួម អាចសម្រេចបាននោះ សង្គមជាតិនឹងមានការអភិវឌ្ឍ មានសុខសន្តិភាព សណ្តាប់ធ្នាប់ សុខុដុមនីយកម្ម និងបរិយាបន្ន ដែលត្រូវការឆន្ទៈនយោបាយក្នុងការអនុវត្ត»។
ជាមួយគ្នានេះលោក យង់ ពៅ ក៏បានស្នើឱ្យគណបក្សកាន់អំណាចគិតគូរលើកំណែទម្រង់វិស័យអប់រំ ដោយសារដំណើរការអភិវឌ្ឍន៍ប្រទេសត្រូវការមូលធនមនុស្សជាចាំបាច់ដែលត្រូវកើតពីវិស័យអប់រំរឹងមាំ និងច្បាស់លាស់ហើយបញ្ហាប្រឈមមួយទៀតគឺការប្រយុទ្ធនឹងបញ្ហាគ្រឿងញៀននៅទូទាំងប្រទេសដែលកំពុងបំផ្លាញធនធានមនុស្សរបស់ជាតិ៕