ភ្នំពេញៈ លោក ញឹក រតនពេជ្រ ប្រធានមជ្ឈមណ្ឌលសួនសត្វភ្នំតាម៉ៅ ថ្លែងថា ការឈូសឆាយលើផ្លូវចាស់ដែលមានព្រៃដុះជិត មានប្រវែងជាង ១ គីឡូម៉ែត្រ នៅក្នុងភូមិពូនភ្នំ ឃុំកណ្តឹង ស្រុកបាទី នៃតំបន់ព្រៃអភិរក្សភ្នំតាម៉ៅ គឺជាការឈូសឆាយធ្វើផ្លូវការពារភ្លើងឆេះព្រៃ ព្រមទាំងសម្អាតផ្លូវនោះឱ្យបានស្អាតឡើងវិញ ដើម្បីប្រជាពលរដ្ឋអាចឆ្លងកាត់បាន។
ការថ្លែងនេះធ្វើឡើងក្រោយមានប្រព័ន្ធផ្សព្វផ្សាយពីក្រៅប្រទេស ១ ដែលបានដកស្រង់សម្តីមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចោទថា ការឈូសឆាយនេះគឺជាការបំផ្លាញព្រៃឈើ និងបំពានដែនអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «ផ្លូវហ្នឹងវាមានស្រេចហើយហ្នឹង មានទៅប៉ះពាល់អី បើថាឈូសកន្លែងណាថ្មីទៅវាខូចដើមឈើទៅថាប៉ះដើមឈើ តែនេះការឈូសលើផ្លូវចាស់។ ធ្វើផ្លូវភ្លើងការពារសត្វបែរជាទៅជាប៉ះពាល់វិញអាហ្នឹងខ្ញុំមិនដឹងថាអ្នកថាហ្នឹងគាត់មានបច្ចេកទេសកន្លែងណាទេ ពីព្រោះកាលណាយើងគ្រប់គ្រងព្រៃកន្លែងណាមួយត្រូវមានផ្លូវភ្លើង សូម្បីផ្ទះយើងក៏មានរបងដែរ កន្លែងនេះព្រៃប៉ុនណាណី អត់មានផ្លូវភ្លើងការពារម៉េចកើត»។
ប្រភពដដែលបានឱ្យដឹងថា ការឈូសឆាយនេះគឺដើម្បីការពារភ្លើងឆេះព្រៃចូលក្នុងសួនសត្វភ្នំតាម៉ៅ ដែលបច្ចប្បន្នសួនកំពុងត្រូវបានធ្វើរបងការពារព័ទ្ធជុំវិញ ហេតុនេះលោកមានការព្រួយបារម្ភថា ប្រសិនបើមានភ្លើងឆេះរាលដាលចូលដល់ក្នុងតំបន់ព្រៃនៃសួនសត្វអាចប៉ះពាល់អន្តរាយដល់សត្វនៅក្នុងនោះ។
លោកថ្លែងថា៖ «សួនរបស់យើងកំពុងតែធ្វើរបងព័ទ្ធជុំវិញអស់ហើយ អ៊ីចឹងយើងមានការព្រួយបារម្ភនៅពេលដែលយើងសង់របងព័ទ្ធហើយ សត្វយើងនៅក្នុងហ្នឹង កាលណាបើយើងគ្មានផ្លូវភ្លើងការពារទេ ខ្លាចរាលដាលពីដីជាប់ខាងរបស់យើងហ្នឹងនាំឱ្យឆេះ អ៊ីចឹងសត្វរបស់យើងគ្មានកន្លែងរត់ទេ គឺមានតែងាប់ ១ មុខគត់»។
លោកបញ្ជាក់ថា ផ្លូវភ្លើងដែលបានឈូសឆាយរួចបានស្អាតហើយមានប្រវែងជាង ២០ គីឡូម៉ែត្រ ហើយការឈូសឆាយបន្ថែម ១ គីឡូ និង ៣០ ម៉ែត្រ នេះគឺជាការឈូសឆាយបន្តបន្ថែមលើផ្លូវចាស់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្រោយធ្វើរបងព័ទ្ធជុំវិញ។
បើតាមលោក ញឹក រតនពេជ្រ ជារៀងរាល់ឆ្នាំតែងមានករណីភ្លើងឆេះព្រៃអស់រាប់សិបហិកតា ដែលពេលឆេះម្តងៗត្រូវបានអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ រួមទាំងបុគ្គលិកនៅសួនសត្វទាំងអស់រួមកម្លាំងគ្នាពន្លត់។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ផ្លូវដែលមន្ត្រី-ជំនាញបានធ្វើការឈូសឆាយនេះ ស្ថិតនៅលើព្រំប្រទល់រវាងឧទ្យានអភិរក្សភ្នំតាម៉ៅ និងដីឯកជន មិនមែនស្ថិតនៅក្នុងដីអភិរក្សទេ។ មួយវិញទៀតការឈូសឆាយនេះដើម្បីការពារភ្លើងឆេះព្រៃ ដែលធ្លាប់កើតមានជារៀងរាល់ឆ្នាំ។
ការឈូស ឆាយនេះទៀតសោតមិនត្រឹមតែបង្ការភ្លើងឆេះព្រៃនោះទេ គឺថែមទាំងផ្តល់នូវមធ្យោបាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះមានផ្លូវធ្វើដំណើរសមរម្យ និងងាយស្រួល។
កញ្ញាបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានមួយនៅក្រៅប្រទេស ដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម និងឧទ្យានជាតិភ្នំតាម៉ៅ ថា ការឈូសឆាយនេះធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍនៅក្នុងគម្រោងណាមួយដែលរំលោភបំពាន បំផ្លាញធនធានធម្មជាតិនោះគឺជាការប្រឌិតឡើងទាំងស្រុង។
ជាមួយនឹងការច្រានចោលការលើកឡើងរបស់មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អ្នកនាំពាក្យក្រសួងកសិកម្ម បន្ថែមថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្លាប់បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ២ លើករួចមកហើយក្នុងរយៈពេល ១ ខែចុងក្រោយនេះ។ ក្នុងរយៈពេល ២ លើកនោះអង្គការនេះ តែងបង្ហាញពីចេតនាសហការ និងគាំទ្រនូវរាល់សកម្មភាពរបស់ក្រសួង ក្នុងការការពារធនធានធម្មជាតិ និងការពារសត្វព្រៃដែលមន្ត្រីជំនាញកំពុងធ្វើក្នុងឧទ្យានជាតិភ្នំតាម៉ៅ ។
កញ្ញាថ្លែងថា៖ «ប៉ុន្តែនៅពេលចេញពីកិច្ចប្រជុំ អ្វីដែលគាត់ធ្វើ អ្វីដែលគាត់ផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន គឺមានខ្លឹមសារប្រាសចាកពីអ្វីដែលជជែកគ្នានៅលើតុប្រជុំជាមួយឯកឧត្តមរដ្ឋមន្ត្រី អ៊ីចឹងយើងចោទសួរថា អ្វីទៅជារបៀបវារៈនៅពីក្រោយទង្វើ និងសម្តីដែល Wildlife Alliance កំពុងតែបង្កឡើង ហេតុអ្វី Wildlife Alliance និយាយផ្សេងនៅក្នុងអង្គប្រជុំ ហើយធ្វើផ្សេងនៅពេលចាកចេញពីអង្គប្រជុំ»។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយពីក្រៅប្រទេសនោះ ដោយអង្គការបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយនោះបានកាត់តសម្ដីមន្ត្រីរបស់ខ្លួន។
លោក ឌុច ម៉ូល អាយុ ៧១ ឆ្នាំ ជាប្រជាពលរដ្ឋនៅក្បែរតំបន់សួនសត្វភ្នំតាម៉ៅថ្លែងថា ការធ្វើផ្លូវភ្លើងនេះ ងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ៕