ភ្នំពេញៈ តំណាងអង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) លោក Ben Brett បានប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនដល់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនដែលជាការលើកទឹកចិត្តចំពោះសកម្មភាពដ៏ឆ្នើម។
ពិធីប្រគល់ពានរង្វាន់នេះបានធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីនដោយលោក Ben Brett បានថ្លែងក្នុងឱកាសនោះថា វាពិតជាបង្ហាញនូវកិត្តិយសណាស់ដែលលោកបានមកទីនេះ ធ្វើជាតំណាងឱ្យអង្គការស្មារតីនៃអ្នកកីឡាដើម្បីប្រគល់ពានរង្វាន់ជូនលោក លី ធុធ សម្រាប់ការដឹកនាំដ៏ឆ្នើមនិងជាជើងឯកពិតប្រាកដក្នុងសកម្មភាពមីន។
លោកបានថ្លែងថា៖«ដូចដែលយើងទាំងអស់គ្នាដឹងហើយថា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច សុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សជុំវិញពិភពលោក។ពួកវាជាឃាតករដែលបានធ្វើបាបនិងសម្លាប់ជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារជាច្រើននាក់ដោយមិនរើសអើង»។
លោកBen Brett បានបន្តថា តាមរយៈការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោក លី ធុជ បានធ្វើឱ្យប្រតិបត្តិករអាចលុបបំបាត់ការគំរាមកំហែងដោយគ្រឿងផ្ទុះទាំងនេះពីសហគមន៍ទូទាំងប្រទេសកម្ពុជាដោយបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងការកសាងសហគមន៍របស់ពួកគេឡើងវិញប្រកបដោយសុវត្ថិភាព និងសន្តិសុខ។
លោកមានប្រសាសន៍ថា៖«ក្រៅពីការងារក្នុងសកម្មភាពមីន ឯកឧត្តមបណ្ឌិត លី ធុជ ក៏ជាអ្នកគាំទ្រ១រូបរបស់អង្គការ Spirit of Soccer ក្នុងកម្មវិធីអប់រំកុមារពីគ្រោះថ្នាក់នៃគ្រាប់មីន។ ការប្តេជ្ញាចិត្តរបស់ឯកឧត្តមបណ្ឌិតចំពោះសកម្មភាពមីននិងការគាំទ្រអង្គការSOS គឺជាសក្ខីភាពបញ្ជាក់ពីចរិតលក្ខណៈ និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យពិភពលោកកាន់តែល្អប្រសើរឡើង»។
ក្នុងពេលទទួលពានរង្វាន់នោះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងដែរថា ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូនេះមិនមែនសម្រាប់តែរូបលោក និងស្ថាប័នអាជ្ញាធរមីនប៉ុណ្ណោះទេ តែវាគឺជាពានរង្វាន់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច និងការទទួលបានសមិទ្ធផលរួមគ្នារបស់រដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ សប្បុរសជន គ្រប់ភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌដល់សកម្មភាពមីននៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«ពានរង្វាន់នេះគឺជារង្វាន់កើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងការអភិវឌ្ឍ ហើយជាងនេះទៅទៀត វាកើតចេញពីការតាំងចិត្តយ៉ាងមោះមុតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការបន្តការការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិនិងដឹកនាំឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន»។
បើតាមលោក លី ធុជ ចាប់តាំងពីឆ្នាំ១៩៩៦ អង្គការSOS បាននិងកំពុងផ្តល់ការអប់រំពីហានិភ័យនៃកិច្ចសង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមឬក្រោយសង្គ្រាមនៅក្នុងប្រទេសជាង១០ ជុំវិញពិភពលោក ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង១លាននាក់និងបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២ ០០០នាក់។
អង្គការSOSបានចាប់ផ្តើមបំពេញការងាររបស់ខ្លួននៅប្រទេសកម្ពុជាក្នុងកម្មវិធីបាល់ទាត់និងអប់រំការយល់ដឹងអំពីមីនចាប់តាំងពីឆ្នាំ២០០៦ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន១៦៧នាក់ក្នុងកម្រិតទទួលស្គាល់ជាអន្តរជាតិនិងបានជួយសង្គ្រោះជីវិតកុមារជាង ៥០០ ០០០នាក់ រួមទាំងសហគមន៍រងផលប៉ះពាល់ផងដែរ៕