ភ្នំពេញៈសភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ដើម្បីជំរុញនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងសហគមន៍ធុរកិច្ចប្រទេសទាំង២ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ដូចជាពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខាសាលាជាដើម។
ការចុះហត្ថលេខានេះបានធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើរលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម នេះ បានឱ្យដឹងបន្ថែមថាតាមរយៈអនុស្សរណៈយោគយល់គ្នានេះសភាពាណិជ្ជកម្មទាំង២នឹងជួបពិភាក្សាគ្នាជាទៀងទាត់ ផ្លាស់ប្តូរព័ត៌មាននិងទស្សនៈអំពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
លោកបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងពេលកន្លងទៅនិងដំណើរទស្សនកិច្ចលើកនេះភាគីទាំង២ បានប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់ធំថែមទៀត ដែលជំនួបនាពេលនេះរដ្ឋាភិបាលទាំង២ បានប្តេជ្ញាបង្កើនការនាំចេញ-នាំចូលរវាងប្រទេសទាំង២ ឱ្យកើនដល់ជិត ២០ ពាន់លានដុល្លារ។
លោក លឹម ហេង បានបញ្ជាក់ថា៖«យើងរំពឹងថា កំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាមនឹងមានភាពល្អប្រសើរ ព្រោះថាទីផ្សារវៀតណាមគឺជាទីផ្សារមួយដែលមិនអាចផ្លាស់បានសម្រាប់ផលិតផលកសិកម្មរបស់យើង ដែលភាគច្រើនយើងដឹងហើយគឺដោយសារយើងកែច្នៃអត់ទាន់។ដូច្នេះកិច្ចព្រមព្រៀងនេះនឹងជំរុញការទាក់ទាញវិនិយោគិនវៀតណាមមកកែច្នៃក្នុងប្រទេសកម្ពុជាដើម្បីនាំចេញដែរ»។
«មិនត្រឹមតែប៉ុណ្ណោះទេថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលទាំង២ ក៏បានជំរុញឱ្យមានការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ជាពិសេសការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតសួនឧស្សាហកម្មរួម ការជំរុញផ្នែកទេសចរណ៍និងការតភ្ជាប់ផ្លូវហាយវេផងដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក លឹមហេង។
លោកបានឱ្យដឹងទៀតថា ភាគីទាំង២ ក៏ជំរុញការហោះហើរត្រង់រវាងវៀតណាមមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងហោះហើរត្រង់មកកាន់ភ្នំពេញជាបន្តបន្ទាប់ទៀតដែលទាំងអស់នេះ ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងទាំងខាងរដ្ឋនិងវិស័យឯកជន។
ជាមួយគ្នានេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ ក្នុងថ្ងៃដដែលនោះ លោកតាវ ឌុចថាង (Tao DucThang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Metfone បានលើកឡើងដែរថា ការវិនិយោគរបស់ក្រុមហ៊ុននៅវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបានថ្លែងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងសម្របសម្រួលបង្កលក្ខណៈដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនវៀតណាម ដទៃទៀតនៅកម្ពុជា។
ចំពោះការលើកឡើងនេះ ដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគបន្ថែមទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម បានឯកភាពគ្នាដាក់ចេញទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានទឹកប្រាក់ ២០ ពាន់លានដុល្លារ នៅពេលដ៏ខ្លីខាងមុខ។ការជំរុញទំហំពាណិជ្ជកម្មនេះស្របពេលការនាំចេញ-នាំចូលរវាងប្រទេសទាំង២ បានរីកធំឡើងទ្វេដងបើធៀបឆ្នាំ២០២០ ជាមួយឆ្នាំ២០២២ កន្លងទៅ។
លោក ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖«ជាមួយនឹងទំនាក់ទំនងនយោបាយរវាងភាគីទាំង២យើងនឹងបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យរាល់កិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់គ្នានិងទិសដៅដែលបានដាក់បន្ថែមទៀតដើម្បីជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិបុលភាពសម្រាប់ប្រទេសជាតិយើងទាំង២»។
លោកបានបន្តថា៖«កម្ពុជានិងវៀតណាម មិនត្រឹមតែបានសម្រេចគោលដៅពាណិជ្ជកម្ម ៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ប៉ុណ្ណោះទេ តែនិន្នាការនេះថែមទាំងបានកើនឡើង២ ដងឈានដល់ជិត ១១ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២។ ខ្ញុំនិងឯកឧត្តម ផាម មិញជិញ បានដាក់គោលដៅពាណិជ្ជកម្មទ្វេភាគីឈានដល់សម្រេចបាន ២០ ប៊ីលានដុល្លារ ក្នុងរយៈពេលខ្លីខាងមុខ»។
ដើម្បីជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលគ្រោងនឹងរៀបចំជំនួបពាណិជ្ជកម្មស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ពោលគឺក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលលើកទី១៦ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា ជំនួបពាណិជ្ជកម្មនេះរៀបចំឡើងដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេសក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្ដរជាតិ វិនិយោគ និងសេដ្ឋកិច្ច។
លោកបានប្រាប់ថា៖«ដូចដែលសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ហើយថា ជំនួបពាណិជ្ជកម្មនេះអមជាមួយការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរក្នុងវិស័យផ្សេងៗ រួមមាន ម្ហូបអាហារ និងភេសជ្ជៈ សិប្បកម្មធ្វើដោយដៃនិងផលិតផលកសិឧស្សាហកម្ម ជាពិសេសផលិតផលអង្ករ ស្វាយចន្ទី ចេកអំបូងលឿង មៀនប៉ៃលិន និងម្រេចនៅក្នុងពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលនឹងទាក់ទាញអ្នកវិនិយោគិន ធុរជន និងភ្ញៀវទេសចរមកកាន់កម្ពុជា»។
លោក ប៉ែន សុវិជាតិ បានបន្ថែមថាវៀតណាមជាទីផ្សារតំបន់និងមានភាពអំណោយផលសម្រាប់កម្ពុជាដោយសារតែស្ថានភាពភូមិសាស្ត្របានជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមកើនឡើងជាបន្តបន្ទាប់ខណៈជំនួបពាណិជ្ជកម្មនាពេលខាងមុខក៏លើកឡើងពីការជំរុញទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសជិតខាងផងដែរ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មកម្ពុជាមានតម្លៃទឹកប្រាក់សរុប ៥៨៧៧ លាដុល្លារ កើនឡើង ៦,៦ ភាគរយ។ នៅក្នុងនោះផលិតផលដែលវៀតណាមនាំចូលកម្ពុជាមានដូចជា ដែក ប្រេងសាំងផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដូចជាត្រីសាច់ និងបន្លែផ្លែឈើព្រមជាមួយនឹងសម្ភារប្រើប្រាស់ផ្សេងៗ ខណៈផលិតផលដែលកម្ពុជា នាំចេញទៅវៀតណាមជាវត្ថុធាតុដើមកសិកម្មដែលមានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ ជាដើម៕