ភ្នំពេញៈ ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ កំពុងរួមគ្នាជំរុញការលុបបំបាត់អំពើហិង្សាលើផ្លូវភេទ និងយេនឌ័រ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការផ្តល់សេវាថែទាំទាក់ទងនឹងអំពើហិង្សាលើផ្លូវភេទ និងយេនឌ័រ (SGBV) និងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារផងដែរ។
នៅក្នុងសិក្ខាសាលា ស្ដីពីការចូលរួមពង្រឹងការលុបបំបាត់អំពើហិង្សាលើផ្លូវភេទ និងយេនឌ័រ(SGBV)និងការផ្តល់សេវាថែទាំស្ត្រីរងគ្រោះដោយសារអំពើហិង្សានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់) បានថ្លែងថា កន្លងមកអង្គការរ៉ាក់ បានធ្វើការផ្តោតសំខាន់លើការពង្រឹងគុណភាពការផ្តល់សេវា សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ការលុបបំបាត់អំពើហិង្សាលើផ្លូវភេទ និងយេនឌ័រ តាមរយៈការលើកកម្ពស់យេនឌ័រ ការអប់រំ និងពង្រឹងការផ្តល់សេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសេវាថែទាំជនរងគ្រោះដោយអំពើហិង្សា។
លោកបានបន្ថែមថា សិក្ខាសាលានេះរៀបចំក្នុងគោលបំណងបង្ហាញពីការប្ដេជ្ញាចិត្តលុបបំបាត់ឱ្យអស់(សូន្យ) នូវអំពើហិង្សាលើយេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្ត្រី និងក្មេងស្រីនៅត្រឹមឆ្នាំ២០៣០ និងកៀរគរការប្តេជ្ញាចិត្តការចូលរួមSGBVក្នុងចំណោមអ្នកផ្តល់សេវាទាំងអស់រួមមានថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូពាក់ព័ន្ធផ្សេងៗទៀត។
លោកលោក វ៉ា ជីវ័នបានបញ្ជាក់ថា៖«លទ្ធផលនៃកិច្ចអន្តរាគមន៍ទាំងអស់ គឺដើម្បីចូលរួមចំណែកក្នុងការពង្រឹងSGBVនិងលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ ឆ្លើយតបការប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវសូចនាករបីសូន្យ (3Zeros) នៃការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីអំពីប្រជាជន និងអភិវឌ្ឍន៍ (ICPD-PoA) នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា»។
លោកបានបន្តថា នៅឆ្នាំ២០២៣នេះអង្គការរ៉ាក់បានបន្តអនុវត្តផែនការក្នុងការអប់រំ ផ្ដល់ព័ត៌មាន និងពង្រឹងសេវាថែទាំដល់ជនរងគ្រោះ ដោយអំពើហិង្សាលើផ្លូវភេទ និងយេនឌ័រ ដែលកិច្ចការទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចអន្តរាគមន៍នៃគ្រប់គម្រោងទាំងអស់របស់អង្គការរ៉ាក់ ដើម្បីធានាបានថា ការអន្តរាគមន៍ទាក់ទងនឹងការផ្ដល់សេវាថែទាំការអប់រំ និងការផ្ដល់ព័ត៌មានពីSGBVត្រូវបានអនុវត្តតាមផែនការប្រកបដោយគុណភាព ដល់ប្រជាជន កម្ពុជាពិសេសស្ត្រី ក្មេងស្រី ក្រុមយុវវ័យ ក្រុមនិន្នាការភេទចម្រុះ និងក្រុមប្រឈមខ្ពស់ជាដើម។
លោកស្រី ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងថា អំពើហិង្សាលើស្ត្រីនិងក្មេងស្រី គឺជាទម្រង់ដ៏អាក្រក់មួយនៃការរំលោភបំពានសិទ្ធិមនុស្ស ហើយអាចបង្កឱ្យមានគ្រោះថ្នាក់ភ្លាមៗដល់អាយុជីវិតរបស់ស្ត្រីនិងក្មេងស្រីរងគ្រោះក៏ដូចជាបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងផ្នែក រាងកាយ ប្រាជ្ញា ស្មារតី សុខភាពផ្លូវចិត្ត ផ្លូវភេទ និងសុខភាពបន្តពូជរបស់ស្ត្រីរងគ្រោះ និងកូនៗ។
លោកស្រីបានបន្ថែមថា ផ្អែកលើការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្មេងប្រុសនិងក្មេងស្រី ដែលធ្លាប់ឃើញឪពុកឬម្តាយប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ នឹងអាចធ្លាក់ចូលក្នុងវដ្តនៃអំពើហិង្សាបន្តទៀតនៅពេលដែលពួកគេធំពេញវ័យ ដោយក្មេងប្រុសមានទំនោរប្រើប្រាស់អំពើហិង្សាទៅលើដៃគូ រីឯក្មេងស្រីមានទំនោរក្លាយជាជនរងគ្រោះ។
លោកស្រីបានបញ្ជាក់ថា៖«ផលវិបាកទាំងនេះ អាចបញ្ជាក់ច្បាស់ថា អំពើហិង្សាលើស្ត្រីបានដាក់បន្ទុកផ្នែកសេដ្ឋកិច្ចនិងសង្គមយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដែលនាំឱ្យខាតបង់ថវិកាគិតជាទឹកប្រាក់រាប់សិបលានដុល្លារសម្រាប់ការចំណាយលើសេវាថែទាំសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះនិងកូនៗ សេវាសង្គមកិច្ច ដើម្បីស្ដារនីតិសម្បទាស្ត្រីរងគ្រោះ សេវាច្បាប់ និងសេវាចាំបាច់ផ្សេងៗទៀត ដើម្បីគាំទ្រជនរងគ្រោះ»។
សូមជម្រាបថា ក្រសួងកិច្ចការនារីបានរៀបចំគោលការណ៍ណែនាំ បទដ្ឋានអប្បបរមាពាក់ព័ន្ធនឹងការឆ្លើយតបសេវាជួយជនរងគ្រោះក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ កន្លែងផ្តល់សេវាចម្រុះជួយជនរងគ្រោះ ជំនួយសេវាទូរស័ព្ទ កម្មវិធីGBV-Safe App,Chat-bot, GBV Digital Data Collection និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ដល់អ្នកផ្តល់សេវាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយបរិយាបន្ន។
សូមរំឭកដែរថា នាយិកាយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី ដេបូរ៉ា ខូមីនី (Debora Comini) បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា នាឱកាសបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ បានលើកឡើងថា លោកស្រី ដេបូរ៉ា ខូមីនី បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ កាលពីថ្ងៃទី៨ ខែធ្នូ ដើម្បីលើកកម្ពស់សិទ្ធិកុមារ និងសង្កេតមើលការងាររបស់យូនីសេហ្វប្រចាំកម្ពុជា ក្នុងការគាំទ្រប្រព័ន្ធកិច្ចការពារកុមារ និងការថែទាំកុមារ និងយុវជនងាយរងគ្រោះបំផុត៕