ភ្នំពេញៈ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គមនៃធនាគារពិភពលោក (WB) បានធ្វើការចែករំលែកបទពិសោធន៍ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំដល់មន្រ្តី និងថ្នាក់ដឹកនាំនៅក្នុងវិស័យសុខាភិបាលកម្ពុជា សំដៅបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាលបន្ថែមទៀត។
យោងតាមហ្វេសប៊ុកក្រសួងសុខាភិបាលបានឱ្យដឹងថា ការចែករំលែកភាពជាអ្នកដឹកនាំដល់មន្រ្តីសុខាភិបាលកម្ពុជានេះបានធ្វើឡើងកាលថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ ដោយលោកMichael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គមនៃធនាគារពិភពលោកនិងជាសាស្រ្តាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យហាវើដនិងលោកស្រីMargaret Allisonទីប្រឹក្សារបស់ធនាគារពិភពលោកនិងជាអតីតប្រធានទីភ្នាក់ងារមុខងារសាធារណៈនៃរដ្ឋឃ្វីនលែនប្រទេសអូស្រ្តាលីដែលជាអ្នកជំនាញជាន់ខ្ពស់។
ជាមួយគ្នានេះ លោក Michael Woolcock ក៏បង្ហាញពីរបៀបនៃការដោះស្រាយបញ្ហាដោយផ្អែកលើការបំបែកជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្តែងនៅនឹងកន្លែងនិងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ផ្តល់សិទ្ធអំណាចនិងគាំទ្រពីថ្នាក់ដឹកនាំ ការស្រុះស្រួលគ្នាព្រមទទួលយកវិធីនៃការអនុវត្តនិងលទ្ធភាពគាំទ្រដំណើរការដើម្បីផ្លាស់ប្តូរដែលធ្វើឱ្យដំណើរនៃអង្គភាពក្នុងវិស័យសុខាភិបាលមានការអភិវឌ្ឍទៅមុខជានិច្ច។
នៅក្នុងឱកាសនោះដែរ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះអ្នកជំនាញដែលបានចំណាយពេលវេលាក្នុងការចែករំលែកបទពិសោធន៍ល្អៗទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។
បទបង្ហាញនេះក៏បានឆ្លើយតបទៅនឹងស្ថានភាពតម្រូវការជាក់ស្តែងក្នុងនាមអ្នកដឹកនាំត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយត្រូវធ្វើការបែងចែកទៅតាមពេលវេលានិងកាលៈទេសៈ។
លោកបានថ្លែងថា៖«ការធ្វើបទបង្ហាញភាពជាអ្នកដឹកនាំនិងនវានុវត្តន៍របស់អ្នកជំនាញខាងធនាគារពិភពលោក ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍ភាពជាអ្នកដឹកនាំដោយត្រូវចេះបត់បែនធ្វើយ៉ាងណាឱ្យការអភិវឌ្ឍស្ថាប័នសុខាភិបាលមានភាពផ្លាស់ប្តូររីកចម្រើនជានិរន្តរ៍»។
ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងងថាការទទួលបានបទបង្ហាញ និងការបណ្តុះបណ្តាលពីអ្នកជំនាញអន្តរជាតិនានា គឺមានសារៈសំខាន់ណាស់ ព្រោះប្រៀបបានដូចជាការសំលៀងផ្នត់គំនិតនិងពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីសុខាភិបាលនៅថ្នាក់មូលដ្ឋានអាចធ្វើជាទុន ជាចក្ខុវិស័យសម្រាប់ជំរុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកថ្លែងថា៖«អ្នកវិទ្យាសាស្ត្រ ចាំបាច់ណាស់ត្រូវការការអប់រំ និងបណ្តុះបណ្តាលជាប្រចាំ ទាំងផ្នែកចំណេះដឹង ទាំងផ្នែកវេជ្ជសាស្ត្រ ផ្នែករដ្ឋបាល និងការដឹកនាំគ្រប់គ្រងទាំងអស់ហ្នឹងទើបដំណើរការអនុវត្តការងារបានល្អ»៕