ភ្នំពេញៈ មន្ត្រីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាបានកោតសរសើរ និងសម្តែងការសាទរចំពោះកម្មវិធីរបស់រដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) សម្រាប់គោលដៅយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ដែលវគ្គបណ្តុះបណ្តាលនោះ មានរយៈពេល ៤ ខែ ឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភវិញទៀតផង។
ការកោតសរសើររបស់មន្ត្រី ADB ដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងការងារ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈក្រសួងការងារ លោក Anthony Gill បានលើកឡើងថា៖ «សូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ»។
ជាមួយគ្នានេះដែរ លោកហេង សួរ បានលើកឡើងដែរថា នេះ ជាការគិតគូរល្អិតល្អន់របស់ប្រមុខរដ្ឋាភិបាលក្នុងការផ្តល់ជំនាញជាក់លាក់មួយ ព្រមទាំងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រហូតកើតចេញជាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ (C1) នេះ។
លោកក៏បានបង្ហាញទៅកាន់មន្ត្រី ADB បន្ថែមចំពោះកិច្ចខិតខំកន្លងមករបស់ក្រសួងការងារ ក្នុងការធានាដល់យុវជនដែលជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលជំនាញទាំងនោះ ដែលនឹងមានជំនាញជាក់លាក់មួយ ដែលប្រកបដោយប្រសិទ្ធភាព ដោយមានឱកាសចុះកម្មសិក្សាដែលជាការហាត់ការជាក់ស្តែងនៅតាមរោងចក្រសហគ្រាសផង។
រដ្ឋមន្ត្រីការងារ ក៏ឆ្លៀតថ្លែងអំណរគុណដល់ ADB ដែលកន្លងមក តែងជួយសហការ និងជំនួយជាច្រើនដល់ក្រសួងការងារ ដោយលោកក៏រំពឹងផងដែរថា ADB នឹងបន្តជួយគាំទ្រគម្រោងនានាបន្ថែមទៀត។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនេះ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាព ៦ ចំណុច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យដាក់ឱ្យអនុវត្តជាបន្ទាន់នៅចុងឆ្នាំ២០២៣នេះ។
លោកបានបញ្ជាក់ថា៖ «កម្មវិធីនេះមានសារៈសំខាន់ណាស់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដោះស្រាយបញ្ហានេះជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយមិនទុកឱ្យកូនអ្នកក្រីក្រណាម្នាក់ មិនទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយសារគ្មានលុយបង់សាលាឡើយ»។
ជាមួយគ្នានេះដែរ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ការសាទរពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាការលើកទឹកចិត្ត ក៏ដូចជាការគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនេះ។
លោកថា អ្វីដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គឺស្របនឹងតម្រូវការកម្ពុជាខ្លួនឯងផង ហើយក៏ស្របនឹងគំនិតរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចង់បានដែរ ហើយការបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន និងសង្គមខ្មែរ។
លោក ឈត ប៊ុនថង បានថ្លែងថា៖ «កម្ពុជា យើងមិនសូវមានអ្នកដែលមានជំនាញទេ គឺមានតែអ្នកដែលមានកម្លាំងភាគច្រើន ហើយខ្ញុំគិតថា ចំនួន ១,៥ លាននាក់នេះ គឺមិនទាន់គ្រប់គ្រាន់ទេ តែជាយុទ្ធសាស្ត្រជំហានដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ»។
សូមរំឭកដែរថា រដ្ឋាភិបាលអាណត្តិទី៧ ក្នុងមុខព្រួញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពផ្តោតលើមនុស្ស សម្រេចដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ក្នុងរយៈពេល ៤ ខែ ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២៨ ម៉ឺនរៀល បន្ថែមទៀតផង៕