ភ្នំពេញៈ នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ១៩ ដែលបានយាយីសង្គមជាតិអស់រយៈពេលជិត៣ឆ្នាំ។
តាមរយៈសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការអនុវត្តយ៉ាងប្តូរផ្តាច់នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលបានបង្កើតបរិយាកាសល្អប្រសើរសម្រាប់កម្ពុជាបោះជំហានទៅមុខប្រកបដោយជំនឿចិត្តដ៏មុតមាំលើមាគ៌ាកែទម្រង់និងការអភិវឌ្ឍ។
សេចក្តីសម្រេចបញ្ជាក់ទៀតថា ជាក់ស្ដែងក្នុងឆ្នាំ២០២៣ កម្ពុជា រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលបានលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែងនិងការប្រើប្រាស់ក្នុងស្រុក។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានក្នុងរង្វង់ ៥,៦ ភាគរយ ហើយនៅឆ្នាំ២០២៤ រំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលត្រូវបានគាំទ្រដោយការបន្តនិន្នាការល្អក្នុងវិស័យឧស្សាហកម្មវិស័យសេវាកម្ម និងវិស័យកសិកម្ម។
សេចក្តីសម្រេចចិត្តនោះបញ្ជាក់ទៀតថា៖«តាមរយៈនិន្នាការជាវិជ្ជមាននេះបានបង្ហាញពីលទ្ធភាពដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិលទៅរកកំណើនប្រកបដោយសក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ១៩»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី១២ ខែធ្នូថា លោកមានការយល់ស្របចំពោះការលើកឡើងរបស់មហាសន្និបាតនេះ ដោយសារតែកំណើននៃវិស័យពាណិជ្ជកម្មកម្ពុជា ជាមួយបរទេស ជាពិសេសកំណើនទំហំពាណិជ្ជកម្មជាមួយប្រទេសចិនប្រមាណជាង ៦ ភាគរយ។
លោកបានបញ្ជាក់ថា៖«យើងឃើញមានកំណើនពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង RCEP ជាពិសេសការបញ្ជាទិញពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីននិងទីម័រ ដែលផ្តោតលើវិស័យស្រូវអង្ករ។ ម៉្យាងវិញទៀត យើងទទួលបានការអនុគ្រោះ DCTS ពីប្រទេសអង់គ្លេសផងនោះ ដែលចំណុចទាំងអស់នេះសុទ្ធតែបានរួមផ្សំក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយទៀត(២០២៤)»។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៥,៤ ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥ ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ស្របពេលមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ នេះបើតាមរបាយការណ៍ចុងក្រោយស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលត្រូវបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ធនាគារពិភពលោកក៏បានព្យាករផងដែរថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៨ ភាគរយ ក្នុងឆ្នាំ២០២៤ និង ៦,១ ភាគរយក្នុងឆ្នាំ២០២៥ ជាមួយការរំពឹងទុកពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
នៅក្នុងពិធីចេញផ្សាយរបាយការណ៍នេះ នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជាលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) លើកឡើងថាដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗ ក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ។
លោកស្រីបានបន្ថែមថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងនៅឆ្នាំ២០២៣ក្នុងអត្រា៥,៤ភាគរយ តែថាកំណើននេះ កើនយឺតជាងការរំពឹងទុកដោយសារបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ។
លោកស្រី ម៉ារីយ៉ាម សាលីមបានបញ្ជាក់ថា៖ «ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាបានបន្តមានជាមួយនឹងកំណើនពិតប្រាកដដែលត្រូវបានព្យាករថានឹងកើនដល់ ៥,៤ ភាគរយនៅឆ្នាំ២០២៣ ដែលកើនខ្ពស់ជាងអត្រា ៥,២ ភាគរយនៅឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាមានការចាំបាច់ ដែលត្រូវកត់សម្គាល់ថាសកម្មភាពសេដ្ឋកិច្ចនៅឆ្នាំនេះ មានភាពយឺតយ៉ាវជាងការប៉ាន់ស្មានទុកកាលពីពេលមុន ដោយសាបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ និងការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចនៅក្រៅប្រទេស»។
យ៉ាងណាក៏ដោយ ធនាគារពិភពលោក បានបញ្ជាក់ថា កំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជា ជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ គឺការកំណែទម្រង់ ដែលក្នុងនោះរួមមានដូចជា ការកែលម្អបរិយាកាសធុរកិច្ច ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្មជាដើម៕