ព្រះវិហារៈ រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ នឹងបង្កើនសកម្មភាពការងារអភិរក្សតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរបន្ថែមទៀត ខណៈដែលកន្លងមក រដ្ឋជាសមាជិកទាំងនេះ បានផ្ដល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការអនុវត្តការងាររបស់អាជ្ញាធរជាតិព្រះវិហារ។
ការបង្កើនសកម្មភាពការងារអភិរក្សនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី Zhu Ye អគ្គនាយិការងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន និងលោក Richhpal Singh ឧបការីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន ៥ប្រទេសផងដែរ។
ក្នុងនោះរួមមាន៖ ប្រទេសបែលហ្ស៊ិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ ផ្សព្វផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។
អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា៖ «រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ ចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកន្លងមកនេះ ដែលនឹងបង្កើនការយកចិត្តទុកដាក់លើសកម្មភាពការងារអភិរក្សបន្ថែមទៀតពីសហគមន៍អន្តរជាតិលើយន្តការដែលកំពុងអនុវត្តក្នុងក្របខ័ណ្ឌអាយស៊ីស៊ី-ព្រះវិហារ»។
បើតាមប្រភពដដែល បានឱ្យដឹងទៀតថា កន្លងមករដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ បានចូលរួមចំណែកទាំងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការងារអនុវត្តកន្លងមករបស់អាជ្ញាធរជាតិព្រះវិហារ។ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៨ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៧៦៧ ០០០ ដុល្លារ សម្រាប់ការងារជួសជុលជណ្តើរបុរាណខាងជើង ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងប្រទេសឥណ្ឌា បាននិងកំពុងបំពេញការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ជាដំណាក់កាលៗ។
អាជ្ញាធរជាតិព្រះវិហារ បន្តទៀតថា ចំណែកឯប្រទេសចិនក៏បានធ្វើការសិក្សាស្រាវជ្រាវការងារជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ដែលបានចាប់ផ្តើមការងារជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍អាយស៊ីស៊ី-ព្រះវិហារនឹងរៀបចំកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ជាថ្មីម្តងទៀត ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕