ភ្នំពេញៈ តាមរយៈការធ្វើទំនើបកម្មលើបច្ចេកទេសកសិកម្មជាបន្តបន្ទាប់ដើម្បីលើកតម្កើងទិន្នផលនិងធ្វើយ៉ាងណាឱ្យមានសន្តិសុខស្បៀងចាប់តាំងពីដំណាក់កាលដំបូងក្រោយពីកម្ពុជាឈប់ធ្វើក្រុមសាមគ្គីបង្កបង្កើនផល វិស័យកសិកម្មកម្ពុជាមានការរីកចម្រើនឥតឈប់ឈររហូតទទួលបានទិន្នផលស្រូវច្រើន ធានាបាននូវសន្តិសុខស្បៀង និងថែមទាំងអាចធ្វើការនាំចេញបានទៅក្រៅប្រទេសទៀតផង។
ប៉ុន្តែយ៉ាងណាក៏ដោយ វិស័យកសិកម្មកម្ពុជា នៅតែមានបញ្ហាប្រឈមមួយចំនួនដូចជា កង្វះទីផ្សារ និងហានិភ័យនៃការធ្លាក់ថ្លៃកសិផលក្នុងរដូវប្រមូលផល កង្វះបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ដែលនាំឱ្យការដាំដុះមិនទទួលផលជាអតិបរមា កង្វះទុនវិនិយោគ និងទុនបង្វិលដើម្បីកែច្នៃផលិតផលកសិកម្ម ហានិភ័យនៃបម្រែបម្រួលអាកាសធាតុនិងបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ជាដើម។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាល បានប្រកាសដាក់ចេញនូវគោលនយោបាយអាទិភាពទី ៥ និងទី ៦ សម្រាប់វិស័យកសិកម្ម ដោយផ្តោតលើការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ព្រមទាំងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា គោលនយោបាយអាទិភាពទី៥ និងទី៦ នេះគឺសំដៅពង្រឹងបន្ថែម និងសម្រួចបន្ថែមទៅលើការជួយដល់សក្ដានុពលកសិកម្មកម្ពុជាបន្ថែមទៀត ធ្វើយ៉ាងណាឱ្យកសិករធ្វើស្រូវបានផលច្រើន។ កសិកម្មមិនសំខាន់ប៉ុន្មាន ចំពោះអ្វីដែលកសិករដាក់ដាំ ឬចិញ្ចឹមនោះទេ សំខាន់អ្វីដែលបានដាក់ដាំ ឬចិញ្ចឹមនោះ មានទីផ្សារ ហើយប្រមូលផលបានចំណូលច្រើនសម្រាប់ពួកគាត់។
លោកបញ្ជាក់ថា៖ «គាត់ដាំអីក៏ដោយ ចិញ្ចឹមអីក៏ដោយ សំខាន់មានទីផ្សារបានចំណូលឱ្យគាត់ ជីវភាពរស់នៅរបស់កសិករ គឺជាគោលដៅធំ។ នេះគឺអ្វីជាទិសដៅ នៅក្នុងការដាក់ចេញគោលនយោបាយរបស់យើង ធ្វើម៉េចឱ្យចំណូលគាត់ បានច្រើន ហើយពេលដែលចំណូលបានច្រើនគាត់ចាប់ផ្តើមធ្វើក្លាយជាកម្លាំងរួមហើយ កសិ-ឧស្សាហកម្ម និងភាពប្រកួតប្រជែងយើងនឹងទៅឯង»។
គោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រកាសដាក់ចេញនៅក្រសួងកសិកម្ម កាលពីថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២៣។
លោកឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ក្នុងគោលនយោបាយនេះចំណុចអាទិភាពដំបូងគឺការផ្តល់ហិរញ្ញប្បទានដើម្បីទ្រទ្រង់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ធ្វើយ៉ាងណាជួយរកទីផ្សារនិងពិនិត្យស្ថិរភាពថ្លៃកសិផល។
ចំណុចមួយទៀតគឺការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឃុំ សង្កាត់ ដែលក្រសួងកសិកម្ម បានកំណត់ទិសដៅឃុំ សង្កាត់ ដែលមានការងារកសិកម្មចំនួន ១ ៥៥២ ឃុំ-សង្កាត់ ដោយត្រូវជ្រើសរើសមន្ត្រីក្របខ័ណ្ឌតម្រូវទៅតាមស្ថានភាពនៃមូលដ្ឋានកសិកម្ម សរុបចំនួន ១ ៦០០ នាក់ រួមទាំងអ្នកជាប់បម្រុង។
លោករដ្ឋមន្ត្រីបញ្ជាក់ថា មូលហេតុនៃការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឃុំ ជាក់ស្តែងដោយសារការស្តាប់នូវសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ ទោះបីជាការផ្សព្វផ្សាយពីបច្ចេកទេសដាំដុះ ប្រមូលផលកសិកម្ម បានជួយដល់ប្រជាកសិករអាចដាំដុះបានផលល្អប្រសើរជាងមុន ក្រសួងកសិកម្មនៅតែត្រូវការផ្តល់បច្ចេកទេសដាំដុះឱ្យកាន់តែមុតស្រួចបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យកសិករទទួលបានប្រាក់ចំណេញច្រើនជាងមុន តាមរយៈការកាត់បន្ថយថ្លៃដើម។
លោកថ្លែងថា៖«នៅពេលដែលយើងមានមន្ត្រីឃុំ ការងារមួយចំនួនចាប់ផ្តើម យើងហៅថា កាត់អាវតម្រូវតាមរាង អ៊ីចឹងកន្លែងហ្នឹងស្ថានភាពយ៉ាងម៉េច មន្ត្រីកសិកម្មឃុំមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានត្រឡប់មកវិញ ដើម្បីយើងវិភាគថា តើបច្ចេកទេសដែលគួរប្រើក្នុងកម្រិតណាដើម្បីកាត់បន្ថយថ្លៃដើម»។
លោក ឌិត ទីណា បន្ថែមថា មិនតែប៉ុណ្ណោះកំណែទម្រង់វិស័យកសិកម្ម មិនមែនមានតែការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំនោះទេ ចំណុចសំខាន់ជាអាទិភាពមួយទៀត នៃគោលនយោបាយនេះ គឺការកសាងសហគមន៍កសិកម្មទំនើប ដែលជាកំណែទម្រង់វិស័យកសិកម្មដ៏ធំមួយនាំមកនូវកសិកម្មទំនើប មានសេដ្ឋកិច្ចមាត្រដ្ឋានអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
លោកថ្លែងថា៖«ឥឡូវនេះយើងនាំគ្នាធ្វើកសិកម្មលើផ្ទៃដីតូចៗ ការចំណាយនៅតែមានច្រើន ទោះបីមានមន្ត្រីកសិកម្មទៅជួយពន្យល់របៀបធ្វើយ៉ាងណាក៏ដោយ តែការកាត់បន្ថយចំណាយថ្លៃដើមនេះ កាត់បានតែមួយចំណែក ប៉ុន្តែមួយចំណែកទៀតលែងបញ្ចុះបានទៀតហើយ ប៉ុន្តែបើសិនជាមានសហគមន៍កសិកម្មដែលអាចមានផ្ទៃដីដាំដុះធំ ពេលនោះការវិនិយោគលើផលិតកម្មកសិកម្មកាន់តែមានតម្លៃថោក»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ ជាពិសេសគឺគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាគោលនយោបាយមួយល្អ សមស្របតាមសម័យកាលបច្ចុប្បន្នដែលកម្ពុជាកំពុងជួបប្រទះ និងកំពុងត្រូវការដំណោះស្រាយ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថាការអនុវត្តក្នុងរយៈពេលកន្លងមកនេះ នៅមិនទាន់មានលទ្ធផលគួរឱ្យកត់សម្គាល់នោះទេ ដោយសារគោលយោបាយដែលដាក់ចេញថ្មីៗទើបតែដំណើរការ ហេតុនេះគេត្រូវនៅបន្តចាំមើលបន្ថែម។
លោកថ្លែងថា៖«ការផ្តល់ជំនាញដល់យុវជន ១ លាន ៥ សែននាក់ ការដាក់ពង្រាយមន្ត្រីកសិកម្ម ជាដើមទាំងអស់នេះសុទ្ធតែទើបចាប់ផ្តើម អ៊ីចឹងកាលណាទើបចាប់ផ្តើមធ្វើដូច្នេះលទ្ធផលមិនទាន់មើលឃើញទេ អ៊ីចឹងយើងត្រូវរង់ចាំបន្តទៀត»។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាពទី ៥ សម្រាប់វិស័យកសិកម្មរាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពី ១០០ លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃស្រូវនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងៗទៀត តាមការចាំបាច់។ យ៉ាងណាក្តីកញ្ចប់ថវិកានេះ អាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់។
លោកបញ្ជាក់ថា៖ «វិធានការជាក់លាក់នឹងត្រូវដាក់ចេញតាមរយៈវិធានការមួយចំនួនដោយផ្តោតទៅលើការទប់ស្កាត់ មិនឱ្យមានការប្រែប្រួលតម្លៃខ្លាំង និងវិធានការខ្លះទៀតផ្តោតលើកិច្ចអន្តាគមន៍នៅពេលមានការប្រែប្រួលខ្លាំង កើតឡើង»។ វិធានការដែលមានប្រសិទ្ធភាពខ្ពស់ទៅលើថ្លៃកសិផលគឺការគ្រប់គ្រងការផ្គត់ផ្គង់ឱ្យឆ្លើយតបទៅនឹងតម្រូវការ។ ក្រៅពីនេះរដ្ឋអាចរៀបចំជាប្រព័ន្ធស្តុកបណ្តោះអាសន្ន សម្រាប់ធ្វើអន្តរាគមន៍លើថ្លៃកសិផលផ្ទាល់ក្នុងករណីចាំបាច់។ បន្ថែមលើនេះនៅមានវិធានការផ្សេងៗទៀតដូចជា ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មជាដើម។
ចំណែកកម្មវិធីគោលនយោបាយអាទិភាពទី៦ សម្រាប់វិស័យកសិកម្ម គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេសដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្ម និងប្រាក់ចំណូលរបស់ខ្លួន។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យបានទៅជិតប្រជាពលរដ្ឋមូលដ្ឋាន។
លោកថ្លែងថា៖«នៅទូទាំងប្រទេសយើងមានឃុំដែលមានសកម្មភាពកសិកម្មចំនួន ១ ៥៥០ ក្នុងនោះឃុំភាគច្រើន ជាឃុំសម្បូរផលិតកម្មស្រូវ ប្រមាណ ១ ០០០ ឃុំ ដែលមានប្រជាកសិករប្រមាណ ២ លានគ្រួសារ»។
លោកបន្ថែមថា មន្ត្រីកសិកម្មឃុំ សង្កាត់ មានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ មានទាំងបទពិសោធន៍ លើការងារជំនាញកសិកម្ម និងជំនាញពាក់ព័ន្ធ ដែលនឹងជួយទៅដល់អាជ្ញាធរមូលដ្ឋានពិសេសអាជ្ញាធរឃុំក្នុងការអនុវត្តសកម្មភាពចាំបាច់ ក្នុងការជួយដល់កសិករ និងសហគមន៍កសិករ ដោយផ្សារភ្ជាប់នឹងបណ្តាញខ្សែច្រវាក់ផលិតកម្មដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច នៃផលិតកម្ម កាត់បន្ថយថ្លៃដើម និងមានភាពប្រកួតប្រជែងខ្ពស់ សំដៅលើកកម្ពស់ជីវភាព និងប្រាក់ចំណូលកសិករ។
បន្ថែមលើនេះ ការអនុវត្តសហគមន៍កសិកម្មទំនើប ជាផ្នែក ១ នៃគោលនយោបាយអាទិភាពទី ៦ ដើម្បីដោះស្រាយបញ្ហាប្រឈម នៃសហគមន៍កសិកម្មបច្ចុប្បន្នដូចជាខ្វះទុននិងទុនបង្វិលសម្រាប់អាជីវកម្មខ្វះធនធានមនុស្សក្នុងការដឹកនាំគ្រប់គ្រងដោយវិជ្ជាជីវៈ និងមានបច្ចេកទេសផលិតកម្មខ្ពស់មិនទាន់មានសមត្ថភាពចាប់យកឱកាសទីផ្សារនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានទូលំទូលាយដោយសារ បញ្ហាបរិមាណ គុណភាពនិងតម្លៃ ព្រមទាំងងាយរងហានិភ័យ នៃការប្រែប្រួលអាកាសធាតុជាដើម។
លោក យ៉ង សាំងកុមារ បញ្ជាក់ទៀតថា សហគមន៍កសិកម្មទំនើប មានលក្ខណពិសេសគឺតម្រូវឱ្យកសិករជាសមាជិកធ្វើផលិតកម្មកសិកម្មរួមគ្នានិងមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារទាំងផ្នែកបរិមាណ គុណភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម គ្រប់គ្រងរួមដោយសហគមន៍ មុននឹងបែងចែកប្រាក់ចំណេញទៅតាមសមាមាត្រ នៃភាគហ៊ុនសមាជិកម្នាក់ៗ ហើយការចូលរួមគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត បើកចំហ និងគ្មានការរើសអើង។
លោកប្រាប់ថា ការអនុវត្តសហគមន៍កសិកម្មទំនើបមានជម្រើស ២ ទី១ គឺ សហគមន៍កសិកម្មទំនើបជួលដីផលិតកម្ម ឬម៉ៅដំណាំរបស់កសិករជាសមាជិក ដើម្បីយកទៅធ្វើផលិតកម្មកសិកម្មរួមគ្នា ដោយកសិករជាសមាជិកនឹងទទួលបានចំណូលពីថ្លៃឈ្នួលមូលដ្ឋាន នៃការជួលដី ឬចម្ការរបស់ខ្លួនភាគលាភបន្ថែមពីប្រាក់ចំណេញរបស់សហគមន៍និងប្រាក់កម្រៃបន្ថែមពីថ្លៃឈ្នួលពលកម្មពីសហគមន៍។
ចំណែកជម្រើសទី ២ កសិករជាសមាជិកយកការប្រើប្រាស់ដីផលិតកម្ម ឬដំណាំរបស់ខ្លួន ដាក់ចូលធ្វើជាភាគហ៊ុននៅក្នុងសហគមន៍កសិកម្មទំនើបដើម្បីយកទៅធ្វើផលិតកម្មកសិកម្មរួមគ្នាដោយកសិករជាសមាជិក នឹងទទួលបាន ភាគលាភពីប្រាក់ចំណេញរបស់សហគមន៍និងទទួលបានប្រាក់កម្រៃបន្ថែមពីថ្លៃឈ្នួលពលកម្មពីសហគមន៍កសិកម្មទំនើប៕