ភ្នំពេញៈ លោក​ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោក វ៉ វ៉ាន់​ធឿ​ង (Vo Van Thuong) ប្រធាន​​រដ្ឋ​វៀតណាម​បាន​ជួបពិភាក្សា​ក្នុងជំនួប​ដាច់ដោយឡែក​ពី​មេដឹកនាំ​ផ្សេងទៀត នៅ​ទីក្រុង​ហា​ណូយ កាលពី​រសៀល​ថ្ងៃទី​ ​១១ ខែធ្នូ ឆ្នាំ​ ២០២៣ អំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ ថ្ងៃ ភាគី​ទាំង​ ២ ​បាន​ព្រមព្រៀងគ្នា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សំខាន់ៗ​ជាពិសេស​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ខណៈ​មេ​ដឹក​​នាំ​វៀតណាម​បាន​សម្តែង​ការ​សាទរ​ចំពោះ​វត្តមាន​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោក​ហ៊ុន ម៉ា​ណែ​ត នៅ​វៀតណាម​ក្នុងនាម​នាយករដ្ឋមន្ត្រី​។​

​យោងតាម​ខ្លឹមសារ​នៃ​លទ្ធផល​ជំនួប​ដែល​បាន​ផ្សព្វផ្សាយ​តាម​​រយៈ​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន ម៉ា​ណែ​ត នា​យប់​ថ្ងៃទី ​១១ ខែធ្នូ បានឱ្យដឹងថា លោក វ៉ វ៉ាន់​ធឿ​ង បាន​ស្វាគមន៍​ចំពោះ​វត្តមាន​បំពេញ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុ​ជា  ហើយ​លោក​ក៏​សាទរ​ចំពោះ​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី៤៤ ដែល​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាមរយៈ​ខ្លឹមសារ​ដដែល​នេះ លោក​វ៉ វ៉ាន់​ ​ធឿ​ង បាន​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ ជាការ​បង្ហាញ​ច្បាស់​ពី​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ក្នុង​ស្មារតី​សាមគ្គី​ភាពល្អ​រវាង​ប្រជាជន​ទាំង ​២ និង​រវាង​ប្រទេស​ទាំង​ ២»​។​

​លោក​បានបង្ហាញ​ការជឿជាក់​បន្តថា​៖ «​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី និង​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយនេះ គឺ​កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​របស់ខ្លួន​កាន់​ខ្លាំងក្លា​ទៅមុខ​បន្ថែមទៀត​»​។​

​ជាមួយគ្នា​នោះដែរ លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ប្រាប់​សម​ភាគី​វៀតណាម​ថា​វៀតណាម​ជា​ប្រទេស​ទី​ ១ នៅក្នុង​តំបន់​អាស៊ាន ដែល​លោក​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ ដែលជា​ការលើកកម្ពស់​កម្រិត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ជិតស្និទ្ធ​។​

​លោក​បញ្ជាក់ថា​៖ «​ប្រទេស​ទាំង​ ២ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​នៅក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​យន្តការ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេសចរណ៍​ត្រីភាគី​កម្ពុជា​-​ឡាវ​-​វៀតណាម «​កញ្ចប់​ទេសចរណ៍​ប្រទេស​ ៣ គោលដៅ​តែ​ ១» (Three Countries One Destination Package)»​។​

​ទន្ទឹមគ្នា​នេះដែរ នៅ​ថ្ងៃ​ដដែល លោក​ហ៊ុន​ម៉ា​ណែ​ត ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​លោក វឿ​ង ឌិ​ញ​ហ្វេ (VuongDinh Hue) ដែល​ភាគី​ទាំង​ ២ ក៏បាន​សម្តែង​ការ​សាទរ​ចំពោះ​វឌ្ឍនភាព​ទំនាក់ទំនង​ល្អជា​ប្រពៃណី​នឹង​គ្នា​រយៈពេល ៥៦​ ឆ្នាំ​កន្លងទៅនេះ ក្នុង​ផ្លូវ​ការទូត​។​

​លោក​ វឿ​ង ឌិ​ញ​ហ្វេ ចាត់ទុក​ដំណើរ​ទស្សន​​កិច្ច​នេះ ជា​ចំណែក​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​កម្ពុជា​-​វៀត​ណា​ម ឱ្យ​កាន់តែ​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ ហើយ​បង្ហាញ​ជំនឿ​ថា កម្ពុជា​នឹង​បោះជំហាន​ទៅមុខ សម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

​នា​ពិធី​លៀង​សាយភោជន៍​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការដែល​រៀបចំ​ដោយ​លោក ​ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សុន្ទរកថា​សង្កត់ធ្ងន់ថា ទំនាក់ទំនង​ល្អជា​ប្រពៃណី​រវាង​កម្ពុជា និង​វៀតណាម ដែល​បាន​ពូន​ជ្រំ​ពី​សម័យកាល​ដឹកនាំ​ដោយ​ព្រះបាទ​នរោត្តម សីហនុ ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម ត​មក​ជំនាន់​រដ្ឋបាល​លោក​ ហ៊ុន សែន ហើយ​មក​ជំនាន់​លោក​។​

​លោក​ថា​៖ «​នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​កម្លាំង​ប្រតិកិរិយា​ណា​អាចមក​ប្រែ​​ក្រឡាស់​បានឡើយ ហើយ​ជា​ទំនាក់ទំនង​ដែល​ត្រូវ​បណ្តុះ​ស្មារតី និង​ទឹកចិត្ត​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បាន​ជ្រាប​»​។​

​លោក​ ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការបង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​វៀតណាម​ជា​រឿង​សំខាន់ ខណៈ​កម្ពុ​ជាមាន​ខេត្ត​ច្រើន​ជាប់​ព្រំប្រទល់​នឹង​វៀត​ណា​ម ដូចជា​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និង​ខេត្តកណ្តាល​ជាដើម ដែល​ទំនិញ​កសិផល​ខ្មែរ​ដូចជា ស្រូវ ពោត ដំឡូង ច្រើន​លក់​នៅ​ទីផ្សារ​វៀតណាម​ដំបូង​គេ ហើយ​បន្លែ ត្រី​សាច់​វៀតណាម ក៏​នាំ​ចូលមក​កម្ពុ​ជាច្រើន​ដែរ​។​

​លោក​បាន​ប្រាប់ថា​៖ «​ទោះបី​មាន​ភាព​រកាំ​រ​កូ​ស​ពី​ភាពមិន​ទុកចិត្ត​គ្នា ពី​បញ្ហា​ព្រំដែន ពី​បញ្ហា​ប្រវត្តិសាស្ត្រ​ក្តី ក៏​ទំនាក់ទំនង​កម្ពុជា និង​វៀតណាម ត្រូវតែមាន មិនអាច​ខ្វះ​បានឡើយ ដែល​កម្ពុជា​មិនអាច​ខ្វះ​វៀតណាម ហើយ​វៀតណាម​ក៏​មិនអាច​ខ្វះ​កម្ពុជា ព្រោះ​ប្រទេស​ទាំង ​២ ជាប់​គ្នា ដែល​ត្រូវធ្វើ​កិច្ច​សហប្រតិបត្តិ​​ការ និង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​»​។​

​លោក ស៊ឺន សម បានបង្ហាញ​ការ​សាទរ​ចំពោះ​គម្រោង​ដែល​កម្ពុជា​ចង់​អនុវត្ត​ជាមួយ​វៀតណាម​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ក្រប​ខ័​ណ្ឌ​រួម​កម្ពុជា​-​វៀតណាម​-​ឡាវ ដែល​ត្រង់នេះ លោក​ស្នើឱ្យ​ភាគី​កម្ពុជា​ខ្លួនឯង​ពង្រឹង​កិច្ចការ​ផ្ទៃក្នុង​ជាមួយ​គោលដៅ​បង្កើន​ភ្ញៀវ​​ទេសចរ​នេះ ជាពិសេស​ទេសចរណ៍​កែច្នៃ បញ្ហា​សេវាកម្ម​ទេសចរណ៍ ជាដើម​។

លោក​ថា ទំនាក់ទំនង​កម្ពុជា និង​វៀតណាម នាពេល​បច្ចុប្បន្ន​ស្ថិតក្នុង​ស្ថានភាព​ប្រសើរ ដែល​លោក​កោតសរសើរ​ការបត់បែន​ផ្នែក​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ចំពោះមុខ​ឥទ្ធិពល​ប្រជែង​គ្នា​រវាង​ចិន និង​វៀតណាម ដែល​កម្ពុជា​អាច​ក្រសោប​ទាំង ២​ ប្រទេស​៕