ភ្នំពេញៈ តំណាងផ្នែកឯកជនកម្ពុជា មានសុទិដ្ឋិនិយមចំពោះការប្តេជ្ញារបស់មេដឹកនាំនៃប្រទេសទាំង ២ កម្ពុជា-វៀតណាម ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ពាន់លានដុល្លារនៅក្នុងឆ្នាំខាងមុខ ស្របពេលដែលការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាននេះ នៅតែរក្សាបានកំណើនខ្ពស់ ទោះបីមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី ១១ ខែធ្នូ បានប្តេជ្ញាថា ស្របពេលដែលទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច មេដឹកនាំនៃប្រទេសទាំង ២ បានសន្យាថា នឹងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ពាន់លានដុល្លារ។ នេះបើតាមសារព័ត៌មានវៀតណាម (VoV) ចុះផ្សាយនៅថ្ងៃទី ១២ ខែធ្នូ។
យោងតាម VoV ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាដែលកំពុងកើនឡើងដែលអត្រាកំណើនប្រចាំឆ្នាំលើសពី ២០ ភាគរយចាប់ពីឆ្នាំ ២០១៥ ទៅដល់ឆ្នាំ ២០២០ និងលើសពីចំនួនកំណត់ ១០ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ដោយសម្រេចបានចំនួន ១០,៥៧ ពាន់លានដុល្លារ កើនឡើងជិត ១១ ភាគរយធៀបនឹងឆ្នាំមុនៗ។
សារព័ត៌មានខាងលើលើកឡើងថា៖ «ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារអាមេរិក ភាគីទាំង ២ បានព្រមព្រៀងគ្នានាំយកយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់ពេញលេញ រួមទាំងគណៈកម្មាធិការរួមទទួលបន្ទុកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
មេដឹកនាំនៃប្រទេសទាំង ២ ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចរបស់ប្រទេសទាំង ២ ទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័ន និងគោលនយោបាយ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ឱកាសសហប្រតិបត្តិការរបស់សហគមន៍ធុរកិច្ចរបស់ពួកគេផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាពាណិជ្ជកម្មវៀតណាម កាលពីថ្ងៃទី ១១ ខែធ្នូ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហ ប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំង ២ ដែលជាវិធានការមួយដើម្បីជំរុញទំនាក់ទំនងជិតស្និទ្ធរបស់ធុរជនរវាងប្រទេសទាំង ២។
លោក លឹម ហេង អនុប្រធាន CCC ដែលអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែធ្នូថា ដោយមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយដ៏ល្អរវាងប្រទេសទាំង ២ ការប្តេជ្ញាដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីទាំង ២ គឺពិតជាអាចធ្វើទៅបាន ខណៈទំហំពាណិជ្ជកម្មនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា គោលដៅដែលបានកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ នឹងសម្រេចបានក្នុងពេលឆាប់ៗ ដូចដែលអ្នកអាចមើលឃើញថា ចំនួននៃការដោះដូរពាណិជ្ជកម្មកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ វៀតណាមគឺជាទីផ្សារដ៏សំខាន់មួយរបស់យើងសម្រាប់ផលិតផលកសិកម្ម»។
លោកបានបន្តថា ក្រោមក្របខ័ណ្ឌអាស៊ាន ប្រទេសទាំង ២ អាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកសម្រាប់ការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈវិនិយោគិនវៀតណាមអាចវិនិយោគនៅកម្ពុជា និងនាំចេញទៅកាន់ប្រទេសផ្សេង។
លោកប្រាប់ថា៖ «ខ្ញុំមើលឃើញថា ប្រទេសទាំង ២ មិនចាំបាច់ប្រកួតប្រជែងគ្នាលើការនាំចេញផលិតផលទេ ប៉ុន្តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ដោយសារយើងពង្រីកសក្តានុពលដែលមិនទាន់យកមកប្រើប្រាស់នៅក្នុងវិស័យជាច្រើន ដូច្នេះហើយក្រុមហ៊ុនវៀតណាម អាចវិនិយោគនៅទីនេះ រួចធ្វើការនាំចេញ ព្រោះយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយអាស៊ាន ជាមួយចិន និងកូរ៉េខាងត្បូង ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់់ (RCEP)»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី ១២ ខែធ្នូថា ដោយមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាមួយគ្នា ដូច្នេះវាជាចំណុចសំខាន់មួយ ដែលប្រទេសទាំង ២ អាចពង្រឹងបន្ថែមទៀតលើគ្រប់វិស័យ។
លោកថ្លែងថា៖ «ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នាត្រឹមរយៈពេល ៥៦ ឆ្នាំមកហើយ ប៉ុន្តែសម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំង ២ គឺមានដើមកំណើតតាំងពីយូរណាស់មកហើយ និងត្រូវបានបន្តពង្រឹងជានិច្ចកាល និងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំយើងទាំង ២ និងទំនាក់ទំនងជាប្រចាំនៃប្រជាជនបង្ហាញឱ្យយើងឃើញពីភាពជាអ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងឈរលើគោលការណ៍ជឿទុកចិត្តគ្នា គោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងដែលគាំទ្រគ្នាទៅវិញ-ទៅមកនៅក្នុងផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត»។
ក្នុងវេទិកានេះផងដែរ ប្រទេសទាំង ២ ក៏បានឯកភាពបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាប ដែលវានឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំង ២ ក្នុងការផ្លាស់ប្តូរភ្ញៀវទេសចរ និងវិនិយោគិន៕