ភ្នំពេញៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ ២០២៤ បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ច្បាប់នេះមាន ៥ ជំពូក និង ១៤ មាត្រា បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣។ គោលដៅសំខាន់នៃច្បាប់នេះគឺ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានាដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា លោក មិនទាន់បានអានច្បាប់នេះនៅឡើយទេ ប៉ុន្តែលោកថា ជាទូទៅច្បាប់ដែលចេញនេះគឺដើម្បីមានជាបទដ្ឋានគតិយុត្តសម្រាប់ការប្រើប្រាស់ថវិការបស់រដ្ឋនិងការចំណាយសាធារណៈរបស់រដ្ឋ ព្រមទាំងធ្វើការគ្រប់គ្រងប្រភពចំណូលរបស់រាជរដ្ឋាភិបាលដែលមានចំណូលសារពើពន្ធ ចំណូលពន្ធគយនិងចំណូលមិនមែនសារពើពន្ធ។ជាមួយគ្នានោះ ច្បាប់នេះក៏ធ្វើតុល្យការលើចំណូលនិងចំណាយធ្វើយ៉ាងណាឱ្យមានភាពសុក្រឹត។
លោកបានបន្ថែមថា ច្បាប់នេះក៏សម្រាប់ជាការពិនិត្យពិច័យទៅលើគម្រោងផ្សេងៗរបស់ស្ថាប័នសាធារណៈទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយរបស់ខ្លួនពោលគឺចំណាយណាដែលមិនចាំបាច់ ត្រូវតែទុកដោយឡែក ហើយលើក តែចំណាយណាចាំបាច់ដែល ត្រូវជាអាទិភាពសម្រាប់សេវាសង្គម ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាដើម ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានថ្លែងថា៖ «ការដែលធ្វើច្បាប់នេះ គឺគ្រាន់តែ update បន្តៗគ្នាពីឆ្នាំ ២០២២ ហើយបន្ថែមនូវខ្ទង់ចំណាយសរុបជាមួយនឹងការសិក្សាលទ្ធភាព និង estimate ទៅលើចំណូលរបស់រាជរដ្ឋាភិបាលដែលនឹងអាចទទួលបាននៅក្នុងឆ្នាំ ២០២៤ នេះ»។
យោងតាមឯកសារខ្លឹមសារសង្ខេបអំពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្របខ័ណ្ឌថវិកានេះមានគោលដៅធានារក្សាសមិទ្ធផលនៃការអភិវឌ្ឍទាំងពួងដែលសម្រេចបាននៅក្នុងនីតិកាលមុនៗកន្លងមក ជាពិសេសការរក្សាការពារឱ្យបានដាច់ខាតនូវសន្តិភាព និងអធិបតេយ្យរបស់កម្ពុជាក្នុងឋានៈជារដ្ឋមួយដែលមានឯករាជភាពពេញបរិបូណ៌ និងការខំប្រឹងងើបឈរឡើងដើម្បីធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនដោយខ្លួនឯងទាំងនៅក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។
ប្រភពដដែលបានឱ្យដឹងថា ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៤ អាចសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយសម្រាប់ឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេសដែលត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការអនុវត្ត «គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស សមត្ថភាពស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធដែលមានអភិបាលកិច្ចជាស្នូល។
ប្រភពបញ្ជាក់ថា ច្បាប់នេះអាចប្រសិទ្ធនាមបានថាជា៖ «ថវិកាយុទ្ធសាស្ត្រនៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗក្នុងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរវិវឌ្ឍន៍តទៅមុខ ឥតឈប់ឈររបស់កម្ពុជាលើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាពឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។
យោងតាមខ្លឹមសារច្បាប់នេះ ការប្រមូលចំណូលបង់ចូលថវិកាជាតិដែលមានចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗសរុបចំនួន ២៩ ៨៩៥ ៩៨០ លានរៀល។ ចំណែកទឹកប្រាក់ជាអតិបរមានៃឥណទានចំណាយថវិកាថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២៤ ត្រូវកំណត់ស្មើនឹង ៣៤ ៤៩៧ ៤៤៤ លានរៀល។ រីឯការអនុម័តយល់ព្រមឱ្យរដ្ឋាភិបាលខ្ចីប្រាក់ពីគេ គឺក្នុងកម្រិត ១ ៧០០ ០០០ ០០០ SDR ដែលការខ្ចីក្នុងកម្រិតនេះត្រូវមានមានលក្ខណៈជាការខ្ចីសម្បទានហើយត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ៕