កំពង់ធំៈ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់គម្រោងជំនួយថ្មីមួយ ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣ សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ និងអភិវឌ្ឍធនធាន មនុស្ស នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតជប៉ុននាថ្ងៃទី ១២ ខែធ្នូ។
គម្រោងនេះមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នាពេលកន្លងមករដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុកផងដែរ ក្នុងរូបភាពចម្បងតាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ ដុល្លារសហរដ្ឋអាមេរិក។
រដ្ឋាភិបាលជប៉ុនបានជួយលើសម្ភារ និងឧបករណ៍ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងតែសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារ និងឧបករណ៍មួយចំនួនសម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «យើងជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្តល់សមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរយៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្តែង»។
ភាគីទាំង ២ សង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក។
រមណីយដ្ឋានសំបូរព្រៃគុក ត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧ ដោយស្តេចឦសានវរ្ម័នទី១ នៅក្នុងសម័យចេនឡា។
ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧៕