ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍អាមេរិក Westerdam ដែលដឹកភ្ញៀវទេសចរប្រមាណ ១ ៥០០ នាក់ មកចូលចតនៅក្រុងព្រះសីហនុ នៅថ្ងៃទី ២៨ ខែធ្នូ ហើយក៏ជាការរំឭកខួប ៣ ឆ្នាំផងដែរ ដែលនាវានេះ ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលចតក្នុងគ្រាដែលប្រទេសដទៃមិនអនុញ្ញាតឱ្យចូលចតដោយព្រួយបារម្ភពីការឆ្លងជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុដែលបានដឹកនាំកិច្ចប្រជុំនេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១២ ខែធ្នូថា សម្រាប់នាវាទេសចរណ៍ Westerdam នេះ នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣។
ក្នុងនោះភ្ញៀវទេសចរខ្លះនឹងធ្វើដំណើរកម្សាន្តនៅឆ្នេរកោះរ៉ុង ភ្ញៀវខ្លះទស្សនានៅក្នុងក្រុងព្រះសីហនុ និងមួយចំនួនទៀតអាចនឹងធ្វើដំណើរមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ឬទៅកម្សាន្តនៅខេត្តសៀមរាបជាដើម។
លោក ឌីម៉ង់ ថ្លែងថា៖ «អ៊ីចឹងទេ! ភ្ញៀវទេសចរទាំងអស់នោះ ដែលមកតាមនាវាទេសចរណ៍ Westerdam នឹងមកដល់ប្រហែល ១ ៥០០ នាក់ ហើយប្រហែលជាត្រឡប់ទៅតាមនាវាវិញប្រមាណ ៩០០ នាក់។ អាជ្ញាធរខេត្តព្រះសីហនុបាននិងកំពុងត្រៀមរៀបចំការទទួលភ្ញៀវទេសចរទាំងនេះផង ហើយមិនតែប៉ុណ្ណោះក៏រំឭកខួបរយៈពេល ៣ ឆ្នាំផងដែរនៃការចូលសំចតរបស់នាវានេះ កាលពីឆ្នាំ ២០២០»។
កាលពី ៣ ឆ្នាំមុន រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដោយលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាវា Westerdam ដែលដឹកភ្ញៀវទេសចរជាង ២ ពាន់នាក់ខណៈដែលប្រទេសមួយចំនួន បានបដិសេធចូលចតដោយសារព្រួយបារម្ភពីការឆ្លងជំងឺកូវីដ ១៩។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យល្បីរន្ទឺនៅទូទាំងពិភពលោកដោយបានបង្ហាញថា «កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ»។
លោក ឡុង ឌីម៉ង់ បានសង្កត់ធ្ងន់ទៀតថា៖ «ដោយមើលឃើញនូវទង្វើ និងទឹកចិត្តសប្បុរសរបស់កម្ពុជាបែបនេះទើបនៅពេលនេះ នាវាទេសចរណ៍ Westerdam នេះ វិលចូលមកកម្ពុជាម្តងទៀត ហើយក៏បង្ហាញថា កម្ពុជា ជាពិសេសខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសក្តានុពលវិនិយោគនៅក្រោយវិបត្តិជំងឺកូវីដ ១៩»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញការស្វាគមន៍ចំពោះវត្តមានរបស់នាវា Westerdam ដែលបានវិលត្រឡប់មកកម្ពុជាវិញនៅពេលនេះ។ ទោះជាយ៉ាងណាកម្ពុជា មិនមែនទទួលស្វាគមន៍ចំពោះតែនាវានេះមួយនោះទេ តែជាក់ស្តែង នៅក្នុងឆ្នាំ ២០២៣ នេះ កម្ពុជាបានស្វាគមន៍នូវនាវាទេសចរណ៍ជាច្រើនផងដែរ។
ជាមួយគ្នានេះលោកក៏បានស្នើដល់រាជរដ្ឋាភិបាល គួរមានការលើកទឹកចិត្ត ដល់នាវាទេសចរណ៍ផ្សេងទៀត ដែលមកកាន់កម្ពុជា ពីព្រោះថា កម្ពុជាមានភាពផុយស្រួយណាស់ចំពោះការវិវឌ្ឍលើផ្នែកទេសចរណ៍នេះ។
លោកស៊ីណានថា៖ «ខ្ញុំលើកទឹកចិត្តដល់រាជរដ្ឋាភិបាលជំនួសឱ្យគ្រាន់តែរៀបចំឱ្យមានរូបភាពធំប៉ុន្តែគួរតែគិតពីខេត្តព្រះសីហនុ ដែលជាម្ចាស់ទីតាំងគួរតែរៀបចំយុទ្ធសាស្ត្រទាក់ទាញ នាវាទេសចរណ៍នេះ ឱ្យបានច្រើន ដោយជំនួសដោយការអង្គុយជជែកគ្នា និងការរៀបចំទទួល ដោយត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយទាក់ទាញនាវាទេសចរណ៍តាមរយៈកំពង់ផែខ្លួនឱ្យបានច្រើនជាងនេះទៀត ខណៈបន្តិចទៀតនេះកំពង់ផែខេត្តកែប ផែកោះកុងក៏នឹងត្រូវបើកដំណើរការផងដែរ»។
សូមរំឭកដែរថានាវារបស់អាមេរិក Westerdam ដែលមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជាង ២ ២០០ នាក់បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលប្រទេសចំនួន ៤ និងកោះចំនួន ២ មិនអនុញ្ញាតឱ្យនាវានេះចូលចត ព្រោះតែសង្ស័យថា មនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ ១៩។
បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍នេះចូលចតលោក ហ៊ុន សែន បានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះពីនាវាដោយផ្ទាល់នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។
លោកហ៊ុន សែន បានថ្លែងក្នុងអំឡុងពេលនោះថា ការសម្រេចចិត្តអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតនេះ ក្រោមហេតុផលមនុស្សធម៌ និងបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍៕