ភ្នំពេញៈ បុគ្គលស្វ័យនិយោជន៍និងអ្នកក្នុងបន្ទុកជិត ៩ ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តាមរបបភាគទានដោយស្ម័គ្រចិត្ត ក្រោយពេលមន្ត្រីនៃបេឡាជាតិនេះ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីរបបនេះទៅដល់អាជីវករ អ្នករត់ម៉ូតូកង់ ៣ និងអ្នកនៅក្នុងបន្ទុក។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឱ្យដឹងតាមហ្វេសប៊ុកលោកនៅថ្ងៃទី ១១ ខែធ្នូថា បន្ទាប់ពីបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គិតមកត្រឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ មានអាជីវករ អ្នករត់ម៉ូតូកង់ ៣ អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.សរុបប្រមាណជា ៨៨ ០០៥ នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស.។
លោកបានបន្តថា ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់ ៣ អ្នករត់ម៉ូតូឌុប) មានចំនួន ៨៤ ៨៦៥ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.មានចំនួន ៣ ១៤០ នាក់។
លោកបញ្ជាក់ថា៖ «ប.ស.ស.នឹងបន្តពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ពិសេសប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន ទទួលបានការយល់ដឹងកាន់តែច្បាស់និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ»។
បើតាមលោក ហេង សុផាន់ ណារិទ្ធ តាមរយៈយុទ្ធនាការផ្សព្វផ្សាយពីរបបនេះអស់ពេលជាង ២០ ថ្ងៃកន្លងមក ឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនបានយល់ច្បាស់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានថ្លែងថា វាជារឿងប្រសើរដែលមកទល់ពេលនេះមានបុគ្គលស្វ័យនិយោជន៍ជាច្រើនបានមកចុះឈ្មោះចូលជាសមាជិក ប.ស.ស.ក្រោយពីក្រសួងការងារ និងបេឡាជាតិរបបសន្តិសុខសង្គមបានដាក់ចេញផែនការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តទៅដល់ប្រជាពលរដ្ឋជាង ១ លាននាក់។
លោកបានបន្តថា ស្របពេល ប.ស.ស. កំពុងជំរុញការផ្សព្វផ្សាយឱ្យបុគ្គលស្វ័យនិយោជន៍ទៅចុះឈ្មោះជាសមាជិកនេះដែរ ប.ស.ស.ខ្លួនឯងក៏ត្រូវពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យមានគុណភាព ជាពិសេសពង្រីកមន្ទីរពេទ្យដែលជាដៃគូឱ្យកាន់តែច្រើនផងដែរ។
លោក វន់ ពៅ បានបញ្ជាក់ថា៖ «អ្វីដែលសំខាន់យើងត្រូវរៀបចំកែលម្អមន្ទីរពេទ្យទាំងអស់ហ្នឹងឱ្យមានសេវាល្អ រហ័សទាន់ចិត្ត ហើយពង្រីកមន្ទីរពេទ្យដៃគូឱ្យបានច្រើនដើម្បីបម្រើតម្រូវការដល់អ្នកដែលមានបណ្ណប.ស.ស.ជាពិសេសបុគ្គលស្វ័យនិយោជន៍ដែលរាជរដ្ឋាភិបាលបាននិងកំពុងជំរុញហ្នឹង»។
លោកបានបន្ថែមថា ការជំរុញនេះ វាជាជំហានថ្មីមួយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ក្នុងនោះមាន ប.ស.ស.និងក្រសួងការងារបានយកចិត្តទុកដាក់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ក្នុងការរួមចំណែកជួយកាត់បន្ថយបន្ទុកការចំណាយ និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់អ្នកក្រៅប្រព័ន្ធ។
សូមបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
ក្រសួងការងារ បានរៀបចំផែនការផ្សព្វផ្សាយពីរបបនេះឱ្យបានចំនួន ៤ ០០០ លើក ទៅកាន់ក្រុមគោលដៅសរុបប្រមាណ ១,២ លាននាក់ ដែលគិតមកទល់ ពេលនេះគឺជាង ២០ ថ្ងៃហើយនៃយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គមត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ៕