ភ្នំពេញៈ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា កម្ពុជាធ្វើជាប្រធាននិងជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាមិនត្រឹមតែឆ្លុះបញ្ចាំងពីការលះបង់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធដែលនេះគឺជាសមិទ្ធផលរួមក្នុងការរួមណែកជំរុញឱ្យពិភពលោកមួយប្រកបដោយសុវត្ថិភាព និងរួចចាកផុតពីគំរាមដោយសារមីន។
ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាក្នុងឱកាសដែលលោកធ្វើបទបង្ហាញជូនអង្គទូត តំណាងស្ថានទូត និងដៃគូអភិវឌ្ឍន៍ប្រចាំកម្ពុជា ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។
លោកលី ធុជ បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា លោកបានធ្វើបទបង្ហាញជូនប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍សកម្មភាពមីន ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។
លោកបានថ្លែងថា៖«ខ្ញុំបានជម្រាបប្រាប់ម្ចាស់ជំនួយថា ការជ្រើសតាំងកម្ពុជាជាប្រធាននៃអនុសញ្ញាគឺជាការ
វាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន ក៏ដូចជាសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាច្រើន»។
លោក លី ធុជ បានបន្តថា ៖ «ភាពជាប្រធានរបស់កម្ពុជា មិនត្រឹមតែឆ្លុះបញ្ចាំងពីការលះបង់របស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនេះគឺជាសមិទ្ធផលរួមក្នុងការរួមណែកជំរុញឱ្យពិភពលោកមួយ ប្រកបដោយសុវត្ថិភាព និងរួចចាកផុតពីគំរាម ដោយសារមីន»។
សូមបញ្ជាក់ដែរថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ស្ថិតក្នុងតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងសិទ្ធិក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីនដោយមានប្រទេសប្រមាណ២០០និងអ្នកចូលរួមប្រហែល ៧០០នាក់មកពីជុំវិញពិភពលោក។
លោក លី ធុជ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ អាជ្ញាធរមីនកំពុងបង្កើតគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការយ៉ាងសកម្ម ដើម្បីរៀបចំយុទ្ធសាស្ត្រ និងសម្របសម្រួលគ្រប់ផ្នែកទាំងអស់នៃព្រឹត្តិការណ៍នេះ។ ការធ្វើផែនការយ៉ាងហ្មត់ចត់នេះ ត្រូវគិតចាប់ពីផ្នែកដឹកជញ្ជូន រដ្ឋបាល សន្តិសុខ សុខភាព បដិសណ្ឋារកិច្ច និងហិរញ្ញវត្ថុ ដោយធានាថារាល់ព័ត៌មានលម្អិតទាំងអស់ត្រូវបានបំពេញតាមតម្រូវការចាំបាច់។
លោកបានថ្លែងថា ៖ «ក្នុងនាមជាប្រធាន កម្ពុជាមានការទទួលខុសត្រូវសំខាន់ៗ ដោយធ្វើជាអធិបតីកិច្ចប្រជុំទៀងទាត់នៃគណៈកម្មាធិការចំនួន៥និងក្រុមសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញាប្រកបដោយភាពច្បាស់លាស់ និងការយកចិត្តទុកដាក់ខ្ពស់»។
លោក លី ធុជ ថា ៖ «ដើម្បីភាពជោគជ័យក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះឆ្នាំ២០២៤ នៃអនុសញ្ញា ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំបានស្នើសុំឱ្យមានការចូលរួមគាំទ្រប្រកបដោយសប្បុរស និងស្មោះស្ម័គ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាមិត្តល្អរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ជំរុញការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវការផ្លាស់ប្តូរយូរអង្វែងនៅលើឆាកសកលក្នុងចក្ខុវិស័យរួម»។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងមានការត្រួតពិនិត្យផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ កែលម្អផែនការយុទ្ធសាស្ត្រ និងការបង្កើតសេចក្តីថ្លែងការណ៍កម្រិតខ្ពស់សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ៥ ឆ្នាំ ដែលឯកសារទាំងនេះ នឹងណែនាំឱ្យរដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តសម្រាប់រយៈពេល ៥ ឆ្នាំ តទៅមុខទៀត សម្រាប់ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន៕