ភ្នំពេញៈ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលើការកិច្ចការបរទេស បានថ្លែងថា រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានប្តេជ្ញាចិត្តរៀងៗខ្លួន ក្នុងការពន្លឿនការដោះស្រាយបញ្ហាបង្គោលព្រំដែនរវាងគ្នានិងគ្នាដែលនៅសេសសល់ចំនួន១៦%។
លោកថា ជាពិសេសចំណុចប្រទាំងប្រទើសចំនួន៦% ដើម្បីឈានទៅរកការបោះបង្គោលព្រំដែនចប់សព្វគ្រប់ជាស្ថាពរឱ្យបានឆាប់ ខណៈបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។
ការបញ្ជាក់ពីរដ្ឋមន្ត្រីប្រតិភូដូចនេះ ធ្វើឡើងនាសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល២ ថ្ងៃទៅកាន់វៀតណាម របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
លោកហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងថា មិនថាភាគីកម្ពុជា និងវៀតណាមឡើយ ជាពិសេសលោកហ៊ុន ម៉ាណែត ចង់ឱ្យមានការបោះបង្គោលព្រំដែនរវាងប្រទេសទាំង២ ឱ្យបានចប់សព្វគ្រប់ជាស្ថាពរឱ្យបានឆាប់ៗ ចៀសវាងបណ្តោយឱ្យរឿងព្រំដែននេះ ក្លាយជាបញ្ហាប្រឈមដល់ទីតាំងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរៀងៗខ្លួន ដែលមេដឹកនាំប្រទេសទាំង២ បង្ហាញឆន្ទៈបញ្ចប់ឱ្យរហ័សបំផុត។
លោកបានបន្តថា ភាគីកម្ពុជានិងវៀតណាម មិនទាន់អាចដឹងច្បាស់ថាបញ្ហាបោះបង្គោលព្រំដែននេះនឹងបញ្ចប់នៅពេលណានោះទេ ខណៈនៅសេសសល់ជាង ១៦%ទៀត ក្នុងនោះរង្វង់ចំនួន ៦% ដែលភាគីទាំង២ សម្រេចថាត្រូវដោះស្រាយឱ្យបានឆាប់ចប់ ហើយសឹមគិត១០% ទៀត។
លោកបានបញ្ជាក់ថា៖ «អ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីរបស់សម្តេចចង់ធ្វើ គឺពន្លឿនការបោះបង្គោលព្រំដែន ឱ្យចប់ជាស្ថាពរយ៉ាងឆាប់រហ័សជាទីបំផុត ពីព្រោះកិច្ចការនេះអូសបន្លាយមកយូរឆ្នាំហើយ»។
ថ្នាក់ដឹកនាំកម្ពុជានិងវៀតណាមមានបំណងបញ្ចប់ការបោះបង្គោលព្រំដែននេះឱ្យឆាប់ចប់ ដើម្បីកុំឱ្យជម្លោះព្រំដែននេះ បន្តក្លាយជាទៅជាបញ្ហាស្មុគស្មាញដល់ប្រទេសទាំង២ ជាពិសេសសម្រាប់កសាងព្រំដែនក្លាយទៅជាទីតាំងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយសារប្រទេសទាំង២ ត្រូវការស្ថិរភាព សន្តិភាព និងការអភិវឌ្ឍតំបន់ព្រំដែនឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចទំនើប។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបន្ថែម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជានិងជាអ្នកសិក្សាពីបញ្ហាព្រំដែនកម្ពុជាផងដែរ បានលើកឡើងថា កិច្ចព្រំដែនរវាងកម្ពុជានិងវៀតណាមនៅមានចំណុចមិនទាន់ឯកភាពគ្នាមួយចំណែក ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ សង្គម និងផ្លូវច្បាប់ជាដើម ដែលភាគីទាំង២ ត្រូវស្វះស្វែងធ្វើការជាមួយគ្នាបន្តដើម្បីរកចំណុចឯកភាព ហើយការងារនេះមិនអាចរួសរាន់ដូចចិត្តឡើយ ហើយត្រូវឈរលើប្រយោជន៍រួមទ្វេភាគី។
លោកសង្កត់ធ្ងន់ថា៖ «ការបោះបង្គោលព្រំដែននេះចប់គឺមានសារៈសំខាន់ ដើម្បីប្រែក្លាយព្រំដែនជាព្រំដែនអន្តរជាតិពេញលេញ ដែលងាយស្រួលក្នុងការអភិវឌ្ឍនិងធ្វើទំនាក់ទំនង ហើយងាយស្រួលការពារសន្តិសុខ ហើយប្រជាជនក៏ងាយស្រួលប្រកបរបរកសិកម្ម ជំនួញជួញដូរផង ព្រមទាំងជាមួយទិដ្ឋភាពច្បាប់និងនយោបាយ ដែលត្រូវមានព្រំដែនច្បាស់លាស់»៕