ភ្នំពេញៈ កម្ពុជា និងប្រទេសអាស៊ាន ៩ ផ្សេងទៀត បានធ្វើការត្រួតពិនិត្យសា្ថនភាព និងនិន្នាការគ្រឿងញៀននៅក្នុងបណ្តាប្រទេសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីទប់ស្កាត់ការចរាចរគ្រឿងញឿនក្នុងចំណោមប្រទេសអាស៊ាន។
ការត្រួតពិនិត្យនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៨ របស់ក្រុមការងារត្រួតពិនិត្យគ្រឿងញៀនអាស៊ានប្រចាំកំពង់ផែតាមប្រព័ន្ធអនឡាញនាថ្ងៃទី១៣ ខែធ្នូ ដែលរៀបចំដោយគណ:កម្មការជាតិត្រួតពិនិត្យគ្រឿងញៀននៃប្រទេសឡាវ ដែលជាប្រធានប្តូរវេន។
លោក ឃន តារាសម្បត្តិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់បានដឹកនាំក្រុមការងាជំនាញមកពីនាយកដ្ឋាន និងមន្ទីរពិសោធន៍ពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ដែលរួមមានប្រទេសប៊្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី,ឡាវ,ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម និងមន្ត្រីលេខាធិការដ្ឋាន
អាស៊ាន។
យោងតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់នៅថ្ងៃទី១៣ ធ្នូ ថា៖ «កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យសា្ថនភាព និងនិន្នាការគ្រឿងញៀននៅក្នងបណ្តាប្រទេសអាស៊ានបញ្ហាប្រឈមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ករណីសិក្សាបទល្មើសគ្រឿងញៀនតាមផ្លូវសមុទ្រ[និង]កិច្ចសហប្រតិបត្តិការនៅថ្ងៃអនាគត»។
កិច្ចប្រជុំនេះក៏ធ្វើបញ្ជីបច្ចុប្បន្ននៃមន្ត្រីទំនាក់ទំនងរបស់ក្រុមការងារនេះផងដែរ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថាបញ្ហាគ្រឿងញៀនឆ្លងដែននេះក្នុងបណ្តា
រដ្ឋអាស៊ាននេះជាបញ្ហាធំជាពិសេសទៅលើប្រទេសកម្ពុជាតែម្ដង។ ឥឡូវគ្រឿងញៀនកំពុងតែរីកសាយភាយទៅដល់ចុងកាត់មាត់ញក។ នេះជាបញ្ហាមួយដែលបំផ្លាញខួរក្បាលមនុស្សបំផ្លាញសុខភាពមនុស្សបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាអាស៊ានដែរ។
ជាមួយគ្នាលោកស្នើឱ្យរដ្ឋសមាជិកអាស៊ានមានវិធានការជាក់ស្តែងទៅលើបញ្ហាគ្រឿងញៀននេះកុំឱ្យមានតែការប្រជុំនិងមានតែសារនយោបាយប៉ុន្តែការអនុវត្តជាក់ស្ដែងមិនមាន។ មួយវិញទៀតលោកក៏សុំឱ្យរដ្ឋសមាជិកអាស៊ានរកសេណារីយោក្នុងការអនុវត្តជាក់ស្ដែងដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀនក្នុងអន្តរអាស៊ាននេះទើបអាចជួយសម្រាលបន្ទុកនៃការរីករាលដាលគ្រឿងញៀននៅគ្រប់បណ្ដាប្រទេសទាំងអស់។
លោក យង់ ពៅ បានបញ្ជាក់ថា៖«គ្រឿងញៀននេះវាគ្រោះថ្នាក់សឹងតែនឹងស្មើជំងឺកូវីដ១៩ ដែរពីព្រោះបើចូលក្នុងខ្លួនមនុស្សហើយវានៅហ្នឹងហើយមិនអាចផ្តាច់បាន។ មនុស្សនឹងបាត់បង់បញ្ញាស្មារតីកម្លាំងពលំសរីរាង្គកាយ ហើយឈានទៅដល់រីងរៃ ជំងឺរ៉ាំរ៉ៃទៅទៀត។ អ៊ីចឹងសូមឱ្យបណ្ដារដ្ឋសមាជិកអាស៊ានទាំងអស់មានវិធានការជាក់ស្តែងជាជាងគ្រាន់តែប្រជុំហើយបង្កើតសារនយោបាយគ្រាន់តែពីរោះស្ដាប់»។
កាលពីសប្តាហ៍មុន លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានក្រើនរំឭកជាថ្មីដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សាស្រាវជ្រាវ និងណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកបានប្រៀបប្រដូចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅកម្ពុជា ដូចគ្នាទៅនឹងការប្រយុទ្ធក្នុងសមរភូមិសង្គ្រាមដែរដោយលោកបានផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំទៅកាន់គ្រប់មជ្ឈដ្ឋាន ដែលជាចំណែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់
រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ការផ្សព្វផ្សាយ អប់រំឱ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជនគឺជាការងារសំខាន់ចាំបាច់បំផុតក្នុងនោះគឺត្រូវធ្វើការកែទម្រង់យន្ដការផ្សព្វផ្សាយ អប់រំមួយចំនួន ដែលមិនទាន់មានប្រសិទ្ធភាពខ្ពស់ ដោយត្រូវប្រើប្រាស់យន្ដការថ្មីៗ ធ្វើបែបណាឱ្យមហាជនទូទៅឆាប់ចាប់អារម្មណ៍ ទទួលយកបាន ពិសេសក្នុងចង្កោមយុវជន ដែលជាមុខសញ្ញាងាយរងគ្រោះថ្នាក់។
លោក នេត សាវឿន បានថ្លែងថា «ខ្ញុំឃើញអាទិភាពទី១ គឺកិច្ចការផ្សព្វផ្សាយអប់រំដោយត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យមានគុណភាពប្រជាពលរដ្ឋយើងយល់ដឹង។ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានជំនាញ ត្រូវសិក្សាពីផែនការ ខ្លឹមសារ រកវិធីសាស្ដ្រថ្មីដែលពេញនិយមងាយស្រួលប្រជាពលរដ្ឋតាមដាន»៕