ភ្នំពេញៈលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកទឹកចិត្តនិងជំរុញគណៈកម្មាធិការប្រតិបត្តិអាណត្តិទី២របស់សហព័ន្ធកីឡាប៊ូលីងកម្ពុជាឱ្យរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រភេទកីឡានេះឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីពង្រឹងគុណភាពកីឡាករ កីឡាការិនីដើម្បីចូលរួមការប្រកួតអន្តរជាតិជាពិសេសស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
បើទោះបីជា គណៈកម្មាធិការប្រតិបត្តិអាណត្តិទី១របស់សហព័ន្ធកីឡាប៊ូលីងកម្ពុជាពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មានពេលវេលាប្រមាណ២ឆ្នាំក្នុងការបំពេញបេសកកម្មការងាររបស់ខ្លួន ព្រោះមានការរំខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែលោក ថោង ខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធនេះដែលបានជំរុញការអភិវឌ្ឍកីឡាប៊ូលីងនៅកម្ពុជា ក្នុងអាណត្តិទី១ ក្នុងរយៈពេល៤ឆ្នាំមកនេះ។
ជាមួយគ្នានេះ សហព័ន្ធកីឡាប៊ូលីងកម្ពុជាបានរៀបចំសន្និបាតបញ្ចប់អាណត្តិទី១និងបន្តអាណត្តិទី២ ឆ្នាំ២០២៤-២០២៧ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ហើយជាលទ្ធផលនៃការបោះឆ្នោតនោះ លោក លី សៀងហុង នៅតែបន្តជាប់ជាប្រធានសហព័ន្ធ ចំណែកលោក អ៊ុក សិទ្ធិជាតិ លោក ជី សិលា លោក ប៉ែន វុទ្ធី និងលោក Leon Lim ជាអនុប្រធាន រីឯលោក ឃុន វង្សឺនី ជាអគ្គហេរញ្ញិក លោក ឆាយ កៀក ជាអគ្គលេខាធិការ លោក សុខ អាង ជាអគ្គលេខាធិការរង ចំណែកលោក ឡាច ច័ន្ទដារ៉ា អ្នកស្រី ឃួន ស្រីមុំ និងអ្នកស្រី រុន សុភាវី ជាសមាជិក។
ទន្ទឹមនឹងនោះ លោក លី សៀងហុង បានអះអាងថា ការបំពេញការងាររយៈពេល៤ឆ្នាំក្នុងអាណត្តិទី១បានល្អ ដោយបានបន្តពង្រឹង និងពង្រីកអភិវឌ្ឍចលនាកីឡាប៊ូលីឱ្យមានការរីកចម្រើនទៅមុខ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៊ូលីងកម្ពុជា សមាគម ក្លិបកីឡាប៊ូលីងនៅរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលសហការគ្នាពង្រឹង និងពង្រីកវិស័យកីឡាប៊ូលីងនៅកម្ពុជា ឱ្យមានការរីកចម្រើនដូចនៅបណ្តាប្រទេសនានា នៅក្នុងតំបន់»។
យ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី២នេះ លោក ថោង ខុន បានលើកទឹកចិត្ត និងជំរុញសហព័ន្ធកីឡាប៊ូលីងកម្ពុជា ឱ្យខិតខំអភិវឌ្ឍកីឡាប៊ូលីងឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត ដោយលោកបានផ្តល់អនុសាសន៍ណែនាំចំនួន៥ចំណុច ទី១ សហព័ន្ធកីឡាប៊ូលីងកម្ពុជា ត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាប៊ូលីង សម្រាប់អាណត្តិទី២ ឆ្នាំ២០២៣-២០២៧ ដោយកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូចនាករវាស់វែងឱ្យបានច្បាស់លាស់ជាមួយយន្តការអនុវត្ត យន្តការការត្រួតពិនិត្យ និងវាយតម្លៃ និងប្រភពធនធានសមស្រប។
ចំណុចទី២ ត្រូវពង្រឹងអភិបាលកិច្ចល្អ សម្រាប់សហព័ន្ធ ដោយអនុលោមទៅតាមគោលការណ៍មូលដ្ឋានជាសកល ស្តីពីអភិបាលកិច្ចល្អរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ រួមមាន តម្លាភាព, គណនេយ្យភាព, ដំណើរការប្រជាធិបតេយ្យ, សាមគ្គីភាព និងស្វ័យភាព ហើយទី៣ សហព័ន្ធ ត្រូវរៀបចំអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម សម្រាប់អត្តពលិកយុវជនថ្នាល និងអត្តពលិកកម្រិតខ្ពស់ ដើម្បីឈានទៅធ្វើការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។
ជុំវិញចំណុចទាំងនេះ លោក ថោង ខុន បានបន្ថែមថា៖ «សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ យើងមិនបានដាក់កីឡាប៊ូលីងចូលទេ ដោយសារយើងនៅថ្មីពេក ប៉ុន្តែស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ គឺមានប្រភេទកីឡានេះដែរ អ៊ីចឹងការធ្វើមហាសន្និបាតនេះ វាត្រូវពេលណាស់ ដែលយើងត្រូវតែមានការខិតខំប្រឹងប្រែង ពិសេសត្រូវមានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ ម្ចាស់ផ្ទះជប៉ុន ក៏កំពុងសម្របសម្រួលឱ្យមានកីឡាប៊ូលីងផងដែរ ហេតុនេះបើយើងមានការសហការជិតស្និទ្ធជាមួយជប៉ុន គឺកីឡាប៊ូលីង អាចនឹងបញ្ចូលទៅក្នុងការប្រកួតកីឡាអាស៊ាន បាន»។
ដោយឡែកចំពោះចំណុចទី៤ លោក ថោង ខុន បានជំរុញឱ្យសហព័ន្ធ ត្រូវពង្រឹង និងពង្រីកក្លិបកីឡាប៊ូលីងនៅកម្ពុជាតាមរយៈការជំរុញបង្កើនការចូលរួមសម្រាប់យុវជន ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាប៊ូលីងទាំងបរិមាណ និងគុណភាព ហើយទី៥ ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួត ដើម្បីធានានូវការរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាប៊ូលីងអន្តរជាតិ។
ជាមួយការផ្តល់នូវអនុសាសន៍ណែនាំនេះ លោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធកីឡាប៊ូលីងកម្ពុជា បានថ្លែងថា៖ «ដូចអ្វីដែលឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC មានប្រសាសន៍ គឺយើងត្រូវរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ និងត្រូវធ្វើសកម្មភាពឱ្យបានលឿនបំផុត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៥ ព្រោះយើងមិនទាន់មានក្រុមជម្រើសជាតិទេ អ៊ីចឹងនៅដើមឆ្នាំ២០២៤ យើងនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ រួចស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ធ្វើការប្រមូលផ្តុំជាជម្រើសជាតិ ដើម្បីពង្រឹងការហ្វឹកហាត់ដល់អត្តពលិករបស់យើងបុកទៅឆ្នាំ២០២៥នោះតែម្តង»៕