សៀមរាបៈក្នុងឱកាសដឹកនាំក្រុមការងារចុះទស្សនកិច្ច និងចូលរួមពិធីផ្សព្វផ្សាយឯកសារស្តីពីស្តង់ដាសាលារៀនគំរូនៅវិទ្យាល័យអង្គរ ខេត្តសៀមរាប កាលថ្ងៃទី១២ ខែធ្នូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវបន្តឆន្ទៈសិក្សាស្រាវជ្រាវ បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដើម្បីអាចផលិតធនធានមនុស្សប្រកបដោយគុណភាពបន្ថែមទៀត។
លោកបានលើកឡើងថា ដើម្បីពង្រឹងគុណភាពអប់រំ គឺទាមទារការយកចិត្តទុកដាក់លើកត្តាសំខាន់ចំនួន ៤ គឺ សាលារៀន គ្រូបង្រៀន សិស្ស និងគ្រួសារ។ហេតុដូច្នេះគណៈគ្រប់គ្រងសាលាត្រូវបន្តឆន្ទៈសិក្សាស្រាវជ្រាវបំពាក់បំប៉នសមត្ថភាពជាប្រចាំ ដើម្បីអាចផលិតធនធានមនុស្សប្រកបដោយគុណភាពត្រូវនឹងសម័យកាល។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់នថា៖«សារៈសំខាន់នៃការវិនិយោគលើធនធានមនុស្សឱ្យរឹងមាំ ជាកត្តាចម្បងជំរុញឱ្យប្រទេសមួយមានការអភិវឌ្ឍជឿនលឿនទៅមុខបាន ខណៈមរតកអគារសិក្សាស្តង់ដាតេជោដែលបានសាងសង់ឡើងនៅទូទាំងប្រទេសក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះក៏កំពុងត្រូវបានប្រើប្រាស់បម្រើជាប្រយោជន៍ដល់សហគមន៍ក៏ដូចជាចូលរួមចំណែកពង្រឹងគុណភាពអប់រំនៅកម្ពុជាជាច្រើនឆ្នាំទៅមុខទៀតផងដែរ»។
ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាលោក គង់ សំនៀង នៅថ្ងៃទី១៣ ខែធ្នូ បានបង្ហាញការគាំទ្រទៅលើយុទ្ធសាស្ត្រថ្មីរបស់ក្រសួងអប់រំក្នុងការជំរុញគណៈគ្រប់គ្រងសាលាត្រូវពង្រឹងសមត្ថភាពជាប្រចាំដើម្បីឱ្យមានការកសាងសមត្ថភាពសិស្សានុសិស្សបន្ថែមទៀត ដោយលោកថ្លែងថា បើយុវជនមានសមត្ថភាពនឹងក្លាយជាធនធានសំខាន់ ឆ្លើយតបដល់ការជំរុញកំណើនសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា៖ «ដើម្បីឱ្យយុវជនល្អ ស្អាត ក្លាយជាមូលធនមួយបាន គឺទាល់តែយើងត្រូវផ្តោតខ្លាំងទៅលើការពង្រឹងសមត្ថភាពអ្នកបណ្តុះបណ្តាលយុវជនឱ្យខ្លាំងដែរ ព្រោះជាកាតាលីករសំខាន់មួយឈានទៅពង្រឹង ក៏ដូចជាជួយកសាងសមត្ថភាពសិស្សានុសិស្សនៅតាមសាលានានា ដែលជាធនធានមនុស្សមួយដែលមានគុណភាពឱ្យស្របតាមសម័យកាលឌីជីថលទៅបាន»។
បើតាមក្រសួងអប់រំ នៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី ៧នេះ បានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាពដែលក្នុងនោះមានវិធានគន្លឹះ៤គឺការពង្រឹងអភិបាលកិច្ចសាលារៀន,ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។
ក្រៅពីនេះ ដើម្បីអភិវឌ្ឍសមត្ថភាពធនធានមនុស្សកម្ពុជាឱ្យមានលទ្ធភាព ក្រសួងអប់រំក៏ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាគំរូ ចំនួន៥ ក្នុងនោះរួមមាន ទី១-លទ្ធផលសិក្សារបស់សិស្ស ទី២-ការបង្រៀននិងរៀន ទី៣-ការចូលរួមរបស់សហគមន៍ ទី៤-ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងទី៥-គណនេយ្យភាពរបស់សាលារៀនដែលត្រូវបានដាក់ចេញតបតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ក្រសួងមានការជឿថា តាមរយៈស្តង់ដាសាលាគំរូនេះនឹងឈានទៅលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀត ៕