ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងវិទ្យាស្ថានសុវត្ថិភាពគ្រឿងចក្រ នៃសាធារណរដ្ឋកូរ៉េ (KCESI) ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងចក្រ និងបើកសិក្ខាសាលាស្វែងយល់ស្ដីពីសុវត្ថិភាពនៃការប្រើប្រាស់ ថែទាំ ត្រួតពិនិត្យ និងការចុះបញ្ជីគ្រឿងចក្រ។
ការចុះអនុស្សរណៈនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងវិទ្យាស្ថានសុវត្ថិភាពគ្រឿងចក្រ នៃសាធារណរដ្ឋកូរ៉េ (KCESI)។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការចុះអនុស្សរណៈ និងសិក្ខាសាលានេះ រៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ផ្ទេរ និងចែករំលែកនូវចំណេះដឹង ជំនាញផ្នែកគ្រប់គ្រងសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងចក្រ។
ក្រសួងបានបញ្ជាក់ថា ការផ្ដល់ចំណេះដឹងថ្មីៗដល់មន្រ្តីបច្ចេកទេសក្នុងការបញ្ជាប្រើប្រាស់គ្រឿងចក្រឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព និងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តសកម្មភាពការងារសាងសង់ ជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ មិនមែនតែវិទ្យាស្ថានសុវត្ថិភាពគ្រឿងចក្រ នៃសាធារណរដ្ឋកូរ៉េ (KCESI) មួយនេះទេ។
លោកបានប្រាប់ថា នេះគឺជារឿងល្អដើម្បីធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព និងធានាបាននូវបច្ចេកទេសត្រឹមត្រូវ កាត់បន្ថយគ្រោះថ្នាក់នានានៅលើដងផ្លូវ ព្រោះបច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មិនមែនតែការធ្វើដំណើររបស់កម្មករកម្មការិនីនោះទេ។
លោក អាត់ ធន់ ក៏បានស្នើដល់ភាគីទាំង២ យកចិត្តទុកដាក់លើការដាក់ស្លាកសញ្ញា គំនូសចរាចរណ៍ និងបញ្ហាប្រឈមផ្សេងទៀត ដែលនាំឱ្យបង្កទៅជាជាគ្រោះថ្នាក់ ដើម្បីធ្វើយ៉ាងណារួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ពលរដ្ឋដោយប្រការណាមួយនៅលើដងផ្លូវ ជាពិសេស ត្រួតពិនិត្យលើយានយន្តកែច្នៃខុសបច្ចេកទេស និងកសាងផ្លូវ ឱ្យមានស្តង់ដាខ្ពស់ ទើបអាចកាត់បន្ថយគ្រោះថ្នាក់បាន។
លោក អាត់ ធន់ បានថ្លែងថា៖ «ខ្ញុំយល់ថា ល្អ ព្រោះនៅពេលដែលមានកិច្ចសហការបែបនេះ ជាការជួយដល់ការការពារសុវត្ថិភាព ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងជាការចែករំលែកនូវចំណេះដឹង ជំនាញផ្នែកគ្រប់គ្រងសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងចក្រ និងផ្ដល់ចំណេះដឹងថ្មីៗដល់មន្រ្តីបច្ចេកទេសក្នុងការបញ្ជាប្រើប្រាស់គ្រឿងចក្រឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព»៕