ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគ និងការផ្តល់ឱកាស ក៏ដូចជាអំណាចឱ្យយុវជនអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ គឺនឹងធ្វើឱ្យយុវជននឹងក្លាយទៅជាអ្នកដឹកនាំជាតិសំខាន់ៗនាពេលអនាគត។
លោកបានលើកឡើង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីបើកកម្មវិធី បោះជំរំយុវជនជាសកលលើកទី៩ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព» នៅលើទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមរយៈហ្វេសប៊ុកជំរំយុវជនជាសកល នៅថ្ងៃទី១៣ ខែធ្នូបានឱ្យដឹងថា លោក ហង់ជួន ណារ៉ុន បានដុតភ្លើងគប់បើកកម្មវិធី បោះជំរំយុវជនជាសកលលើកទី៩ ដែលភ្លើងគប់នេះ ជាសញ្ញាមួយក្នុងចំណោមនិមិត្តរូបនៃការបោះជំរំ និងការជួបជុំជាមួយនឹងអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សមាជិកជំរំគ្រប់រូប។
ប្រភពដដែលបន្តថា វាប្រៀបបានទៅនឹងការរួបរួមគ្នានូវកម្លាំងរបស់យុវជនកម្ពុជា ដែលបាននឹងកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំ មោះមុត និងស្វាហាប់ ពី ១ជំនាន់ទៅ ១ជំនាន់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការត្រៀមខ្លួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាពេលអនាគត។
លោក ហង់ជួន ណារ៉ុន បានថ្លែងថា ភ្លើងគប់ជំរំនេះ បង្ហាញពីក្ដីសង្ឃឹម បំណងប្រាថ្នា ទំនុកចិត្ត និងជំនឿយ៉ាងមុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងអប់រំ ក៏ដូចជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើយុវជន-យុវនារីជំនាន់ក្រោយ ក្នុងស្មារតីអន្តរជំនាន់។
លោកបានបញ្ជាក់ថា៖ «យុវជនត្រូវទទួលបានបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច ដែលអាចឱ្យយុវជនអភិវឌ្ឍសក្តានុពលខ្លួនបានពេញលេញ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ និងក្លាយទៅជាអ្នកដឹកនាំជាតិសំខាន់ៗនាពេលអនាគត ក្នុងដំណើរឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានកោតសរសើរ ចំពោះក្រុមការងារទាំងអស់ ដែលបានបញ្ចេញអស់ពីកម្លាំងកាយ កម្លាំងចិត្ត រៀបចំការបោះជំរំយុវជនជាសកលលើកទី៩នេះឡើង ប្រកបដោយគុណភាព ក្នុងន័យលើកកម្ពស់គុណតម្លៃរបស់យុវជនក្នុងការអភិវឌ្ឍសង្គមជាតិ។
ក្រោយពីបើកកម្មវិធីហើយ នៅថ្ងៃបន្តបន្ទាប់ទៀត ទាំងយុវជនស្ម័គ្រចិត្ត ព្រមទាំងប្រតិភូជំរំ បានមកស្ដាប់ការធ្វើបទបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាចុះទស្សនកិច្ចសិក្សាតាមសហគមន៍ក្នុងស្រុកបន្ទាយស្រី ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីជីវភាពរស់នៅ និងការប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីផងដែរ។
សូមរំឭកដែរថា ការបោះជំរំយុវជនជាសកលលើកទី៨ បានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការបោះជំរំយុវជនជាសកលលើកទី៨ បានរៀបចំឡើងដោយគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាអ្នកដឹកនាំ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលក្រោមក្របខ័ណ្ឌនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥)។
សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសកល គឺជាគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ហើយការបោះជំរំយុវជនជាសកល ត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្នដែលឆ្នាំនេះ កម្មវិធីបោះជំរំយុវជនសកល ត្រូវបានរៀបចំឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានយុវជនស្ម័គ្រចិត្ត និងប្រតិភូជំរំចូលរួមសរុបជាង ២០០នាក់៕