ភ្នំពេញៈ អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាននៃក្រសួងបរិស្ថានពិភាក្សាទិសដៅការងារក្នុងឆ្នាំ២០២៤ លើការពង្រឹង ពង្រីក បង្កើត និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំណល់ ការពង្រឹងនិងទំនើបកម្មការគ្រប់គ្រងគុណភាពបរិស្ថានរួមមានទឹក ដី ខ្យល់ សំឡេង និងរំញ័រ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាមសំណល់ជាដើម។
ការដាក់ចេញទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាននេះធ្វើឡើងតាមរយៈសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកទា ជុប និងលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងតំណាងពីអង្គភាពចម្រុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានីខេត្ត ដៃគូជាតិ អន្ដរជាតិ និងវិស័យឯកជន។
យោងតាមខ្លឹមសារប្រកាសពីក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែធ្នូ លោកដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានលើកឡើងថា ការធ្វើសិក្ខាសាលានេះមានគោលដៅផ្សព្វផ្សាយលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ខាងមុខឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចក្រាវិស័យ បរិស្ថាន២០២៣-២០២៨។
លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានមានគោលដៅយុទ្ធសាស្ត្រចំនួន៣ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ អភិរក្សជីវចម្រុះ និងការទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះមាន៖ ការពង្រឹងពង្រីក បង្កើត និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំណល់, ការពង្រឹង និងធ្វើទំនើបកម្មការគ្រប់គ្រងគុណភាពបរិស្ថាននិងការជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
លោកទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរចំពោះការងាររបស់អគ្គនាយកដ្ឋានគាំពារបរិស្ថានលើបុព្វហេតុការពារបរិស្ថាន អភិរក្សជីវៈចម្រុះ គ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការលើកកម្ពស់សុខភាពសាធារណៈ។
លោកបានលើកឡើងថា៖ «ក្រសួងបរិស្ថានបាននិងកំពុងខិតខំយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈម និងតម្រង់ទិសលើការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត ក៏ដូចជាការចូលរួមដោះស្រាយបញ្ហាប្រឈមជាសកលនានា ដើម្បីបុព្វហេតុពិភពលោក និងមនុស្សជាតិ»។
លោកបន្តថា ក្នុងចំណោមភារកិច្ចជាអាទិភាពរបស់ក្រសួង កិច្ចគាំពារបរិស្ថាន គឺជាកិច្ចការដ៏មានសារៈសំខាន់មួយ ដែលក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ខ្ពស់។
លោកហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) យល់ថា បញ្ហាគ្រប់គ្រងសំរាម កាកសំណល់ ជារឿងសំខាន់ដែលត្រូវគិតគូរពិចារណាឱ្យបានខ្លាំង ដោយសារបរិបទសំរាម និងសំណល់នៅកម្ពុជា នៅជារឿងអាទិភាព ហើយជារឿងចម្បងដែលត្រូវមានដំណោះស្រាយល្អមួយ។
លោកថ្លែងថា៖ «យើងត្រូវចាត់ទុកការគ្រប់គ្រងសំរាម និងកាកសំណល់ ជាកង្វល់រួម និងមានការចួលរួមពីគ្រប់ភាគីពាក់ព័ន្ធមិនថា ពលរដ្ឋ រដ្ឋាភិបាល ដោះស្រាយរួមគ្នា ដោយដាក់ចេញនូវគោលនយោបាយ និងយន្តការច្បាប់ តួយ៉ាងការផាកវិន័យជាដើម កុំឱ្យមានការចោលសំរាមពាសវាសពាសកាល»។
ចំពោះការបំពុលបរិស្ថាន លោកហេង គឹមហុង លើកឡើងក្តីបារម្ភផងដែរ ជាពិសេសការបង្ហូរកាកសំណល់គីមី តួយ៉ាងសំណល់ឧស្សាហកម្ម សំណល់ជីវសាស្ត្រ ជាដើម ដែលត្រូវមានយន្តការការពារត្រឹមត្រូវ ជាពិសេសការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ សម្រាប់គុណភាពទឹកវិញ លោកទឹកចិត្តឱ្យរដ្ឋាភិបាលធ្វើការគ្រប់គ្រងប្រព័ន្ធកខ្វក់ឱ្យបានត្រឹមត្រូវ ដែលជាភ្នាក់ងាររំខានសុខុមាលភាពប្រជាជន។
សូមជម្រាបថា កិច្ចពិភាក្សាក្នុងសិក្ខាសាលាដដែលនោះ ជាការប្រមូលធាតុចូល និងជាដំណោះស្រាយដើម្បីកំណត់ទិសដៅគាំពារបរិស្ថាន សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារវិស័យបរិស្ថាន និងទិសដៅការងារបន្តរបស់ក្រសួងបរិស្ថាន ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕