ភ្នំពេញៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ជានិច្ចចំពោះការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រដែលបម្រើដល់ការនាំចេញ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅពេលជួបពិភាក្សាជាមួយលោក ជិន បាសឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការីក្នុងអំឡុងពេលដែលលោកបានបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមលទ្ធផលនៃជំនួបនេះ លោក ជិន បាសឿង បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលោកនៅកម្ពុជា ជាពិសេសការដុះដំណាំហូបផ្លែ,ដំណាំឧស្សាហកម្ម,រោងចក្រកែច្នៃនិងការចិញ្ចឹមសត្វ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកការវិនិយោគបន្ថែមទៀតដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍និងបានវាយតម្លៃខ្ពស់ចំពោះការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជាស្របពេលដែលរាជរដ្ឋាភិ-
បាលកម្ពុជាកំពុងដាក់ចេញទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ។
នាឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានរំឭកផងដែរពីវិធានការមុតស្រួចមួយចំនួនពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះនៅក្នុងការធ្វើធុរកិច្ចដោយសំដៅធ្វើយ៉ាងណាទាក់ទាញនិងជំរុញការវិនិយោគបន្ថែមទៀតទាំងប្រភពក្នុងស្រុក និងមកពីបរទេស។
ជាមួយគ្នានោះដែរ នៅក្នុងមហោស្រពស្រូវ-អង្ករ អន្តរជាតិវៀតណាម-ហាវយ៉ាង ឆ្នាំ២០២៣ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលរួមកម្មវិធីជួបប្រជុំមួយជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមដោយមានការចូលរួមពីរដ្ឋមន្ត្រីកសិកម្មប្រទេសនេប៉ាល់ វីណេហ្សូអេឡា វៀតណាម និងតំណាងទូតនិងអង្គការអន្តរជាតិដែលបានពិភាក្សាទាក់ទងលើការសហការក្នុងវិស័យស្រូវអង្ករផងដែរ។
ថ្វីដ្បិតតែមិនទាន់មានព័ត៌មានលម្អិតពីការជជែកពិភាក្សានោះ តែលោក យ៉ង សាំងកុមារ បានឱ្យដឹងនៅថ្ងៃទី១៣ ខែធ្នូថា ៖ «វាជាកិច្ចពិភាក្សាដែលមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ទាក់ទងនឹងវិស័យស្រូវអង្ករជាមួយនឹងបណ្តាប្រទេសប្រទេសទាំងនេះ»។
សូមរំឭកដែរថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់វៀតណាមនេះក៏សម្រេចបាននូវការចុះអនុស្សរណៈមួយចំនួនខណៈដែលរដ្ឋាភិបាលប្រទេសទាំង២បានប្តេជ្ញាចិត្ដបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលវៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់នៅថ្ងៃទី១៣ ខែធ្នូ ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មកម្ពុជា ដែលមិនអាចខ្វះបាន ខណៈប្រទេសភូមិផងរបងជាមួយកម្ពុជាមួយនេះជាទីផ្សារប្រមូលទិញវត្ថុធាតុដើមកសិកម្មកម្ពុជាដ៏ច្រើនលើសលប់ក្នុង១ឆ្នាំៗ។
លោកបានបន្ថែមថា ប្រទេសទាំង២មានទំនាក់ទំនងដ៏យូរអង្វែងមកហើយ ជាពិសេសទំនាក់ទំនងខាងវិស័យពាណិជ្ជកម្មនិងវិនិយោគដែលបន្តរឹងមាំ និងសម្រេចបាននូវសមិទ្ធផលគួរកត់សម្គាល់ ទាំងទំហំពាណិជ្ជកម្មទ្វេភាគី និងកំណើនវិនិយោគដោយផ្ទាល់ពីវៀតណាមមកកម្ពុជា។
លោកបានបញ្ជាក់ថា៖«នៅក្នុងវេទិកាជំរុញវិនិយោគនិងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣ កាលពីថ្ងៃទី១២ ធ្នូនោះខាងសភាពាណិជ្ជកម្មយើង បានជំរុញលើកទឹកចិត្ត វិនិយោគិនវៀតណាមបន្តវិនិយោគបន្ថែមនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពលើវិស័យសំខាន់ៗ រួមមានកសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការអប់រំបណ្តុះបណ្តាល ដោយកម្ពុជា មាននយោបាយលើកទឹកចិត្តវិនិយោគ ទីផ្សារដ៏ទូលំទូលាយ និងបរិយាកាសអំណោយផល ទៅដល់ការវិនិយោគ»៕