កំពត: បរិយាកាសនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពត បន្ទាប់ពីការវះកាត់មាត់ឆែប លាយឡំដោយសម្រែកស្រែកយំ និងភាពស្ងៀមស្ងាត់របស់កុមារនៅក្នុងដៃបីត្រកងរបស់ម្ដាយ។
ស្ថិតនៅក្នុងបន្ទប់វះកាត់ ដែលមានគ្រែ ២ ដោយគ្រែម្ខាងក្រុមគ្រូពេទ្យជំនាញជនជាតិជប៉ុន ៣-៤ នាក់ កំពុងតែធ្វើការវះកាត់ទារកតូច ខណៈក្រុមគ្រូពេទ្យខ្មែរម្ខាងទៀត កំពុងតែវះកាត់ក្រអូមមាត់ខាងក្នុងរបស់ទារកអាយុ ១ ខួប ពួកគេកំពុងមមាញឹកបំពេញកិច្ចការរៀងៗខ្លួន។
គ្រូពេទ្យម្នាក់កាន់ឧបករណ៍បូមទឹកចេញពីមាត់ និង ២ នាក់ទៀតកាន់កន្រៃ្តនិងអំបោះដេរ ចាប់ផ្ដើមដេរភ្ជាប់ក្រអូមមាត់ខាងក្នុងរបស់ទារក ដែលចំណាយពេលប្រមាណពី ១-២ ម៉ោង អាស្រ័យលើអាការរបស់កុមារនីមួយៗ។
លោក ខុន ស៊ីណេង អាយុ ៣៨ ឆ្នាំ និងអ្នកស្រី អាត ស៊ីណា អាយុ ៣៥ ឆ្នាំ មានកូនពៅទី៣ ជាស្រី អាយុ ៥ ខែ កើតមកមានមាត់ឆែបពីកំណើត បានស្កាត់តាំងពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់ក្រុងកំពត ខេត្តកំពត ក្រោយបានដឹងព័ត៌មាននៃការវះកាត់កូនឆែបតាមទូរស័ព្ទដៃ ពេលមានអង្គការប្រកាសស្វែងរកកុមារឆែបមាត់ទៅទទួលការវះកាត់ដោយឥតគិតថ្លៃ ហើយអ្នកស្រីបានចុះឈ្មោះតាមប្រព័ន្ធតេឡេក្រាម។
ឪពុកម្ដាយរូបនេះបានឱ្យដឹងថា៖ «ក្រោយការវះកាត់ និងសម្រាកពេទ្យ ១ យប់ យើងអាចនាំគាត់ទៅផ្ទះបាន និងមកទទួលការព្យាបាលម្ដងទៀត រយៈពេល ១ អាទិត្យក្រោយ។ ប៉ុន្ដែដោយសារផ្ទះយើងនៅឆ្ងាយពេក យើងសម្រាកនៅផ្ទះបងប្អូននៅភ្នំពេញសិន»។
ពួកគេបានបន្ដថា ពួកគេមានទំនុកចិត្ដក្រុមគ្រូពេទ្យជំនាញចំពោះការវះកាត់កូនរបស់ខ្លួន ជាពិសេស ការវះកាត់ស្អាត មិនចំណាយប្រាក់ និងទទួលបានអាហារថែមទៀត។
ជាលើកទី៣ នៃការវះកាត់មាត់ឆែប និងក្រអូមមាត់ដែលមានអាការឆែបធំ កូនស្រីរបស់លោក នី ម៉ាន់យ៉េស និងភរិយា បម្រើការងារនៅរោងចក្រ នៃស្រុកកៀនស្វាយ។ ពួកគេបាននិយាយថា កូនស្រីរបស់ពួកគេវះកាត់អញ្ចាញ និងធ្វើច្រមុះឱ្យមានស្លាប និងក្ដោងច្រមុះឡើងវិញ។
ពួកគេបានឱ្យដឹងថា ការវះកាត់លើកដំបូងត្រូវធ្វើលើបបូរមាត់ និងបន្ដដេរក្រអូមខាងក្នុង ហើយលើកទី ៣ ដេរចន្លោះប្រហោងតូចត្រង់បរិវេណច្រមុះខាងក្នុង។ កុមារីតូចនេះ ត្រូវបានវះកាត់តាំងពីឆ្នាំ ២០២១ រហូតដល់ពេលនេះកុមារីមានអាយុ ២ ឆ្នាំ ៨ ខែ ដោយទទួលបានការវះកាត់ ៣ ដង។
ពួកគេបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ក្រោយការវះកាត់លើកទី ៣ គាត់ត្រូវរង់ចាំដល់រយៈពេល ៧ ឆ្នាំទៀត ទើបបន្ដវះកាត់លើកទី ៤ គឺតអញ្ចាញ។ ក្រៅពីរូបសម្រស់របស់គាត់ខាងក្រៅ ការវះកាត់នេះធ្វើឱ្យនិយាយច្បាស់ដូចកូនក្មេងដទៃ»។
មកពីខេត្តរតនគិរី អ្នកស្រី ដឹក ចន្ធូ ជាអ្នកស្រែចម្ការ មានកូនប្រុស អាយុជិត ៤ ខែ ដែលទទួលការវះកាត់មកវះកាត់មាត់ឆែបនៅក្រុងកំពតលើកទីមួយ សម្រាប់កូនដំបូងរបស់អ្នកស្រី។
ស្ដ្រីដែលកំពុងតែលួងកូនពីអការឈឺចាប់ដោយការដេរបបូរមាត់ បាននិយាយថា ដោយសារតែអ្នកស្រីឆ្លងទន្លេនៅមន្ទីរខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី ខាងមន្ទីរបានទំនាក់ទំនងតាមទូរស័ព្ទប្រាប់អំពីការកំណត់យកកូនមាត់ឆែបមកវះកាត់។
អ្នកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កូនប្រុសនេះ កាត់តាមឪពុករបស់គេ ដោយប្ដីខ្ញុំក៏មានមាត់ឆែបដែរ។ ទោះបីគាត់បានដេរ តែការវះកាត់សម័យគាត់នោះមិនបានល្អ ហើយពេលនេះក៏រហែកថ្នេរ។ ខ្ញុំទើបតែដឹងថា អង្គការផ្ដល់ការវះកាត់ដល់មនុស្សពេញវ័យដែរ កុំអីខ្ញុំនាំគាត់មកដែរ»។
ស្រដៀងគ្នាដែរ អ្នកស្រី ស្រី ជីវ៉ា អាយុ ២៤ ឆ្នាំ មកពីស្រុកអង្គរជ័យ ខេត្ដកំពត មានបញ្ហាឆែបមាត់ និងកូនប្រុសទី២ ដែលបច្ចុប្បន្នអាយុជិត ១ ខួប មានអាការដូចគ្នា និងទទួលបានការវះកាត់កូនប្រុស បានទទួលការវះកាត់ជាលើកទី២ ដោយលើកទី១ ធ្វើនៅសៀមរាប ជាមួយអ្នកស្រីផ្ទាល់ ដោយសារអាការនៅមិនទាន់ស្អាតល្អ។
នៅក្នុងប្រតិបត្តិការវះកាត់ចុងក្រោយបង្អស់របស់អង្គការ Smile Cambodia មន្ទីរពេទ្យបង្អែកខេត្តកំពត ជាពន្លឺនៃក្តីសង្ឃឹមសម្រាប់គ្រួសារដែលមានកូនតូចៗមានបញ្ហាមាត់ និងក្រអូមឆែប។
អង្គការ Smile Cambodia ថ្មីៗនេះបានបញ្ចប់បេសកកម្មវះកាត់ដោយជោគជ័យនៅខេត្តកំពត ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ ដែលពួកគេបានធ្វើការវះកាត់មនុស្សជាច្រើននាក់ដែលមានអាការបបូរមាត់ឆែប និងក្រអូមឆែប។
លោក ចាន់ កុកឆយ អនុប្រធានអង្គការ Smile Cambodia បាននិយាយថា៖ «ខ្ញុំរីករាយ សូមជម្រាបថា ពួកយើងបានធ្វើការវះកាត់កុមារ និងមនុស្សពេញវ័យចំនួន៤០ នាក់ អំឡុងបេសកកម្មវះកាត់រយៈពេល ៣ ថ្ងៃរបស់យើងនៅខេត្តកំពត។ វាជាបេសកកម្មដ៏ជោគជ័យមួយ ខណៈដែលការវះកាត់ទាំងអស់ដំណើរការល្អ ហើយអ្នកស្ម័គ្រចិត្តជប៉ុន និងអ្នកស្ម័គ្រចិត្តក្នុងស្រុកសប្បាយរីករាយក្នុងការជួយឱ្យពួកគេអាចញញឹមជាថ្មី»។
បេសកកម្មនេះ គាំទ្រដោយសប្បុរសជន និងអ្នកស្ម័គ្រចិត្តពេទ្យមកពីប្រទេសជប៉ុន និងកម្ពុជា បានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
អង្គការ Smile Cambodia ប្តេជ្ញាជួយកុមារក្រីក្រ សហការជាមួយគ្រូពេទ្យជំនាញជប៉ុន និងក្នុងស្រុក ដើម្បីផ្តល់ការវះកាត់ផ្លាស់ប្តូរជីវិតទាំងនេះ។ អង្គការសូមអរគុណអ្នកស្ម័គ្រចិត្តទាំងអស់សម្រាប់ការរួមចំណែកដ៏សំខាន់របស់ពួកគេ។
លោក កុកឆយ បានឱ្យដឹងថា បញ្ហាហ្ស៊ែនតំណរពូជគឺជាកត្ដារួមផ្សំមួយប៉ុន្ដែមានហេតុផលជាច្រើន រួមទាំង ការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីមួយចំនួន ហើយបញ្ហានេះត្រូវបានកត់សម្គាល់ឃើញមាននៅប្រទេសវៀតណាមដែលមានប្រជាជនឆែបមាត់ច្រើន។
លោក ចាន់ កុកឆយ បច្ចុប្បន្នមានអាយុ ៦៣ ឆ្នាំ ធ្លាប់ជានាយកប្រតិបត្ដិធនាគារនៅកម្ពុជា ជាពិសេសធនាគារវឌ្ឍនៈ។ អាជីពរបស់លោកដែលមានរយៈពេលជាង ៣០ ឆ្នាំ បានចាប់ផ្តើមនៅធនាគារសាធារណៈនៅប្រទេសម៉ាឡេស៊ី វៀតណាម និងកម្ពុជា។
កាលនៅប្រទេសវៀតណាម លោក កុកឆយ បានពើបប្រទះមនុស្សឆែបមាត់ជាច្រើន។ បទពិសោធន៍នេះបានជំរុញរូបលោកធ្វើអ្វីម្យ៉ាង ដែលនាំឱ្យលោកផ្តល់មូលនិធិផ្ទាល់ខ្លួនសម្រាប់ការព្យាបាលបុគ្គលទាំងនេះ ជាទង្វើនៃចិត្តសប្បុរសដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្ស ១០ នាក់។
វិភាគទានរបស់លោកដែលមានចាប់ពី ១ ០០០-២ ០០០ ដុល្លារ ក្នុងមនុស្សម្នាក់ បានជួយសម្រួលដល់ការចូលរួមដំណើរការវះកាត់ដែលត្រូវការច្រើននៅប្រទេសវៀតណាម។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «បន្ទាប់មក ខ្ញុំបានមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដែលស្ថាបនិកនៃ Operation Smile USA មានបេសកកម្មនៅទីនេះ ហើយបានទាក់ទងខ្ញុំដើម្បីចាប់ផ្តើម Smile Cambodia។ គ្មាននរណាម្នាក់ចង់ធ្វើកិច្ចការនេះទេ ដូច្នេះខ្ញុំបានទទួលយកអម្រែកនេះដើម្បីដំណើរការអង្គការក្នុងនាមជាអនុប្រធាន។ ការផ្លាស់ប្តូររបស់គាត់ពីអាជីពធនាគារដ៏ជោគជ័យ ទៅជាការចាប់ផ្តើម Smile Cambodia បង្ហាញពីការយកចិត្តទុកដាក់របស់ខ្ញុំចំពោះបុព្វហេតុសង្គម និងការអភិវឌ្ឍសហគមន៍»។
លោក កុកឆយ ថ្លែងបន្តថា៖ «ការចូលរួមរបស់ខ្ញុំជាមួយ Smile Cambodia ជាអង្គការដែលផ្តល់ការថែទាំវះកាត់ដោយឥតគិតថ្លៃដល់កុមារមានបញ្ហាបបូរមាត់ និងក្រអូមមាត់ឆែបនៅកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តផ្តល់អំណោយដល់សហគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខភាព និងសុខុមាលភាពសង្គម»។
បង្កើតឡើងក្រោមកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលក្នុងឆ្នាំ ២០១៥ អង្គការបានចាប់ដៃគូជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីធ្វើការវះកាត់ប្រចាំខែនៅមជ្ឈមណ្ឌលស្នាមញញឹម ដោយលើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាពសម្រាប់កុមារដែលរងផលប៉ះពាល់។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ យុទ្ធនាការ Operation Smile Cambodia និងអង្គការ Smile Cambodia បានផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់មនុស្សជិត ៦ ០០០ នាក់។
លោកគ្រូពេទ្យ ទា សុខឡេង មកពីមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ អំឡុងពេលវះកាត់ថា ទារកតូចៗអាចធ្វើការវះកាត់ក្រអូមមាត់ខាងក្នុងពីចន្លោះអាយុ ១ ខួបដល់ ២ ខួប ព្រោះនេះជាដំណាក់កាលដែលកុមារចាប់ផ្ដើមរៀននិយាយ ហើយការវះកាត់អំឡុងអាយុនេះ អាចធ្វើឱ្យកុមារនិយាយច្បាស់ នៅពេលគាត់ធំឡើង។
លោក វេជ្ជបណ្ឌិត នូ សារុំ ប្រធានផ្នែក សោភ័ណ្ឌសល្យសាស្ត្រនៃមន្ទីរពេទ្យព្រះកេតុមាលា មកពីមន្ទីរពេទ្យព្រះកេតុមាលា វេជ្ជបណ្ឌិត រស់ សុខហៀង មកពីមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត វេជ្ជបណ្ឌិត អ៊ុំ សីហា មកពីមន្ទីរពេទ្យព្រះកេតុមាលា រួមទាំងក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យកុមារជាតិ។
ក្នុងនាមជាផ្នែកសំខាន់មួយរបស់អង្គការ Smile Asia ជាបណ្តាញសប្បុរសធម៌ឯករាជទូទាំងពិភពលោក អង្គការ Smile Cambodia សហការក្នុងការដោះស្រាយបញ្ហាបបូរមាត់ និងក្រអូមមាត់ឆែប។ Smile Asia ដោយមានការចូលរួមពី Smile Cambodia បានធ្វើប្រតិបត្តិការក្នុងប្រទេសចំនួន២០ប្រទេស ដោយធ្វើការវះកាត់ទទួលបានជោគជ័យជាង ៧៥ ០០០ នាក់។
លោក កុកឆយ ថ្លែងថា លោកកំពុងធ្វើការអំពាវនាវយ៉ាងស្មោះស្ម័គ្រចំពោះឪពុកម្តាយរបស់កុមារដែលមានបញ្ហាបបូរមាត់ និងក្រអូមមាត់ឆែប នៅទូទាំងប្រទេសដោយលោកជំរុញឱ្យពួកគេនាំកូនអាយុ ៣ ខែមកព្យាបាល។
លោក កុកឆយ បានថ្លែងឱ្យដឹងបន្ថែមទៀតថា៖ «អន្តរាគមន៍ទាន់ពេលគឺមានសារៈសំខាន់ព្រោះវាជួយបង្កើនឱកាសរបស់កុមារទាំងនេះដឹកនាំជីវិតធម្មតា ទាំងរូបរាង និងសមត្ថភាពសំឡេង»។
លោកនិយាយថា៖ «ការព្យាបាលបញ្ហាបបូរមាត់ និងក្រអូមមាត់ឆែបតាំងពីតូចអាចពង្រឹងលទ្ធផលបានយ៉ាងខ្លាំង លើកកម្ពស់គុណភាពជីវិតរបស់កុមារនៅពេលពួកគេធំធាត់។ អ្នកដឹងថា បើអ្នកគ្រាន់តែធ្វើអ្វីមួយ អ្នកអាចផ្លាស់ប្តូរជីវិតរបស់មនុស្សម្នាក់។ អ្នកផ្តល់ឱ្យពួកគេនូវពន្លឺជីវិតថ្មី ដូច្នេះសម្រាប់ខ្ញុំ នេះគឺជាការពេញចិត្តខ្លាំងណាស់»។
លោកបានបន្ថែមថា ការគាំទ្រពីប្រធាន លោកស្រី ពេជ្រ ច័ន្ទមុនី និងលទ្ធភាពនៃការធ្វើការជាមួយអង្គការរបស់ភរិយាលោកនាយករដ្ឋមន្ដ្រី នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TIDA ដែលផ្តោតលើការព្យាបាលធ្មេញ និងវេជ្ជសាស្ត្រ។
លោកថ្លែងថា៖ «ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំគិតថា វាជាក្តីសង្ឃឹមរបស់ខ្ញុំដែលយើងអាចធ្វើបន្ថែមទៀត។ បើយើងមានអ្នកជំងឺច្រើនជាងនេះ ខ្ញុំនឹងអាចប្រមូលគ្រូពេទ្យពីបរទេសមកកាន់តែច្រើន។ ខ្ញុំមានការប្តេជ្ញាចិត្តពីសហការី Smile Asia របស់ខ្ញុំ។ ប្រសិនបើមានអ្នកជំងឺពី ២០០-៣០០ នាក់ ក៏មិនអីដែរ យើងនឹងអាចធ្វើការវះកាត់ទ្រង់ទ្រាយធំបាន»៕