ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសរកឃើញជំងឺអុតស្វាដែលជាវីរុសឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតលើបុរសអាយុ ២៨ ឆ្នាំម្នាក់ នៅភ្នំពេញខណៈបុគ្គលិកសុខាភិបាល បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែធ្នូ ឱ្យដឹងថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ១២ ខែធ្នូបានបញ្ជាក់ថា មានករណីជំងឺអុតស្វា កើតលើបុរសម្នាក់ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រសួងបញ្ជាក់ថា៖ «នៅថ្ងៃទី ៣០ ខែវិច្ឆិកា បុរសនេះចាប់ផ្តើមមានរោគសញ្ញា នៅប្រដាប់ភេទបន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើងហើយបានស្វែងរកការពិគ្រោះជំងឺនៅមន្ទីរពេទ្យ និងត្រូវបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ»។
ជាមួយគ្នានេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញបាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ព្រមទាំងធ្វើយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ចំពោះរបៀបចម្លងនៃវីរុសអុតស្វា គឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកមានជំងឺអុតស្វា និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារស្លាបព្រា ចាន កែវទឹក។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក ងី មានហេង បានថ្លែងប្រាប់បន្ថែមនៅថ្ងៃទី ១៣ ខែធ្នូថា វីរុសអុតស្វាដែលរកឃើញថ្មីនេះបានកើតលើបុរសខាងលើដែលរស់នៅបន្ទប់ជួលម្នាក់ឯង និងពុំទាន់មានគ្រួសារនៅឡើយទេ។ បុគ្គលិកជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងបន្តស្រាវជ្រាវករណីសង្ស័យពាក់ព័ន្ធ ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលនៅឡើយទេ។
លោក ងី មានហេង បញ្ជាក់ថា៖ «ឆ្នាំមុន ជំងឺអុតស្វានេះកើតមាន ១ ករណីលើជនបរទេស គឺជាករណីនាំចូល ប៉ុន្តែជំងឺដែលកើតឡើងលើជនជាតិខ្មែរនេះ យើងកំពុងសាកសួរបន្ថែម»។
ក្រសួងសុខាភិបាល ក៏បានណែនាំពីវិធានការបង្ការការចម្លងជំងឺអុតស្វា រួមមានអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ និងចៀសវាងមានដៃគូរួមភេទច្រើន។ ចៀសវាងការប៉ះពាល់ផ្ទាល់ដូចជាឱប ថើប ម៉ាស្សា និយាយជិតគ្នាជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។
បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថា មានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់ ហើយបុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។
ក្រសួងសុខាភិបាល ក៏បានណែនាំចំពោះបុគ្គលិកសុខាភិបាល ឱ្យចូលរួមលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរអ្នកជំងឺ ព្រមទាំងអនុវត្តការបង្ការ និងត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពស្របតាមលក្ខណៈបច្ចេកទេស។ ជាពិសេសមានការប្រុងប្រយ័ត្នចំពោះការប៉ះពាល់ និងតំណក់ទឹកតូចៗ ដោយប្រកាន់ខ្ជាប់ខ្ជួនចំពោះអនាម័យដៃ ឧបករណ៍ការពារផ្ទាល់ខ្លួន ការចាប់កាន់បរិក្ខារវេជ្ជសាស្ត្រដែលមានមេរោគ ការបោកគក់កាកសំណល់ដែលឆ្លងមេរោគឱ្យបានត្រឹមត្រូវ ព្រមទាំងការសម្អាត និងសម្លាប់មេរោគ។
សូមរំឭកថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ បានប្រកាសរកឃើញជំងឺអុតស្វា (Monkeypox) លើបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលជាករណីនាំចូលពីប្រទេសថៃ៕