កំពង់ចាម: ស្លឹកគ្រៃធ្លាប់តែត្រូវបានដាំនៅក្បែររបងរបស់អ្នកភូមិ សំបូរមានជ័យ នៅពេលនេះ បានប្រែក្លាយទៅជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍ ដោយសារការសាងសង់ប្រឡាយបេតុងថ្មីមួយដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះបានធ្វើឱ្យបដិវត្តន៍ការអនុវត្តកសិកម្មនៅក្នុងសហគមន៍កសិកម្មសំបូរមានជ័យ ធ្វើឱ្យប្រព័ន្ធធារាសាស្ត្រកាន់តែមានប្រសិទ្ធភាព និងជំរុញទិន្នផលដំណាំកាន់តែច្រើន។
លោក ផុត សារិទ្ធ សមាជិកសហគមន៍ បានឱ្យដឹងថា៖ «នៅពេលដើមស្លឹកគ្រៃងាយស្រួលដាំ និងអាចដាំបាននៅគ្រប់ទីកន្លែង ប្រជាពលរដ្ឋរួមទាំងចាស់ៗ កាន់តែច្រើននាំគ្នាដាំខណៈអ្នកបង្កបង្កើនផលស្រូវបង្កើនបរិមាណដីដាំ ដោយសារតែមានប្រភពទឹកគ្រប់គ្រាន់»។
លោក សារិទ្ធ ឱ្យដឹងថា ពីមុនមក ស្រូវប្រឈមនឹងតម្លៃផងហើយនៅពេលខ្វះទឹកលោកទទួលផលស្រូវ ១ ហិកតា ៣ តោន ខណៈទទួលបានប្រឡាយស្រោចស្រពទឹកគ្រប់គ្រាន់ លោកទទួលបានផលចន្លោះពី ៤ ទៅ ៦ តោន។ ក្រោយសហគមន៍ត្រូវបានបង្កើតឡើង ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងដោយសារតែការជួយចំគោលដៅរបស់ ADB រួមជាមួយរាជរដ្ឋាភិបាល។
អ្នកស្រី ម៉ម គីមហុង ប្រធានគណៈកម្មការត្រួតពិនិត្យនៅសហគមន៍កសិកម្មសំបូរមានជ័យឱ្យដឹងថា អ្នកស្រីទទួលស្គាល់ថា ប្រឡាយទឹកបេតុងនេះផ្ដល់អត្ថប្រយោជន៍ច្រើន ដែលកន្លងមកសូម្បីតែការធ្វើដំណើរលើដងផ្លូវ ក៏ប្រជាពលរដ្ឋជួបការលំបាកខ្លាំងដែរ។ ក្រោយទទួលបានផ្លូវថ្នល់និងប្រឡាយទឹកពី ADB សហគមន៍ធ្វើស្រែចម្ការបានផលល្អ។ កន្លងមកការបង្កបង្កើនផលស្រូវធ្វើតែម្ដងក្នុងមួយឆ្នាំ ហើយដើមស្លឹកគ្រៃក៏មិនមានវត្ដមានដែរ។ «បច្ចុប្បន្ននេះដំណាំស្រូវ យើងអាចដាំពី ២ ទៅ ៣ ដង ហើយយើងបង្វែរពីដំណាំខ្លះមកដាំស្លឹកគ្រៃ យើងប្រមូលផល ២ ដងក្នុងមួយឆ្នាំ»។
ការរីកចម្រើន និងការបណ្តាក់ទុនរបស់សហគមន៍ក្រោយពីបានសិក្សាភាពចាំបាច់ក្នុងតំបន់ ដោយមានការខ្វះខាតលើទុនសម្រាប់ផលិតផលិតផលកសិកម្ម និងបច្ចេកទេសកសិកម្ម ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ខេត្ដកំពង់ចាមបានផ្ដួចផ្ដើមបង្កើតសហគមន៍កសិកម្មសំបូរមានជ័យនេះ ដោយបានចុះបញ្ជីនៅមន្ទីរកសិកម្មខេត្ដកំពង់ចាមកាលពីខែធ្នូ ឆ្នាំ ២០១០។
សហគមន៍ចាប់ផ្ដើមជាមួយសមាជិកដំបូងសរុប ៨៨ នាក់ (ស្ដ្រី ៥០ នាក់) ខណៈបច្ចុប្បន្នសហគមន៍មានសមាជិកជិត ២ ពាន់នាក់ ជាមួយវត្ដមានស្ដ្រីជាង ៨០០ នាក់។
លោក ផេន វុទ្ធី សមាជិកក្រុមប្រឹក្សាភិបាលសហគមន៍ឱ្យដឹងថា ការចាប់ផ្ដើមជាមួយទុនតែជាង ៨ លានរៀលរបស់សមាជិក ៨៨ នាក់ បច្ចុប្បន្ន ទុនរបស់ពួកគេបានកើនដល់ជាង ៣ ពាន់លានរៀលដោយមានភាគហ៊ុនសរុប ១៧ ៣៧៦ ហ៊ុន។ បច្ចុប្បន្ន សហគមន៍កសិកម្មសំបូរមានជ័យ បង្កើតមុខរបរបង្កបង្កើនផលស្រូវ ស្រូវពូជ ប្រេងស្លឹកគ្រៃ ស្មៅ King Grass ដំណាំឪឡឹក ចេក ម្នាស់ទៅកាន់ផ្សារទំនើបម៉ាក្រូ។
លោក វុទ្ធី ឱ្យដឹងថា៖ «សម្រាប់ទីផ្សារស្លឹកគ្រៃ ១ ឆ្នាំសហគមន៍លក់បានជាង ១ ៥០០ តោន ជាពិសេស រយៈពេលនៃការផ្គត់ផ្គង់បានកើនឡើងពីត្រឹម ៦ ខែទៅដល់ ១១ ខែក្នុង ១ ឆ្នាំ។ សហគមន៍ក៏បានផ្គត់ផ្គង់ជីធម្មជាតិ សម្ភារកសិកម្ម បន្លែ ត្រី និងសាច់ទៅតាមសាលារៀនថែមទៀត។ ចំពោះសេវាកម្ម សហគមន៍មានសេវាដឹកជញ្ជូន សេវាឥណ្ឌទាន សេវាវេរប្រាក់ និងទីផ្សារស្លឹកគ្រៃ»។
ការគាំទ្រដោយគម្រោង TSSD-AF របស់ ADB សហគមន៍ទទួលបានឃ្លាំងស្ដុកស្រូវពូជ ក្នុងឆ្នាំ ២០១៤ ទំហំ ៨ គុណ ១២ ម៉ែត្រ ប្រឡាយទឹកបេតុង ៨៧៥ ម៉ែត្រ បច្ចេកទេសផលិតស្រូវពូជ ទីផ្សារស្រូវពូជ ដំណើរទស្សនកិច្ចសិក្សា ផ្ដល់ម៉ាស៊ីនបូមទឹកជាដើម។
លោក វុទ្ធី បន្ដថា៖ «ថ្មីៗនេះ គម្រោងរបស់ ADB បានកសាងប្រឡាយទឹកបេតុងដែលបានផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍យ៉ាងច្រើន។ មុនពេលគម្រោងមិនទាន់មកដល់ រាល់ដំណាំកសិកម្មយើងបានធ្វើទាំងអស់តែងតែជួបបញ្ហាខ្វះទឹកដោយសារប្រឡាយដីមិនអាចបង្ហូរទឹកសម្រាប់ការស្រោចស្រពបានឆ្ងាយឡើយ»។
ការចូលរួមចំណែករបស់ ADB ចំពោះការធ្វើពិពិធកម្មកសិកម្ម TSSD-AF ជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដោយផ្តោតលើការលើកកម្ពស់ផលិតភាពកសិកម្ម និងការកែលម្អលទ្ធភាពទទួលបានទីផ្សារ ដោយផ្តោតលើឃុំគោលដៅចំនួន ២៧០ ក្នុងខេត្តចំនួន ៧ គឺបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ ព្រៃវែង សៀមរាប និងត្បូងឃ្មុំ។ បើតាម ADB បន្ទាប់ពីការស្តារប្រឡាយធន់នឹងអាកាសធាតុ សមាជិកសហគមន៍បានពង្រីកការអនុវត្តកសិកម្មរបស់ពួកគេដើម្បីរួមបញ្ចូលដំណាំផ្សេងទៀតក្រៅពីស្រូវ។
គំនិតផ្តួចផ្តើមនេះជាគំរូនៃការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងអាកាសធាតុ និងការផ្គត់ផ្គង់ជីវភាពរស់នៅ។ បើគ្មានការស្តារ និងកសាងប្រឡាយបេតុងថ្មីនេះទេ ទឹកដែលហូរពីបឹង ជាប្រភពទឹករបស់សហគមន៍នឹងត្រូវបានបឺតចូលទៅក្នុងដី និងមិនអាចហូរបានឆ្ងាយទេ។ នេះបើយោងតាម លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា។
ប្រឡាយបេតុងថ្មីដែលផ្តល់ទឹកបានពេញមួយឆ្នាំ អនុញ្ញាតឱ្យកសិករក្នុងសហករណ៍កសិកម្មអាចធ្វើពិពិធកម្មដំណាំរបស់ពួកគាត់បន្ថែមពីស្រូវ ទៅស្លឹកគ្រៃ ស្វាយចន្ទី ដំឡូងមី ដូង និងដំណាំជាច្រើនផ្សេងៗទៀត។
លោកស្រីឱ្យដឹងថា៖ «វាបានបង្កើតក្រុមផលិតកសិផលជាក់លាក់ ដូចជាក្រុមផលិតពូជស្រូវ ក្រុមអ្នកផលិតស្លឹកគ្រៃ និងក្រុមដំណាំដទៃទៀត។ ក្រុមនីមួយៗមានបណ្តាញទីផ្សារសម្រាប់លក់ផលិតផលរបស់ពួកគាត់ ដោយមានការផលិតនិងផែនការលក់ត្រឹមត្រូវដោយផ្អែកលើតម្រូវការទីផ្សារ»។ ការធ្វើកសិកម្មតាមកិច្ចព្រមព្រៀងត្រូវបានបង្កើតឡើងសម្រាប់ក្រុមនីមួយៗ ដែលអនុញ្ញាតឱ្យសមាជិកនៃក្រុមដឹងជាមុនពីតម្លៃផលិតផលដែលខ្លួននឹងផលិតដើម្បីលក់ចេញ។
ឥទ្ធិពលលើគ្រួសារ និងអនាគតកាលប្រឡាយបេតុងថ្មីនេះផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៩០៥ គ្រួសារ ដែលពួកគេដាំដំណាំតាមតម្រូវការទីផ្សារ ភាគច្រើនគឺស្លឹកគ្រៃ ដំណាំជី ខ្ញី ពោតផ្អែម ឪឡឹក ដូង និងដំឡូងមី។
លោកស្រី Varma ថ្លែងថា៖ «គម្រោងនេះមានតម្លៃប្រមាណ ២៣ ម៉ឺនដុល្លារ (ថវិកា ADB) ដែលរួមបញ្ចូលថ្លៃប្រឡាយបេតុង ឃ្លាំង និងថ្នាលសម្ងួត។ គម្រោងនេះបានប្រែក្លាយសហករណ៍កសិកម្មទៅជាអង្គការសហគមន៍ដំណើរការប្រកបដោយប្រសិទ្ធភាពបំផុតមួយក្នុងប្រទេសកម្ពុជា។ សហករណ៍មានឯកទេសខ្ពស់ក្នុងផលិតកម្មកសិកម្ម និងទីផ្សារផលិតផល»។
លោកស្រីបានលើកឡើងថា សមាជិកទាំងអស់ពេញចិត្តនឹងដំណើរការរបស់សហករណ៍ ហើយបានបង្កើនជីវភាពរបស់ពួកគេ ជាពិសេសតាមរយៈការធ្វើពិពិធកម្មដំណាំ។
ដើម្បីបង្កើនឱកាសផលិតកម្ម សហគមន៍បានសំណូមពរដល់ម្ចាស់គម្រោង បន្ដជួយសាងសង់ប្រឡាយទឹកបេតុងបន្ថែមទៀត ប្រវែង ១ ៥០០ ម៉ែត្រ។ លោក វុទ្ធី ថា៖ «ប្រសិនបើយើងទទួលបានប្រឡាយបេតុង ១ ៥០០ ម៉ែត្រទៀត ប្រជាជននៅតំបន់នេះបង្កបង្កើនផលស្រូវ និងស្លឹកគ្រៃអត់មានពេលសម្រាកទេ។ យើងអាចបង្កើនទិន្នផលស្រូវពី ៣០០ តោន ទៅដល់ ៥០០ តោនក្នុង ១ ឆ្នាំ»៕