ភ្នំពេញៈ កម្ពុជា-វៀតណាម បានឯកភាពដាក់ចេញទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង ២ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ ការពារជាតិ និងសន្តិសុខជាដើម។ ការឯកភាពនេះ ត្រូវបានសម្រេចឡើងនាឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសវៀតណាមរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ទី ១២ ខែធ្នូ ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ ចុះថ្ងៃទី ១២ ខែធ្នូ បានឱ្យដឹងថា៖ «ទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំង ២ កម្ពុជា-វៀតណាម និងបានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយ ការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម»។
ក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ ភាគីវៀតណាម បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជានាឱកាសនេះ ទំនាក់ទំនងទ្វេភាគីនឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
លោក ផាម មិញជិញ ក៏បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ជាក់ជាមិនខាន។
ជាកិច្ចឆ្លើយតប លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការនេះ។
លោកក៏បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឈរលើនិរន្តរភាព និងសង្គតិភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធានាបានផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំង ២។
ក្រៅពីនេះ នាយករដ្ឋមន្ត្រី ទាំង ២ បានបន្តផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពប្រទេសទាំង ២ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងរយៈកាលកន្លងមក។
លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទី ១២ ធ្នូ បន្ទាប់ពីអមដំណើរនាយករដ្ឋមន្ត្រីធ្វើមាតុភូមិនិវត្តន៍វិញថា ប្រទេសទាំង ២ ជាអ្នកជិតខាងជាមិត្តនឹងគ្នា និងមានទំនាក់ទំនងគ្នា ៥៦ ឆ្នាំមកហើយ ដែលប្រទេសទាំង ២ យល់ឃើញថា ដើម្បីប្រយោជន៍ រៀងៗខ្លួន គឺត្រូវតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច។
លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បានបញ្ជាក់ថា៖ «នៅលើវិស័យនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការមិនផ្លាស់ប្តូរនៃនយោបាយការបរទេសរបស់កម្ពុជានៅចំពោះមុខវៀតណាម គឺបន្តថែរក្សាមិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងគ្នានិងគ្នា»។
លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បានថ្លែងបន្តទៀតថា៖«ទស្សនកិច្ចណាក៏ដូចទស្សនកិច្ចណាគោលដៅចម្បងរបស់សម្តេច ហ៊ុន ម៉ាណែត គឺស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកចិញ្ចឹមម៉ាស៊ីនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យបន្តអូសទាញទៅរកភាពរុងរឿង»។
ជុំវិញដំណើរទស្សនកិច្ចនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែង ដោយយល់ឃើញថា ដោយសារប្រទេសកម្ពុជា-វៀតណាម ជាប់ព្រំដែនគ្នា ដូច្នេះកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យពិតជាមានសារៈសំខាន់សម្រាប់ប្រយោជន៍ប្រជាជនទាំង ២។
លោកបានបន្តថា៖«ពីព្រោះប្រទេសជាប់គ្នា បើសិនជាមានបញ្ហាជាមួយគ្នានឹងបង្កឱ្យមានអសន្តិសុខ បង្កការរាំងស្ទះទៅដល់ការអភិវឌ្ឍ សង្គម និងបញ្ហានយោយបាយជាដើម»។
លោក យង់ ពៅ បានបន្តថា៖ «ប្រទេសទាំង ២ មិនត្រឹមតែមានព្រំដែនជាប់គ្នាទេ គឺជាប្រទេសដែលមានចំណងមិត្តភាពជាមួយគ្នាទៅលើទិដ្ឋភាពតាំងពីសម័យប្រវត្តិសាស្ត្រដែលប្រទេសទាំង២បានជួយជ្រោមជ្រែងគ្នាទៅវិញទៅមកហើយប្រទេសទាំង ២ មិនអាចកាត់ផ្តាច់គ្នាបាន ដូច្នេះកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយពិតជាមានសារៈសំខាន់»។
លោកអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងដោយយល់ថា ប្រទេសទាំង ២ គួរដោះស្រាយចំណុចមួយចំនួនដែលមិនទាន់យល់គ្នា និងមិនមានតុល្យភាពខណៈដែលប្រជាជនកម្ពុជាបានកត់ចំណាំទុក និងចង់ឃើញមានដំណោះស្រាយសមស្រប។
លោកថា៖«ប្រជាជនបានកត់ចំណាំទុក ឧទាហរណ៍ អន្តោប្រវេសន៍វៀតណាមខុសច្បាប់នៅកម្ពុជា បញ្ហាដែលវៀតណាមសង់ប៉ុស្តិ៍ដោយមិនស្របច្បាប់តាមបណ្តោយព្រំដែនក្នុងដំណាក់កាលកូវីដ ១៩ ជាដើម និងបញ្ហាមួយចំនួនទៀត ដែលទាំងអស់នេះប្រទេសទាំង ២ ត្រូវតែដោះស្រាយជាមួយគ្នា កុំឱ្យមានមន្ទិលដែលរំលោភទៅដល់សន្ធិសញ្ញាអន្តរជាតិ ក៏ដូចជារំលោភទៅដល់សេចក្តីទុកចិត្តទៅលើកិច្ចសហប្រតិបត្តិការរវាងគ្នា»៕