ភ្នំពេញៈ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យមន្ត្រីតំណាងអង្គភាពពាក់ព័ន្ធចំណុះក្រសួងកសិកម្ម បន្តចូលរួមឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីបង្កើនល្បឿនឌីជីថលូបនីយកម្មរបស់ក្រសួង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥។
លោក គង់ ច័ន្ទវាសនា បានលើកទឹកចិត្តបែបនេះ ក្នុងពេលដែលលោកដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញឌីជីថលូបនីយកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១២ ខែធ្នូ ដើម្បីពិនិត្យវាយតម្លៃទៅលើលទ្ធផលការងារកន្លងមក និងដើម្បីលើកទិសដៅអនុវត្តបន្ត ដោយផ្តោតលើការរៀបចំផែនការយុទ្ធសាស្ត្រឌីជីថលូបនីយកម្មរបស់ក្រសួងកសិកម្ម ឱ្យបានរួចរាល់នៅដើមឆ្នាំ ២០២៤ ខាងមុខ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម។
សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្នុងចំណោមក្រសួងដំបូងគេរបស់រាជរដ្ឋាភិបាល ដែលបានចុះអនុស្សរណ:យោគយល់គ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល ដោយរដ្ឋមន្ត្រីនៃក្រសួងទាំង ២ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់នេះ កាលពីខែឧសភា ឆ្នាំ ២០២៣។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏ស្ថិតក្នុងចំណោមក្រសួងនាំមុខគេ ក្នុងការជំរុញអនុវត្តគោល នយោបាយរដ្ឋាភិបាលឌីជីថលផងដែរ៕