ភ្នំពេញៈ ក្នុងរយៈពេលជាង ៣០ ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ១ ៥១៨ លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងក្នុងវិស័យសំខាន់ៗរួមមាន វិស័យកសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យឯកជន។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ ស្តីពីជំនួបពិភាក្សាការងាររវាងលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងលោក Igor Driesmansឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលទើបតែតែងតាំងថ្មី។
ក្នុងជំនួបនេះក៏ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងកម្ពុជា និងសហភាពអឺរ៉ុបផងដែរ ក៏ដូចជា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក Igor Driesmans បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរកន្លងមក។
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានលើកឡើងពីវឌ្ឍនភាពនៃដំណើរការយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបឆ្នាំ ២០២១-២០២៧, កម្មវិធីណែនាំពហុឆាំ្នរបស់សហភាពអឺរ៉ុបថ្មី ឆ្នាំ ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យរបស់សហភាព អឺរ៉ុបក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជានៅពេលអនាគត។
លោកបានបញ្ជាក់ថា៖ «សហភាពអឺរ៉ុបបានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៨២ លានអឺរ៉ូ ដែលសមមូលនឹង ៨៨ លានដុល្លារក្នុងឆ្នាំ ២០២៣ ដើម្បីគាំទ្រការអនុវត្តគម្រោងក្នុងវិស័យសំខាន់ៗរួមមាន វិស័យកសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យឯកជន»។
លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបដែលបានបន្តប្ដេជ្ញាផ្ដល់ការគាំទ្រដល់កម្ពុជា ពិសេសសមិទ្ធផលសម្រេចបាននៅក្នុងការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០២១-២០២៧ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ ២០២១-២០២៧ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
លោកបានបញ្ជាក់ថា៖«តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា យើងសូមកោតសរសើរចំពោះសហភាពអឺរ៉ុបសម្រាប់គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប (Team Europe's Initiatives) ដែលជាយន្តការសំខាន់ ក្នុងការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកម្ពុជា ក្នុងការទាក់ទាញការវិនិយោគប្រកបដោយចីរភាព ជាពិសេសការរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩»។
ជាមួយគ្នានេះភាគីទាំង ២ ក៏បានបង្ហាញជំហរមុតមាំ និងការជឿជាក់ថា ចំណងការទូត និងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព
អឺរ៉ុបនឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរនាពេលអនាគត។
យោងតាមសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត នៅក្នុងថ្ងៃដដែលនោះ លោក ឈៀង យ៉ាណារ៉ា ក៏បានដឹកនាំមន្ដ្រីជាន់ខ្ពស់នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ ២០២៤-២០២៨។
សេចក្តីព្រាងយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ស្របតាមការវិវឌ្ឍនៃបរិការណ៍កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពិសេសការផ្លាស់ប្ដូរពីស័ក្ដិសិទ្ធិភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការ ទៅជាស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ ហើយមានសង្គតិភាពជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ មុំទី ៤ នៃបរិស្ថានគ្របដណ្ដប់ដែលបានតម្រង់ទិសគោលនយោបាយនៅក្នុងការពង្រឹងស័ក្តិសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូប្រកបដោយបរិយាបន្ន។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានស្នើឱ្យក្រុមការងាររៀបចំយុទ្ធសាស្ត្របន្តធ្វើការកែលម្អដោយដាក់បញ្ចូលមតិយោបល់របស់អង្គប្រជុំដើម្បីឱ្យឯកសារមានលក្ខណៈគ្រប់ជ្រុងជ្រោយមុនដាក់ស្នើសុំការអនុម័តពីនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានរៀបចំ និងអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូចំនួន២លើកសម្រាប់ឆ្នាំ ២០១៤-២០១៨ និងឆ្នាំ ២០១៩-២០២៣ រួចមកហើយ បន្ទាប់ពីការអនុវត្តប្រកបដោយជោគជ័យលើក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕