ភ្នំពេញៈ សមាជិករដ្ឋសភាបានបោះឆ្នោតជាឯកច្ឆន្ទផ្ដល់សេចក្ដីទុកចិត្តដល់លោក ប្រាជ្ញ ចន្ទ បន្តធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមជាមួយសមាជិក ៨ នាក់ផ្សេងទៀតសម្រាប់អាណត្តិថ្មីដោយទទួលបាន ១០១ សំឡេងនៃសមាជិកដែលបានចូលរួមក្នុងសម័យប្រជុំរដ្ឋសភាកាលពីម្សិលមិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចេញផ្សាយនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣។សេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា សមាសភាពជាប់ឆ្នោតមាន លោក ប្រាជ្ញ ចន្ទ ជាប់ជាប្រធាន គ.ជ.ប, លោក ជឺ ចំណាន ជាអនុប្រធាននិងសមាជិក ៧ នាក់មាន លោក មាន សទិ, លោក ឌឹម សុវណ្ណារុំ, លោក សោម សូរីដា, លោក ហេង ស៊ីឡេង, លោក យិច សមិទ្ធិ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។
សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧ រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងជាមុនសិន មុនចូលកាន់តំណែង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីម្សិលមិញបានឱ្យដឹងថា គ.ជ.ប គ្រោងធ្វើពិធីប្រកាសចូលកាន់តំណែងអាណត្តិថ្មីនៅថ្ងៃទី ១៤ ខែធ្នូ ក្រោមព្រះរាជក្រឹត្យ។
ទន្ទឹមគ្នានេះដែរ គជប ក៏ចេញសេចក្ដីប្រកាសព័ត៌មានដោយឡែកដែរដោយទទួលស្គាល់ជាផ្លូវការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ មានគណបក្សប្រជាជនកម្ពុជា មានបេក្ខជន ១១៦នាក់ ស្រី ២២ នាក់។ គណបក្សឆន្ទៈខ្មែរមានបេក្ខជន ១១៦ នាក់ ស្រី ២៣។ គណបក្សកម្លាំងជាតិ មានបេក្ខជន ១១៦ នាក់ ស្រី ១៧ នាក់ និងគណបក្សហ្វ៊ុនស៊ិនប៉ិចមានបេក្ខជន ១១៦ នាក់ ស្រី ៧ នាក់។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងកាលពីម្សិលមិញថា គ.ជ.ប នឹងបន្តអនុវត្តទៅតាមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ របស់ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ដែលមានជាធរមានក្នុងការរៀបចំការបោះឆ្នោតសកល និងអសកល រួមទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក សោម សូរីដា ថ្លែងថា គ.ជ.ប សម្រាប់អាណត្តិថ្មីនេះ នឹងខិតខំប្រឹងប្រែងបំពេញការងារ ក្នុងសមត្ថកិច្ចរបស់ខ្លួន ដែលជាស្ថាប័នជាតិរៀបចំចាត់ចែងការបោះឆ្នោត តាមការកំណត់នៃរដ្ឋធម្មនុញ្ញ រួមជាមួយច្បាប់ ស្តីពីការប្រព្រឹត្តទៅនៃការរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតដែលមានជាធរមាន។
លោក សោម សូរីដា បានថ្លែងថា៖ «ជាការតាំងចិត្តរបស់ខ្ញុំ គឺធ្វើយ៉ាងណារៀបចំចាត់ចែងការបោះឆ្នោត ឱ្យមានសេរីភាព ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
លោក សំ គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិក នៅថ្ងៃទី ១៣ ខែធ្នូ បានប្រាប់ឱ្យដឹងថា ការដែលរដ្ឋសភាកម្ពុជា បោះឆ្នោតឱ្យលោក ប្រាជ្ញ ចន្ទ បន្តធ្វើជាប្រធានគ.ជ.ប សម្រាប់អាណត្តិថ្មីនេះ គឺដោយសារ គណបក្សប្រជាជនកម្ពុជាមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ហើយលោកប្រាជ្ញ ចន្ទ ក៏ជាសមាជិក របស់គណបក្សនេះដែរ។
លោក សំ គន្ធាមី ថ្លែងថា៖ «សមាជិកគ.ជ.ប ទាំង ៩ រូប ដែលមកពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា (គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច) និងអង្គការសង្គមស៊ីវិល ក្រោមការដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ នឹងធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន ព្រោះសមាសភាព នៃសមាជិក គ.ជ.ប ទាំងនេះ មកពីចម្រុះគណបក្ស និងអង្គការសង្គមស៊ីវិល»។
លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងថា គណបក្សនៅក្រៅរដ្ឋាភិបាលសង្ឃឹមថា សមាសភាពសមាជិក គ.ជ.ប នៃអាណត្តិថ្មីនេះ នឹងធ្វើឱ្យមានការប្រែប្រួលមួយចំនួន ចំពោះការរៀបចំ និងដំណើរការនៃការបោះឆ្នោតនៅពេលខាងមុខ ដើម្បីឱ្យមានតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់គ្រប់គណបក្សដែលចូលរួមការបោះឆ្នោត៕