ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកបង្ហាញនូវយន្តការ និងយុទ្ធសាស្ត្រ មួយចំនួន ដើម្បីរួមចំណែក ក្នុងការទប់ស្កាត់និងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី ២៨ (COP28) និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលធ្វើឡើងពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែធ្នូ។
តាមរយៈហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី ១៣ ខែធ្នូ បានបញ្ជាក់ថា៖ «ការលើកឡើងរបស់លោក អ៊ាង សុផល្លែត គឺជាការនាំជោគជ័យថ្មីបន្ថែមទៀតរបស់កម្ពុជា លើឆាកអន្តរជាតិ ដើម្បីពង្រឹងនិងពង្រីកចំណងទំនាក់ទំនងល្អ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងផ្នែកនយោបាយផងដែរ»។
លោក អ៊ាង សុផល្លែត ថ្លែងថា កម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការចូលរួមចំណែក ក្នុងការទប់ស្កាត់និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយបាននាំនូវកាដូ ដែលជាយន្តការ និងយុទ្ធសាស្ត្រសំខាន់ចំនួន ៧ ដាក់ជូន និងពិភាក្សាក្នុងសន្និសីទពិភពលោករបស់សន្និសីទក្របខ័ណ្ឌ សហប្រជាជាតិ។
យន្តការ និងយុទ្ធសាស្ត្រទាំងនោះមានដូចជា៖ ការលុបចោលគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញ, ប្រទេសកម្ពុជាអភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១ ០០០ មេហ្គាវ៉ាត់ ឱ្យបានមុនឆ្នាំ ២០២៨។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត ៧០%។
លោក សុផល្លែត បានបញ្ជាក់ទៀតថា៖ «កម្ពុជាស្អាត តាមរយៈការកាត់បន្ថយ ការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង ៣ លាននាក់ និងកំពុងកើនឡើងបន្តបន្ទាប់,យុទ្ធសាស្ត្រកម្ពុជាបៃតង តាមរយៈការដាំដើមឈើយ៉ាងតិច ចំនួន ១ លានដើម ក្នុងមួយឆ្នាំពង្រីកគម្របព្រៃឈើ បាន ៦០% នៅឆ្នាំ ២០៥០»។
លោកថា កម្ពុជាបន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនី ដោយប្រើធ្យូងថ្មនៅកម្ពុជា និងបន្តមិនអនុញ្ញាតឱ្យសាងសង់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។
ក្នុងនោះលោករដ្ឋមន្ត្រី ក៏បានបង្ហាញពីការគាំទ្រ និងប្ដេជ្ញាចិត្តរបស់កម្ពុជាលើសេចក្ដីប្រកាសជាសកល ស្ដីពីនិរន្តរភាពប្រព័ន្ធស្បៀងវិស័យកសិកម្ម និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលបានផ្ដោតលើអាទិភាពរួមមាន៖ ការលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន,ការតស៊ូមតិសម្រាប់សន្តិសុខស្បៀង និងសុខុមាលភាពអាហារូបត្ថម្ភ និងពង្រីកការអនុវត្តកសិកម្មឆ្លាតវៃ និងយុទ្ធសាស្ត្របញ្ចេញកាបូនទាប ជាធាតុផ្សំសំខាន់នៃការសម្របខ្លួន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ។
ជុំវិញរឿងនេះ លោកស្រី ផ្លឹក ភីរុំ អ្នកសម្របសម្រួលបណ្តាញជនជាតិដើមភាគតិច ប្រចាំខេត្តមណ្ឌលគីរីបានថ្លែងថា ការដាក់ចេញយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានបែបនេះ គឺជារឿងល្អ ដែលវានឹងក្លាយជាត្រីវិស័យតម្រង់ទិសយ៉ាងសំខាន់សម្រាប់លើកស្ទួយជីវភាពប្រជាពលរដ្ឋ ពិសេសសហគមន៍ជនជាតិភាគតិច ដែលអាស្រ័យផលនឹងធនធានធម្មជាតិ។
លោកស្រីបន្តថា៖ «ដើម្បីឱ្យយន្តការ និងយុទ្ធសាស្ត្រនេះសម្រេចជោគជ័យបាន គឺទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ខណៈខ្ញុំក៏សូមស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែជជែកនិងពិភាក្សាជាមួយសហគមន៍ ព្រោះតំបន់ការពារធនធានធម្មជាតិភាគច្រើនមានសហគមន៍ជនជាតិដើមភាគតិចជាអ្នកការពារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដែលងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។
បើតាមក្រសួងបរិស្ថាន សន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) មានមេដឹកនាំរដ្ឋភាគីចំនួន ១៩៦ ប្រទេស បុគ្គលល្បីៗ អ្នកវិទ្យាសាស្ត្រ តំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រទេសអ្នកសង្កេតការណ៍ អ្នកសារព័ត៌មានចូលរួម សរុបចំនួនជិត ៧ ម៉ឺននាក់។
ក្នុងនោះកម្ពុជា និងបណ្តាប្រទេសដែលបានចូលរួម ក៏បានអនុម័តសេចក្តីប្រកាសរួមជាផ្លូវការ ស្តីពីប្រព័ន្ធស្បៀង ដែលមានភាពធន់និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ នៅក្នុងក្របខ័ណ្ឌនៃសន្និសីទ COP28។
សារៈសំខាន់នៃប្រកាសរួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្ត របស់រដ្ឋាភិបាលស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូននិងការអភិវឌ្ឍដោយចីរភាព សំដៅឈានទៅទប់ស្កាត់និងកាត់បន្ថយការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព៕