ភ្នំពេញៈគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ(គ.ស.ព.ស)បានបើកសិក្ខាសាលាលើកដំបូងរបស់ខ្លួនដើម្បីប្រមូលធាតុចូលសំខាន់ៗពីតួអង្គពាក់ព័ន្ធ ជជែកពិភាក្សាគ្នាពីបញ្ហាប្រឈម ចែករំលែកបទពិសោធន៍ល្អៗជូនដល់សិក្ខាកាមនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ដើម្បីពង្រឹងការងារលើផ្នែកព័ត៌មាន ក្នុងបំណងអនុវត្តភារកិច្ចជាក់ស្តែងឱ្យមានប្រសិទ្ធភាពខ្ពស់។
សិក្ខាសាលាលើកទី១ របស់ គ.ស.ព.ស ធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានរបស់ គ.ស.ព.ស និងវត្តមានវាគ្មិនកិត្តិយសលោកនេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។សិក្ខាសាលានេះក៏មានការចូលរួមពីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងបណ្តាញសង្គមនៅតាមបណ្តារាជធានីខេត្តសរុបប្រមាណ ២០០ នាក់។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងសិក្ខាសាលានេះ លោក ស្វាយ ស៊ីថា លើកឡើងពីសារៈសំខាន់នៃព័ត៌មានដែលដើរតួនាទីនិងដំណើរការអភិវឌ្ឍប្រទេស ខណៈស្ថាប័នព័ត៌មានរដ្ឋាភិបាលជាសេនាធិការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ជាពិសេសការគ្រប់គ្រង ការពារ ឆ្លើយតប បកស្រាយ និងពន្យល់ដល់មជ្ឈដ្ឋានមហាជនឱ្យជ្រាបពីការពិត។
ជាមួយគ្នានេះលោកបានលើកឡើងពីកង្វល់ជុំវិញទំនើបកម្មបច្ចេកវិទ្យាព័ត៌មានមួយចំនួននៅយុគសម័យឌីជីថលនេះ ដែលជះឥទ្ធិពលដល់ការងារព័ត៌មាន និងសាធារណមតិ តួយ៉ាងភាពជឿនលឿននៃបច្ចេកវិទ្យាសិប្បនិម្មិត ហៅកាត់ថា AI ដែលជាបញ្ហាប្រឈមទាំងសម្រាប់កម្ពុជា និងបណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំងសហរដ្ឋអាមរិក និងអឺរ៉ុបផង ដែលទាមទារបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន។
លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា៖«ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ.ស.ព.ស. ត្រូវបានបង្កើតឡើងក្នុងនាមជាយន្តការដើម្បីសម្របសម្រួល សហការ និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដានៃការអនុវត្តការងារ តម្រង់ទិសនិងផ្តល់ជាអនុសាសន៍ ដើម្បីតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានដំណើរការប្រកបដោយប្រសិទ្ធភាព ជាពិសេសដើម្បីបង្កើតបានជាចលនាជាតិមួយសម្រាប់បង្កើតសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ»។
លោកទេសរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើតច្រកចេញ-ចូលមួយដែលមានកិច្ចសហការលើផ្នែកព័ត៌មាន និងសាធារណៈ រវាង គ.ស.ព.ស និងបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដើម្បីប្រមូលកម្លាំងសរុបសម្រេចគោលដៅរួម។
ជាមួយគ្នានេះដែរ លោកនេត ភក្ត្រា ជាអនុប្រធានទី១ នៃ គ.ស.ព.ស បានជំរុញឱ្យសិក្ខាកាមទាំងអស់ ពង្រឹងយន្តការព័ត៌មាននិងសាធារណៈមតិ តាមយុទ្ធសាស្ត្របែបប្រមូលកម្លាំងសរុប មធ្យោយបាយរួម ក្នុងនាមរដ្ឋាភិបាលតែមួយ ជាក្រុមតែមួយ ប្រើសំឡេងតែមួយ ភាសាតែមួយ ដើម្បីសម្រេចគោលដៅរួម។ លោកក៏លើកទឹកចិត្តឱ្យមានការខិតខំស្រាវជ្រាវ ប្រមូលចងក្រងព័ត៌មានពាក់ព័ន្ធក្រសួង ស្ថាប័ន រាជធានី ខេត្ត ផងដែរ ធានាជំរុញការផ្សព្វផ្សាយរហូត និងមានប្រសិទ្ធភាព លើគ្រប់មធ្យោយបាយ ទាំងនៅលើបណ្តាញសង្គម។
លោកបានសង្កត់ធ្ងន់ថា៖«ការងារព័ត៌មាន និងសាធារណមតិមានភាពចាំបាច់ណាស់សម្រាប់បម្រើចិត្តសាស្ត្រ និងការគ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានដែលក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រូវតែខិតខំពង្រឹងនូវយន្តការដ៏សំខាន់នេះ ដែលជាកម្លាំងរួមសម្រាប់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា»។
ចំណែកលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. ក៏បានលើកឡើងដែរថា គណៈកម្មាធិការជាតិនេះ បង្កើតឡើងក្នុងគោលបំណងជួយសម្របសម្រួលធានាដល់ព័ត៌មានដែលផ្តល់ទៅប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព មានន័យជារួមដល់ក្រុមអ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នា ចែករំលែកព័ត៌មានគ្នា តាមដានព័ត៌មាន និងឆ្លើយតបទៅអ្នកសារព័ត៌មាន និងប្រជាជនប្រកបដោយការពិត និងមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងសាធារណមតិវិញ លោកថា មន្ត្រីនៅតាមក្រសួង ស្ថាប័ន នានា ត្រូវតាមដាន និងពិនិត្យមើលមតិ ឬសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងសម្របសម្រួល ដើម្បីឈានទៅរកការដោះស្រាយ និងឆ្លើយតបឱ្យមានប្រសិទ្ធភាព ស្របនឹងការរីកលូតលាស់នូវបច្ចេកវិទ្យាព័ត៌មាន ជាពិសេសបណ្តាញសង្គម។
លោកថា៖«កន្លងមក មានគេថា អ្នកនាំពាក្យនិយាយតែការពារអត់ការពិតទេ តែខ្ញុំចង់ប្តូរទ្រឹស្តីហ្នឹងវិញ គឺអ្នកនាំពាក្យយកការពិតទៅការពាររដ្ឋាភិបាល បានន័យថា រដ្ឋាភិបាលធ្វើការងារច្រើន ប៉ុន្តែមានព័ត៌មានខ្លះបំផ្លើសបង្ខូចអ៊ីចឹងអ្នកនាំពាក្យត្រូវយកការពិតទាំងហ្នឹងមកនិយាយដើម្បីបន្សាបព័ត៌មានមិនពិតនិងពន្យល់ប្រជាពលរដ្ឋ»។
ចំណែក លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) បានថ្លែងថា គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ គួរផ្តោតលើការផ្សព្វផ្សាយព័ត៌មានពីខាងរដ្ឋាភិបាលឱ្យបានទូលំទូលាយជាមួយការពង្រឹងការឆ្លើយតបនឹងតម្រូវការស្នើសុំព័ត៌មានប្រកបដោយគុណភាពពីសំណាក់សាធារណជន។
លោកថ្លែងថា៖«ការឆ្លើយតបទៀតសោតគួរតែផ្តោតទៅលើមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាននិងសិទ្ធិទទួលបានព័ត៌មាន។ ជាមួយគ្នានេះគ.ស.ព.ស គួរតែផ្តោតលើការជំរុញឱ្យមានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់រហ័ស និងការធានាអំពីលម្ហនៃការផ្សព្វផ្សាយព័ត៌មានពីគ្រប់មជ្ឈដ្ឋានផងដែរ»៕