​ភ្នំពេញៈ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោ​ក សុខ ទូច បាន​លើក​ឡើង​ថា អ្នក​ដែល​ទៅ​រៀន​ដោយ​គ្រាន់​តែ​កាន់​កាត​ឬ​បណ្ណ​ក្រីក្រ​ដើម្បី​បាន​ចូលរៀ​ន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ដោយ​មិន​មាន​គោល​បំណង​ គ្មាន​ការ​ខិតខំ​ប្រឹង​ប្រែង ​និង​ជ្រើស​រើស​ជំនាញ​ណាមួ​យ​ច្បាស់​លាស់ គឺ​គ្មាន​ន័យ​នោះ​ទេ​។​

​លោក​បាន​លើក​ឡើង​ដូច​នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្ដីពី«​សារៈ​សំខាន់​នៃ​ការ​ជ្រើស​រើស​មុខ​ជំនាញ​នៅ​ឧត្ដម​សិក្សា​និង​ក្រោយ​ឧត្ដម​សិក្សា​»ដែល​រៀប​ចំ​ដោយ​រាជ​បណ្ឌិត្យសភា​កម្ពុជា​កាល​ពី​ថ្ងៃទី​១៤ ​ខែធ្នូ ​ឆ្នាំ​២០២៣​។​

​លោក​សុខ ទូច បាន​ថ្លែង​ថា ជំនាញ​ឯក​ទេស​ដាច់​ខាត​ត្រូវ​តែមា​ន ពីព្រោះ​ប្រទេ​សមួយ​រី​កចម្រើន​គេ​ត្រូវការ​កា​រអប់រំ​ដោយ​លោក​បាន​លើក​យក​ប្រទេស​ចំនួន​៣ម​ក​និយាយ​គឺ ​ប្រទេស​ជប៉ុន​ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​ក្រ​មែន​ទែន​,ទី​២ ប្រទេស​កូរ៉េខាង​ត្បូងក្រ​​ជាង​យើង​ឆ្ងាយ​ណាស់ ​អត់​មាន​អី​ទេ ហើយ​ទី​៣ ​គឺ​ប្រទេស​ចិន​តែ​ម្តង​។​

​លោក​បាន​បញ្ជាក់​ថា៖«​តើ​ប្រទេស​ទាំង​នោះ​ធ្វើ​យ៉ាង​ម៉េច​?គេ​ចាប់​ផ្តើម​បណ្តុះ​បណ្តាល​វិស័យ​អប់រំ​ គេ​អត់​ធ្វើ​នយោ​បាយ​ច្រើន​នោះ​ទេ ​នយោ​បាយ​ច្រើន​ពេក​នាំ​តែ​ឈឺ​ក្បាល​ដោយ​ធ្វើ​តែ​មួយ​ឱ្យ​ជោគ​ជ័យ​គឺ​វិស័យ​អប់រំ​។ កាល​ណា​វិស័យ​អប់រំ​ជោគ​ជ័យ ​អ្វីៗ​ក៏​ជោគ​ជ័យ​ដែរ​»​។​

​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ជំនាញ​វិជ្ជា​ជីវៈថា ​តើ​ត្រូវ​រើស​តាម​ទីផ្សារ ​តាម​គ្រួសារ​ តាម​សង្គម​ឬ​ជ្រើស​រើស​តាម​ទេព​កោ​សល្យ​? លោក ​សុខ​ ទូច បាន​បញ្ជាក់​ថា ការ​ជ្រើស​រើស​ជំនាញ​គឺ​រើស​តាម​តម្រូវ​ការគឺ«​ចប់​ ចេះ ​មាន​ការ​ងារ​ធ្វើ​» ប៉ុន្តែ​បើ​ជ្រើសរើស​តាម​ទេព​កោ​សល្យ គឺ «​ចប់ ​ចេះ ​មាន​ការ​ងារ​ធ្វើ​ បង្កើត​ការ​ងារ​និង​បង្កើន​កេរ្តិ៍​ឈ្មោះ​»​។​

​ចំណុច​នេះ ​លោក​បាន​ពន្យល់​ថា ៖ «​ការ​ជ្រើស​រើស​ជំនាញ​តាម​ទេព​កោ​សល្យ​ដែល​យើង​មាន​អី គឺ​ត្រូវ​រៀន​តាម​ហ្នឹង កុំ​រៀន​តាម​គេ គឺ​ត្រូវ​រៀន​តាម​ទេព​កោ​សល្យ​ដែល​យើង​មាន​ដើម្បី​អាច​បង្កើត​ការងារ​ បង្កើត​គំនិត​អ្វី​ដែល​ថ្មី ទោះ​ជា​បាត់​បង់​អី​១ តែ​យើង​អាច​បង្កើត​អ្វី​១​ថ្មី​ទៀត​បាន​។ ដូច​នេះ ​ជំនាញ​ដើរតួ​នាទី​សំខាន់​ណាស់​ ហើយ​ការ​រើស​ជំនាញ​កុំ​រើស​តាម​គេ​ថា តែ​ត្រូវ​មើល​ថា​ខ្លួន​ឯង​ពេញ​ចិត្ត​អី មាន​ទេព​កោសល្យ​​អី ហើយ​កុំ​បារម្ភ​រឿង​ទីផ្សារ​ឱ្យ​សោះ ​ព្រោះ​យើង​អាច​បង្កើត​ទីផ្សារ​បាន​»​។​

​នៅឯ​វេទិកា​ដដែល​នោះ​ដែរ​ លោក​ស្រី ឡាយ ផល្លី​ន អគ្គ​នាយក​រង​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស ​និង​វិជ្ជា​ជីវៈ បាន​លើក​ឡើង​ដែរ​ថា​ ការ​ជ្រើស​រើស​ជំនាញ​មួយ ​ពិតជា​មាន​ការ​សារៈ​សំខាន់​ខ្លាំង​ណាស់ ​ព្រោះ​វា​ធ្វើឱ្យ​យុ​វជន​ខ្មែរ​ទទួល​បាន​ជំនាញ​ច្បាស់​លាស់ ​ឬ​អាជីព​ពិត​ប្រាកដ​សម្រាប់​ជីវិត​។​

​លោក​ស្រី​បាន​ថ្លែង​ថា៖«​វា​សំខាន់ ​ព្រោះ​វា​ជា​ប្រភព​នៃ​ការរក​ប្រាក់​ចំណូល ​ហើយ​ទិស​ដៅ​របស់​អ្នក​សិក្សា​ទាំង​អស់​ដែល​ខិតខំ​ប្រឹង​រៀន​តាំង​ពី​មធ្យម​សិក្សា បរិញ្ញា​បត្រ​ រហូត​ដល់​បណ្ឌិត​ឬ​អនុ​បណ្ឌិត ​គឺ​ចុង​ក្រោយ​ដើម្បី​ការ​ងារ ហើយ​រក​ការ​ងារ​ដើម្បី​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត ​ខ្លួន​ឯង គ្រួសារ​ និង​សង្គម​ប្រទេស​ជាតិ​»​។​

​ជុំវិញ​រឿ​ង​នេះ លោក​ យង់ ពៅ អគ្គលេខា​ធិការ​​នៃ​រាជប​ណ្ឌិត្យស​ភាកម្ពុ​ជាក៏បាន​លើក​ឡើង​​ក្នុង​ឱកាស​នោះ​ដែរថា កា​រ​រៀបចំ​វេទិកា​តុមូល​នា​ពេល​នេះ​ធ្វើឡើង​ស្របទៅ​នឹង​កម្មវិធី​នយោ​បាយ​របស់​រាជរដ្ឋាភិបា​ល​នីតិ​កាល​ទី​៧​ដែល​បាន​ដា​ក់ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ ដើម្បី​កំណើន​ការ​ងារ ​សមធ​ម៌ ប្រសិទ្ធ​ភាព ​ចីរភាព និង​ផ្តោត​ជា​សំខាន់​ទៅលើ​ប្រសិទ្ធ​ភាព​នៃ​សមិទ្ធ​កម្ម​។​

​លោក​បាន​បន្ត​ថា៖«​កម្មវិធី​តុមូល​នា​ឱកាស​នេះ​ស្រប​នឹង​បញ្ច​កោណ​ទី​១​ស្តីពី​ការអ​ភិវឌ្ឍ​មូល​ធន​មនុស្ស​ដែល​ស្រប​នឹង​មុំ​ទី​១គឺ​ការ​ពង្រឹង​គុណ​ភាព​វិស័យ​អប់រំ​ កីឡា វិទ្យា​សាស្ត្រ ​បច្ចេក​វិទ្យា ឌីជីថល​ និង​មុំ​ទី​២ការ
បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​គោល​ដៅ​រាជរដ្ឋាភិ​បាល​ដែល​សំដៅ​ដល់​១​លាន​៥​សែន​នាក់​សម្រាប់​នីតិកា​ល​ទី​៧​នេះ​»៕