ភ្នំពេញៈកម្ពុជាតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនបានស្នើទៅកាន់គណៈប្រតិភូស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia) របស់ប្រទេសសិង្ហបុរីឱ្យជួយពិនិត្យលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញលើវិស័យទឹកកខ្វក់មកបណ្តុះបណ្តាលមន្ត្រី-សិស្សនិស្សិត នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
ការស្នើរបស់ភាគីកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិង លោក LavanThiru នាយកប្រតិបត្តិស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ីប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ។ កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងរកធាតុចូលនិងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រឹងជាមួយនឹងវិស័យសាធារណៈនៅកម្ពុជា។ នេះបើតាមក្រសួងសាធារណការនិងដឹកជញ្ជូន។
យោងតាមក្រសួងនេះបានឱ្យដឹងថា នាឱកាសនោះ លោករស់ វណ្ណា បានគូសបញ្ជាក់អំពីវិស័យទឹកកខ្វក់ និងចំណុចខ្លាំង-ខ្សោយក្នុងការអនុវត្ត និងប្រមូល-គ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។ ជាមួយគ្នានេះ លោកបានស្នើឱ្យភាគីសិង្ហបុរី ពិនិត្យលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញលើវិស័យនេះ មកបណ្តុះបណ្តាលមន្ត្រី សិស្សនិស្សិត នៅវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូនផងដែរ។
ជាការឆ្លើយតបវិញ លោក LavanThiru នាយកប្រតិបត្តិស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ីប្រទេសសិង្ហបុរីបានទទួលយកសំណើខាងលើទៅពិនិត្យលទ្ធភាព និងបានជម្រាបអំពីវគ្គបណ្តុះបណ្តាលខ្លីនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២៤ ខាងមុខ ដោយនឹងមានរៀបចំលិខិតដាក់មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអញ្ជើញមន្ត្រីជំនាញចូលរួមនាឱកាសនោះថែមទៀត។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលកំពុងបណ្តុះបណ្តាលនិស្សិតលើជំនាញជាច្រើនរួមមាន ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោកជំនាញគ្រប់គ្រងភ័ស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់និងជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។
លោក សំរង់ឌី ណាម៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា ការគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជានៅជួបបញ្ហាប្រឈមជាច្រើនដូចជា នៅខ្វះច្បាប់ទម្លាប់ ផែនការមេ យុទ្ធសាស្ត្រក្នុងការគ្រប់ទឹកកខ្វក់ បទដ្ឋានបច្ចេកទេស ការវិនិយោគ និងធនធានមនុស្សលើវិស័យនេះជាដើម។
លោកបញ្ជាក់ផងដែរថា កម្ពុជាពិតជាត្រូវការការសហការ និងការគាំទ្រពីដៃគូអន្តរជាតិ តាមយៈការវិនិយោគ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីជំរុញវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាកាន់តែមានស្តង់ដានិងធានានិរន្តរភាពបរិស្ថាននៅកម្ពុជា៕