ភ្នំពេញៈ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីមូលនិធិគន្ធបុប្ឆាកម្ពុជាដោយសម្រេចតែងតាំងសមាសភាពអ្នកជំនាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាភ្នំពេញ និងប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងមូលនិធិដែលបានមកពីការឧបត្ថម្ភ និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា ដើម្បីធានានិរន្តរភាព និងបម្រើគោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ឆា។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយបានកំណត់ មូលនិធិគន្ធបុប្ផាកម្ពុជា ជាអក្សរកាត់ (ម.គ.ក.) ដែលមានឈ្មោះជាអក្សរឡាតាំងថាCAMBODIAN KANTHA BOPHA FOUNDATION (CKF) ។
យោងតាមអនុក្រឹត្យនេះបានឱ្យដឹងថា៖ «ម.គ.ក. ជាបរធនបាលកិច្ច ដើម្បីកៀរគរអំណោយ ការឧបត្ថម្ភនានា និងវិភាគទាននានា ក្នុងន័យធ្វើប្រក្រតីភាពនៃដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ប្រកបដោយចីរភាពហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ ដែលមានលោកអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា ជាស្ថាបនិក ព្រមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងភរិយា ជាប្រធានកិត្តិយស។
អនុក្រឹត្យនេះបានឱ្យដឹងថា ក្រសួងដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធន(មូលនិធិ) មានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអនុប្រធាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានកិត្តិយស និងសមាជិកមាន រដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាភ្នំពេញ និងប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧។
អនុក្រឹត្យនេះ មានគោលបំណងដើម្បីធានានូវនិរន្តរភាពមន្ទីរពេទ្យនេះ ដំណើរការស្របនឹងគោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម ដោយរក្សាកម្រិតបៀវត្សរ៍សមរម្យសម្រាប់បុគ្គលិក ដើម្បីធានាបានវិន័យ និងការយកចិត្តទុកដាក់ខ្ពស់របស់បុគ្គលិក រក្សាប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រងពិសេសសម្រាប់មន្ទីរពេទ្យ បន្តអនុវត្តគោលនយោបាយមិនយកប្រាក់កម្រៃសេវាសម្រាប់ការផ្តល់សេវាពិនិត្យ និងព្យាបាលទារកនិងកុមារ និងបន្តរក្សា និងពង្រឹងគុណភាពដែលមានស្រាប់របស់មន្ទីរពេទ្យ។
អនុក្រឹត្យនេះបានឱ្យដឹងថា៖ «ម.គ.ក. ជាបរធនបាលកិច្ច ដែលបង្កើតឡើង ដើម្បីស្វែងរកជំនួយមនុស្សធម៌ មិនស្វែងរកប្រាក់កម្រៃជាឯកជន មិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ និងបម្រើឱ្យផលប្រយោជន៍សាធារណៈ ហើយ មគក អាចមានធនធានពីប្រភព វិភាគទានដំបូងរបស់រដ្ឋាភិបាលកម្ពុជា ការវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល ដែលបានគ្រោងទុកក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល កម្រៃពីថ្លៃលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងអំណោយ ឬវិភាគទានសប្បុរសធម៌ ពីមជ្ឈដ្ឋានប្រភបនានាដែលស្របច្បាប់»។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អនុក្រឹត្យនេះ បញ្ជាក់ពីនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាដំណើរការទៅមុខរយៈពេលវែង ដោយសុវត្ថិភាព គុណតម្លៃ និងប្រសិទ្ធភាពការងារ ដើម្បីមានថវិកាទ្រទ្រង់ដំណើរការ។
លោក ថ្លែងថា៖«កន្លងមក មន្ទីពេទ្យនេះបានដើរតួនាទីសំខាន់ណាស់ ដែលបានជួយសង្គ្រោះកុមារកម្ពុជាពីជំងឺបានច្រើន ជាពិសេសសង្គ្រោះពីអត្រាមរណៈបានច្រើន ហើយជាកន្លែងប្រកាន់តម្លាភាព មិនមាននិន្នាការនយោបាយ វណ្ណៈមាន ឬក្រឡើយ ហើយជាកន្លែងមនុស្សធម៌មិនយកប្រាក់កម្រៃ»។
លោកបន្តថា៖«មន្ទីរពេទ្យមនុស្សធម៌ដែលព្យាបាលដោយប្រើបេះដូងនេះ ធ្លាប់ផ្តួចផ្តើមឡើង ដោយលោកវេជ្ជបណ្ឌិត Beat Richnerគាត់បានលះបង់ច្រើនណាស់ ដើម្បីដំណើរការមន្ទីរពេទ្យគន្ធបុប្ផានេះបាន លះបង់ទាំងពេលវេលាផ្ទាល់ខ្លួន ទ្រព្យសម្បត្តិផ្ទាល់ខ្លួន លះបង់ទាំងជីវិតខ្លួនគាត់ផង ដើម្បីមន្ទីរពេទ្យនេះដំណើរការដល់បច្ចុប្បន្ន»៕