
លោក វ៉ី សំណាង និងលោក លូ យៀន ក្នុងជំនួបកាលពីថ្ងៃទី១៣ ខែធ្នូ ។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា សភាចិនបានជំរុញឱ្យអ្នកវិនិយោគចិនចុះមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគចំនួន ៥ នៅលើទឹកដីខេត្តកំពង់ស្ពឺ រួមមានមានវិស័យទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម វិស័យវារីវប្បកម្ម និងវិស័យឧស្សាហកម្ម។
លោក វ៉ី សំណាង បានលើកឡើងបែបនេះ ក្រោយមានជំនួបពិភាក្សាការងារ ជាមួយលោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។
លោកវ៉ី សំណាង បញ្ជាក់ថា កំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលសម្រាប់វិនិយោគទៅលើវិស័យទាំង៥ ខាងលើ ខណៈលោកបានត្រៀមខ្លួន និងកំពុងទទួលស្វាគមន៍អ្នកវិនិយោគិនមកបោះទុនវិនិយោគក្នុងខេត្តនេះ។
សម្រាប់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រសហគ្រាសប្រមាណ ៣៩៤កន្លែង និងមានកម្មករ និយោជិតជាង ១៦ម៉ឺននាក់កំពុងធ្វើការ។ លោកថា៖«នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់របរធ្វើដំណើរ សព្វថ្ងៃទាំង ៣៩៤កន្លែង ចិនស្រូបទាញដល់ទៅជាង៩០%ទៅហើយ។
លើគ្រប់វិស័យទាំងអស់នេះ មិនត្រឹមតែរោងចក្រ សហគ្រាសវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងទេ វិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម ក៏មានចំណែកអ្នវិនិយោគមកពីប្រទេសចិនដែរ»។
លោកអភិបាលខេត្តរំពឹងថា នៅឆ្នាំ២០២៤ អ្នកវិនិយោគចិននៅតែបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៅលើគ្រប់វិស័យ ពិសេសខេត្តកំពង់ស្ពឺ។
បើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងជំនួបនោះ លោក លូ យៀន បានលើកឡើងថា ទីក្រុងប៉េកាំងបច្ចុប្បន្នមានប្រជាជនសរុបប្រមាណ ២០ លាននាក់ ដែលភាគច្រើនជាអ្នកវិនិយោគ ហើយក្រោយពីមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ អ្នកវិនិយោគរបស់ចិនអាចសិក្សា ហើយកំណត់យកវិស័យអាទិភាពដែលក្រុមហ៊ុនអាចដំណើរការដាក់ទុនរកស៊ីបាន។
ជាមួយគ្នានេះលោកបានស្នើឱ្យរដ្ឋបាលខេត្តត្រៀមកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើឱ្យដំណើរការនេះផងដែរ។
លោក លូ យៀន ក៏បានសន្យាថា នឹងកៀរគរក្រុមហ៊ុនវិនិយោគរបស់ចិន មកវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ជុំវិញការវិនិយោគនេះ លោក គី សេរីវឌ្ឍន៍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះចាប់យកឱកាស និងស្វាគមន៍អ្នកវិនិយោគិនបរទេសពីសំណាក់បណ្តាខេត្តសាមីនៅប្រទេសកម្ពុជា គឺជារឿងល្អណាស់សម្រាប់ចរន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តនោះ។
លោកថា៖ «គម្រោងអភិវឌ្ឍន៍ទាំងនេះ គឺល្អសម្រាប់ខេត្តកំពង់ស្ពឺ តែសូមឱ្យគម្រោងទាំងអស់ ដែលបានពិភាក្សាក្លាយជាការពិត ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខេត្ត ជាពិសេសគ្រប់គម្រោងទាំងអស់ ដែលស្ថិតនៅក្រោមការសិក្សាត្រូវដាក់ការគិតគូរអំពីបរិស្ថានផងដែរ » ។
លោកបន្ថែមថា ការវិនិយោគរបស់ប្រទេសចិន នៅកម្ពុជា កំពុងដើរតួរនាទីសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយការវិនិយោគគ្រប់វិស័យ ជាពិសេសវិស័យកាត់ដេរ បានជួយជំរុញជីវភាពពលរដ្ឋតាមបណ្តាខេត្តជាច្រើនផងដែរ។ លើសពីនេះទៅទៀតលំហូរវិនិយោគិនរបស់ចិនមកកម្ពុជា មានច្រើនវិស័យនាពេលអនាគត និងបច្ចុប្បន្ន ដូច្នេះប្រសិនបើខេត្តសាមីនីមួយៗ ចេះទាញសក្តានុពលរៀងៗខ្លួននោះជាការល្អណាស់៕
វង្ស ដារាវ៉ាឌី