ភ្នំពេញ: សារមន្ទីរ​ជាតិ​កម្ពុជា​កំពុង​រៀ​ប​ចំការ​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​វប្បធម៌​ខ្មែរ​​ដ៏​គួរឱ្យ​ទាក់ទាញ​ដែល​បង្ហាញ​ពីទម្រង់​អប្សរា​ប្រពៃ​ណី​របស់​កម្ពុជា​។​

​ចាប់ពី​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ ដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤​ ពិព័រណ៍​ «ទេព​អប្សា​មរតក​ខ្មែរ​» ​បង្ហាញ​ស្នាដៃ​សិល្បករ​​ចំនួន ១៤ នាក់​ ដែល​បង្កើតឡើង​ដោយ​សហគមន៍​សិល្បករ និង​​រៀបចំ​ដោយ​វិចិត្រករអ្នក​នាង​ ឆន ឌី​ណា​។

សិល្បករ ឆន ឌីណា បាន​ឱ្យ​ដឹង​ថា «ខ្ញុំ​​​ចង់​ឱ្យ​សិល្បករ​ខ្មែរ និង​បរទេស​មើល​ឃើញ​ថា វិស័យ​សិល្បៈ វប្បធម៌​​ខ្មែរ​យើង​មាន​សារៈសំខាន់​កម្រិត​ណា។ ជន​បរទេស​នៅ​ស្រុក​ខ្មែរ បាន​យល់​អ្វី​ខ្លះ​ពី​សិល្បៈ វប្បធម៌​ខ្មែរ​ ក៏ដូចជា​បាន​ធ្វើ​អ្វី​ខ្លះ​ទាក់ទង​នឹង​សិល្បៈ វប្បធម៌​ទាំង​នេះ តាមរយៈ​ការ​គូរ​គំនូរ​បែប​សហ​សម័យ​របស់​ពួកគេ​​»។

​អប្សរា​ជា​ភាវៈ​អរូបី​រឺទេ​វៈ​ដែល​គេ​ស្គាល់​ថា​ជា​ស្ត្រី​ក្មេង​មាន​សម្រស់​ដ៏​អស្ចារ្យ​។ ​ពាក្យ «​អប្សរា​» មកពី​ភាសាសំស្ក្រឹត មាន​ន័យ​ថា «​ចលនា​ក្នុង​ទឹក​» ឬ ជា​ព្រលឹង ដួងវិញ្ញាណ​ស្ត្រីនៃ​ពពក និង​ទឹក​។ ទេវៈ​សួគ៌ា​ទាំងនេះ​ច្រើនតែ​ជាប់ទាក់ទង​នឹង​ទឹក ហើយ​​ត្រូវបាន​គេ​ជឿថា​រស់នៅក្នុង​ឋាន​ទេវលោក​។ ​

​ក្បាច់​អប្សរា​នៃ​របាំ​ជូនពរ​តំណាង​ឱ្យ​​ការស្វាគមន៍​ដល់​អ្នកមាន​កម្មវិធី​ក្នុងការ​សម្ពោធ​និង​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ឱ្យ​មាន​ភាព​កក់ក្តៅ​នឹង​ស្និទ្ធ​ស្នាល​។

អ្នក​នាង ឌីណា បាន​ឱ្យ​ដឹងថា​៖ «​តាមរយៈ​កញ្ចក់​នៃ​ទំនៀមទម្លាប់​ ​និង​ប្រធានបទ​សិល្បៈ​ខ្មែរ យើង​មាន​គោលបំណង ក្នុង​ការ​​បង្កើត​បណ្ដុំ​សិល្បៈ​សហ​សម័យ​ចម្រុះ​ដែល​មាន​តែ១​គ្មាន​២»។

អ្នក​នាង​បន្ត​ថា សិល្បករខ្មែរ ៧ នាក់ និង​សិល្បករ​បរទេស ៧ នាក់ ដែល​ ពីសហ​រដ្ឋអា​មេរិក អ៊ីតាលី​ បារាំង ហ្វីលីពីន អេស្ប៉ាញ ព័រទុយ​ហ្គាល់ ថៃ នូវែលសេឡង់ និងអូស្ត្រាលី ​បញ្ចេញ​គំនិត​ច្នៃ​ប្រឌិត​រៀងៗ​ខ្លួន​លើ​ប្រធាន​បទ «ទេព​អប្សរា​មរតក​ខ្មែរ​» ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​។

ស្នាដៃ​​មួយ​នៃ​ការតាំងពិព័រណ៍​​គឺ​សិល្បៈ​ដំឡើង​​ចម្រុះ​ដែលមាន​ចំណងជើង​ថា «សរសៃ​សូត្រ​មាស»​ ដោយ​លោក កាឡូ សាន់តូរ៉ូ​​។​

​សិល្បៈ​ដំឡើង​ដែល​ធ្វើឡើង​នៅ​ឆ្នាំ ២០២៣ នេះ​ មាន​អំបោះ​កប្បាស​ប្រហែល ១០០ ក្រាម លាប​ពណ៌​មាសធម្មជាតិ ដែល​ត្រូវបាន​បរិច្ចាគ​ដោយ​ស​ប្បុរស និង​ផលិត​ដោយ​សហ​គមន៍ ត្រុំអង្គរបាន​ ក្នុង​ខេត្តកំ​ពង់ចាម។

​លោក សាន់តូរ៉ូ ​​និយាយាថា​៖  «វត្ថុ​សិល្បៈ​ដំឡើង​​​នេះ ស្ថិតនៅលើ​វី​សដែក ​ជា​បំណែក​នៃ​មកុដ​បុរាណ​​​អប្សរា ត្រូវបាន​បង្ហាញ​​នៅលើ​ក្រណាត់​សំយោគ​ពណ៌​ខ្មៅ ហើយ​ត្រូវបាន​ភ្ជាប់​នៅលើ​បន្ទះ​ខ្សែ​តម្រង់ទិស ដែល​ស៊ុម​ដោយ​​ដែក​រាង​អក្សរ L»​។​

​បើ​យោង​តាម លោក សាន់តូរ៉ូ​ ស្ថាបនិក​នៃ Metaestetica Lab បាន​ឱ្យ​ដឹង​ថា អ្វីដែល​ធ្វើឱ្យ​សិល្បៈ​ដំឡើង​នេះ​កាន់តែ​គួរ​ឱ្យ​កត់​សម្គាល់​​​គឺ​អត្ថន័យ​​របស់​វា​។

​លោក​បាន​និយាយថា វា​នឹង​ត្រូវបាន​បរិច្ចាគ​ដល់​សហគមន៍ត្រុំ​អង្គរបាន​​ សម្រាប់​បង្ហាញ​ជា​សាធារណៈ​​អចិន្ត្រៃយ៍ ​​​ក្នុងការ​អភិរក្ស​ចំណេះដឹង​ប្រពៃណី​ខ្មែរ​អំពី​ការ​ជ្រលក់​ពណ៌​ធម្មជាតិ​។​

​លោក សាន់តូរ៉ូ​ បាន​និយាយថា អ្នកទនា​នៅស្ស​សារមន្ទីរ​ជាតិ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យអ្នកគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស្ត្រី​ដែល​ឧទ្ទិស​ដល់​ការអភិរក្ស​ចំណេះដឹង​ប្រពៃណី​នេះ​។​

​លោក​បាន​លើក​ឡើង​ថា៖​ «​​ស្ត្រី​សហគមន៍​ទាំងនេះ​បា​នខិតខំថែ​​រក្សា​នូវ​ប្រពៃណី​​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា»​។​

យ៉ាងណាមិញ សិល្បករ​និយម​សិល្បៈ​សហសម័យ​រូប​នេះ បាន​ទទួល​ស្គាល់​ថា ការ​បង្ហាញ​ស្នាដៃ​សិល្បៈ​ទាក់​ទង​នឹង​វប្បធម៌​ពិត​ជា​មាន​ការ​លំបាក​ ដែល​ទាម​ទារ​ឱ្យ​សិល្បករ​នីមួយៗទាំង​ខ្មែរ និង​បរទេស​​ត្រូវ​សិក្សា​ស្រាវជ្រាវ​ មុន​ពេល​បង្កើត​គំនិត​ រំលេច​ជា​រូបភាព​នៅលើ​ផ្ទាំង​ក្រណាត់​។

ចំពោះ​ស្នាដៃ​ចម្រុះ​ជាតិ​នេះ​ អ្នក​រៀបចំ​ពិព័រណ៍នៅ​សារមន្ទីរ​ជាតិ​ ឌីណា បាន​និយាយថា​ ការ​ដាក់​គំនិត និ​ងបង្កើត​អត្ថន័យ​ទៅ​ក្នុង​រូបភាព​ គឺជា​ទេពកោសល្យ​របស់​អ្នក​សិល្បៈ​នីមួយៗ​។ ដូច្នេះ រាល់​ស្នាដៃ​ទាំង​នោះ អាច​ដើរ​តួនាទី​ជាឯកសារ​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ទៀត អំពី​មោទ​នភាព​សិល្បៈ វប្បធម៌​ខ្មែរ។

ក្រៅពីនេះ អ្នកនាង ឌីណា ចង់​មើលឃើញ​ប្រទេស​កម្ពុជា​មាន​សារមន្ទីរ​បែប​សិល្បៈ​សហសម័យ​ខ្នាត​អន្ដរជាតិ​ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ខ្ពស់​ដល់​អ្នក​សិល្បៈ​ក្នុង​ស្រុក​។ ថ្វីដ្បិតតែ​អាជីព​ជា​អ្នក​សិល្បៈ​គំនូរ​មិន​អាច​ធ្វើ​ឱ្យ​ម្ចាស់​ស្នាដៃ​មាន​ជីវភាព​ធូរធារ​បានយ៉ាង​ណាក៏ដោយ ក៏​វិចិត្រករ​ស្ដ្រី​រូប​នេះ​បាន​អះអាង​ថា វា​ផ្ដើម​ចេញ​ពីការ​ស្រឡាញ់​ ទើប​ជំរុញ​ចិត្ដ​សិល្បករ​នីមួយៗ​ធ្វើ​កិច្ចការ​នេះ។​

អ្នកនាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ឆ្នាំ​២០២៤ យើង​នឹង​អ្វី​ប្លែកដើម្បី​បញ្ចេញ​ស្នាដៃ​ដោយ​មាន​ការ​គាំទ្រ​លើ​សិល្បៈ​ខ្មែរ។ លោក​នាយក​រដ្ឋមន្ដ្រី​យើង​ គាត់​បាន​ឃើញ​ និង​គាំទ្រ​សិល្បៈ​កាន់​តែ​ច្រើន​ឡើង​»៕