ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពីការជ្រើសរើសសាលាចំណេះទូទៅសាធារណៈ ក្នុងការស្នើសុំម៉ាស៊ីនផ្ទុកមាតិកាឌីជីថល (Local Content Server) សម្រាប់គាំទ្រការបង្រៀន និងរៀនតាមបែបឌីជីថលឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោមគម្រោងអង្គការសេវាកម្មអភិវឌ្ឍន៍លីចតេនស្ទិន (Liechtenstein Development Service – LED) បានអភិវឌ្ឍប្រព័ន្ធសិក្សាសាលាឌីជីថល ដែលមានរួមបញ្ចូលធនធានអប់រំឌីជីថល សម្រាប់គ្រូ សិស្ស និស្សិត និងសាធារណជន អាចចូលសិក្សា បានដោយសេរី និងឥតគិតថ្លៃ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងអប់រំ បានបន្តថា៖«តាមរយៈគម្រោងខាងលើបានរៀបចំម៉ាស៊ីនផ្ទុកមាតិកាឌីជីថលចំនួន ១០គ្រឿង សម្រាប់ផ្ដល់ជូនគ្រឹះស្ថានសិក្សាសាធារណៈដើម្បីប្រើប្រាស់ជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ របស់គ្រូបង្រៀននិងសិស្សនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ដែលអាចចូលប្រើបានដោយពុំចាំបាច់មានអ៊ីនធឺណិត។ម៉ាស៊ីនផ្ទុកមាតិកាឌីជីថលនេះ នឹងផ្ដល់ជូនសាលាមធ្យមសិក្សាសាធារណៈចំនួន ១០ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានលទ្ធភាពប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងខាងលើថា ម៉ាស៊ីនផ្ទុកមាតិកាឌីជីថលនេះ អាចឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងប្រព័ន្ធ ដោយពុំចាំបាច់មានអ៊ីនធឺណិត ដែលជួយសម្រួលក្នុងការចំណាយលើប្រព័ន្ធទូរស័ព្ទ និងដោះស្រាយបញ្ហាប្រឈម សម្រាប់សាលារៀនដែលពុំមានអ៊ិនធឺណិតប្រើប្រាស់ ឬមានល្បឿនអ៊ីនធឺណិតយឺត។
លោកស្រីបន្តថា៖« ប្រព័ន្ធសាលាឌីជីថលនេះជាផ្នែកមួយនៃការគាំទ្រគោលនយោបាយលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា»។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងសាទរចំពោះក្រសួង ដែលបានរិះរកនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីធ្វើឱ្យការសិក្សា និងទទួលបានប្រសិទ្ធភាពព័ត៌មានឌីជីថល សម្រាប់សាលារៀនសាធារណៈ ពិសេសសាលារៀនដែលកំពុងជួបការលំបាកក្នុងប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យកាន់តែមានគុណភាពថែមទៀត។
លោកបានស្នើថា៖«ទន្ទឹមហ្នឹងការគិតគូរនេះ ក៏សូមឱ្យក្រសួងគួរពង្រីកការជួយបែបនេះនៅតាមសាលារៀនទាំងសាធារណៈ និងឯកជនឱ្យកាន់តែទូលំទូលាយផងដែរ ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្សានុសិស្សកាន់តែខ្លាំង»។
សេចក្តីជូនដំណឹងក្រសួងអប់រំ បានប្រកាសផ្តល់ឱកាសឱ្យគ្រឹះស្ថានសិក្សាដែលជួបការលំបាកលើបញ្ហាអ៊ីនធឺណិត និងមានបំណងចង់លើកកម្ពស់ការអប់រំតាមបែបឌីជីថលចំនួន ១០គ្រឹះស្ថាន ដាក់ពាក្យស្នើសុំសម្រាប់យកម៉ាស៊ីនផ្ទុកមាតិកាទៅប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយត្រូវបំពេញពាក្យស្នើសុំឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំដែលបានកំណត់។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសនេះ ដើម្បីទទួលបានម៉ាស៊ីនផ្ទុកមាតិកាឌីជីថលនេះ គឺចាំបាច់ត្រូវតែជាគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ដែលមានសិស្សសរុបច្រើនជាង ៥០០នាក់, ជាគ្រឹះស្ថានសិក្សាដែលមានកាលវិភាគបង្រៀនមុខវិជ្ជា ព័ត៌មានវិទ្យា,សាលាដែលមានបន្ទប់កុំព្យូទ័រ ឬកុំព្យូទ័របន្ទះ (Tablet) យ៉ាងតិច ២០គ្រឿងសម្រាប់ឱ្យសិស្សប្រើប្រាស់ និងមានអគ្គិសនីប្រើប្រាស់។
ជាសាលាដែលមានបណ្ណាល័យ និងមានសិស្សចូលប្រើប្រាស់ជាប្រចាំ, គណៈគ្រប់គ្រង និងគ្រូបង្គោល ICT មានចំណេះដឹងមូលដ្ឋានក្នុងការប្រើប្រាស់មាតិកាអប់រំឌីជីថលនៅក្នុងថ្នាក់រៀន និងមានឆន្ទៈក្នុងការចែករំលែកចំណេះដឹង ជាគ្រឹះស្ថានសិក្សាសាធារណៈ នៅតំបន់ដាច់ស្រយាល និងគ្មានអ៊ីនធឺណិតប្រើប្រាស់ត្រូវបានផ្ដល់អាទិភាពក្នុងការផ្តល់ជូន។
ក្រសួងអប់រំ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈដែលមានបំណងចូលរួមអនុវត្តគម្រោងនេះ សូមទាក់ទងមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងមកទទួលពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ខាងមុខ៕