ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គការ APOPO ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូលើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាជំនួយជិត ៤០ ម៉ឺនដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ បានធ្វើឡើងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយលោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។
យោងតាមហ្វេសប៊ុករបស់អង្គភាពស៊ីម៉ាក់បានឱ្យដឹងថា គម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេសនេះមានថវិកាជំនួយចំនួន ៣៨៧ ១៦៧ ដុល្លារអាមេរិក ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤។
គម្រោងនេះមានផែនការបោសសម្អាតផ្ទៃដីសរុបចំនួន ៩៨០០០ ០០០ ម៉ែត្រការ៉េក្នុងខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី។
តាមរយៈគម្រោងនេះលោក ហេង រតនា បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសបែលហ្ស៊ិកបានផ្តល់នូវជំនួយមកឱ្យអង្គការ APOPO ដែលអង្គការនេះជាអង្គការរបស់ជនជាតិបែលហ្ស៊ិកផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងបានសហការគ្នាក្នុងការស្នើសុំរដ្ឋាភិបាលបែលហ្ស៊ិកដើម្បីគាំទ្រការបោសសម្អាតមីននៅកម្ពុជាតាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ ដោយគាត់សន្យាផ្តល់ក្នុង ១ ឆ្នាំប្រមាណជាងកន្លះលានដុល្លារ ប៉ុន្តែគាត់ចូលរួមកិច្ចសហប្រតិបត្តិការនេះជាមួយនឹងដៃគូអ្នកផ្តល់ជំនួយដទៃទៀតដែលផ្តល់មកឱ្យអង្គការ APOPO ហើយមកសហការជាមួយនឹងអង្គភាពស៊ីម៉ាក់»។
លោក ហេង រតនា បានបន្ថែមថា អង្គភាពស៊ីម៉ាក់និងអង្គការ APOPO បានសហប្រតិបត្តិការជាដៃគូជាមួយគ្នាជិត ១០ ឆ្នាំមកហើយលើកណ្តុរហិតមីននេះ ដែលក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការនេះ អង្គភាពបានបោសសម្អាតផ្ទៃដីបានចំនួនជាង ៣ ០០០ ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណជាង ៥១ ០០០ គ្រាប់ ដែលផ្ទៃដីត្រូវរំដោះមីនមានទំហំ ៣០០ ហិកតា ក្នុងគម្រោង ១ ឆ្នាំៗ។
លោកបានបញ្ជាក់ថា៖ «ជាកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ APOPO នេះយើងមិនមែនធ្វើតែលើការបោសសម្អាតមីននៅកម្ពុជាមួយមុខទេ យើងមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត ដូចជាការបញ្ជូនសុនខរបស់យើងទៅប្រទេសតួកគី ទៅបណ្តាប្រទេសនៅអាហ្រ្វិកណ្តាលដោយយើងបានសហការគ្នាក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់នោះបញ្ជូនជំនាញដើម្បីជួយគាំទ្រដល់បណ្តាប្រទេសទាំងអស់នោះផងដែរ»។
មិនតែប៉ុណ្ណោះក៏មានអ្នកដោះមីនមួយចំនួនក៏បានហ្វឹកហ្វឺននៅកម្ពុជាតាមរយៈអង្គការ APOPO នេះដែរក្នុងនោះមានការហ្វឹកហ្វឺនទៅដល់ប្រទេសចំនួន ៣ ដែលជាប្រទេសមានបញ្ហាគ្រាប់មីន ដូចជា ប្រទេសអ៊ុយក្រែន ប្រទេសហ្សកដង់ និងប្រទេសសេណេហ្គាល់ដែលបាននិងកំពុងហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសកំចាត់មីនខេត្តកំពង់ឆ្នាំង។ នេះបើតាមការឱ្យដឹងពីលោក ហេង រតនា។
លោកបានថ្លែងថា៖ «អង្គការ APOPO គឺជាដៃគូមួយយ៉ាងសំខាន់នៅក្នុងការសហការគ្នាក្នុងការពន្លឿនល្បឿនបោសសម្អាតមីននៅកម្ពុជាផងក៏ដូចជាការងារសហការក្នុងកិច្ចការបច្ចេកទេសនេះជាមួយនឹងបណ្តាប្រទេសដោះមីនផងដែរ»។
បើតាមអង្គភាពស៊ីម៉ាក់ កាលពីខែមេសាកន្លងទៅ សុនខដែលមានជំនាញស្វែងរកមីនសរុបមានជាង ២០០ ក្បាល ដែលមានទាំងកំពុងប្រតិបត្តិការនិងមានទាំងកំពុងទទួលការហ្វឹកហាត់ដើម្បីឱ្យក្លាយជាសុនខដែលមានជំនាញស្វែងរកមីនបន្ថែមទៀត៕