ភ្នំពេញៈ ក្នុងចំណោមប្រទេសចំនួន ១៥៣ កម្ពុជាបានចូលរួមបោះឆ្នោតគាំទ្រការអនុម័តសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលទាមទារឱ្យមានបទឈប់បាញ់ដោយមនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ព្រមទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌដែលការសម្រេចនេះមានគោលបំណងការពារជនស៊ីវិល និងអនុវត្តកាតព្វកិច្ចផ្លូវច្បាប់ និងមនុស្សធម៌។
កាលពីថ្ងៃទី ១២ ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិសេសបន្ទាន់ស្តីពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលបានអូសបន្លាយ
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈដែលវិបត្តិនៅតំបន់ហ្គាហ្សានៅតែកំពុងបន្ត ហើយមិនបង្ហាញសញ្ញានៃការធូរស្រាលឡើយ។
ក្នុងសម័យប្រជុំនេះ ប្រទេសចំនួន ១៨៦ បានបោះឆ្នោតទៅលើសេចក្តីសម្រេចនេះ នៅឯមហាសន្និបាត UN ដោយមានសំឡេងគាំទ្រចំនួន ១៥៣ ប្រទេស ខណៈសំឡេងប្រឆាំងមាន ១០ ប្រទេស រីឯសំឡេងអនុបវាទមាន ២៣ ប្រទេស។ ប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបោះឆោ្នតប្រឆាំងសេចក្តីសម្រេចនេះខណៈប្រទេសអាស៊ានទាំង ១០ ចិន និងរុស្ស៊ីបោះឆ្នោតគាំទ្រ រីឯប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេសបោះឆ្នោតអនុបវាទ។
UN បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា៖ «រដ្ឋសមាជិកបានអនុម័តសេចក្តីសម្រេចដោយទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងធានាឱ្យមានលទ្ធភាពទទួលបានមនុស្សធម៌។ មហាសន្និបាតបានអនុម័តដោយសំឡេងភាគច្រើន គាំទ្រដែលមាន ១៥៣ សំឡេង ១០ សំឡេងប្រឆាំង និង ២៣ សំឡេងអនុបវាទ»។
សេចក្តីសម្រេចនេះ ក៏បានបញ្ជាក់ឡើងវិញពីការទាមទាររបស់មហាសន្និបាតថា គ្រប់ភាគីទាំងអស់ត្រូវអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ រួមមាន ច្បាប់មនុស្សធម៌អន្តរជាតិ «ជាពិសេសទាក់ទងនឹងការការពារជនស៊ីវិល»។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៤ ខែធ្នូថា កម្ពុជាក្នុងនាមជាប្រទេសដែលបានឆ្លងកាត់បទពិសោធន៍សង្គ្រាមយ៉ាងជោកជាំហើយបានស្គាល់ពីសោកនាដកម្មនៃសង្គ្រាមហើយឥឡូវបានស្គាល់សន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់អតីតលោកនាយកមន្ត្រី ហ៊ុន សែន។ កម្ពុជាតែងតែឈរនៅខាងសន្តិភាពហើយមិនចង់ឃើញសង្គ្រាមកើតវិលមកវិញនៅលើទឹកដីកម្ពុជាក៏ដូចជាសង្គ្រាមកើតនៅលើទឹកដីណាមួយនៅក្នុងពិភពលោកទេ។
លោកបានថ្លែងថា៖ «នៅក្នុងករណីដែលវាមានសង្គ្រាម កម្ពុជាតែងតែបង្ហាញជំហរចង់ឱ្យមានការចរចាគ្នាបញ្ចប់សង្គ្រាមដោយសន្តិវិធី គឺតាមរយៈនយោបាយឈ្នះ-ឈ្នះ ដូចដែលមេដឹកនាំកម្ពុជាបានធ្វើ គឺមិនមែនយកសង្គ្រាមទៅបញ្ចប់សង្គ្រាមទេ។ កម្ពុជាក៏មិនចង់ឃើញសង្គ្រាមបំផ្លិចបំផ្លាញហើយដែលមានការចាប់មនុស្សជាចំណាប់ខ្មាំងអីនេះជាដើមមិនចង់ឃើញទេ ចង់ឃើញទាំងអស់គ្នារស់នៅក្នុងសុខសន្តិភាពដោយជួបជុំគ្រួសារដោយសុខសប្បាយសុភមង្គល។ នេះគឺជាហេតុផលដែលកម្ពុជាបោះឆ្នោតគាំទ្រដំណោះស្រាយការផ្អាកការបាញ់គ្នាដោយមនុស្សធម៌ ហើយនិងការដោះលែងចំណាប់ខ្មាំងទាំងអស់នៅតំបន់ហ្គាហ្សា»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា លោកក៏មានទស្សនៈស្របនឹងរាជរដ្ឋាភិបាលកម្ពុជាដែរអំពីសង្គ្រាមនៅហ្គាហ្សានេះ ដោយលោកសាទរការអនុម័តសេចក្តីសម្រេចរបស់មហាសន្និបាត UN នេះ ពីព្រោះសង្គ្រាមនៅហ្គាហ្សានេះ គឺជាសង្គ្រាមមួយសាហាវ ដោយសារតែដំបូងទីក្រុមហាម៉ាស់បានបាញ់ផ្លោងសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១ ពាន់នាក់។
ប៉ុន្តែឥឡូវនេះ អ៊ីស្រាអែលឆ្លើយតបធ្ងន់ធ្ងរសម្លាប់ជនស្លូតត្រង់ ជនស៊ីវិល កុមារ ចាស់ជរា ស្ត្រីមិនថាមានផ្ទៃពោះ ឬមិនមានផ្ទៃពោះ រួមទាំងកម្ទេចមន្ទីរពេទ្យផង។ នេះហាក់ដូចជាការធ្វើសង្គ្រាមសម្លាប់ពូជសាសន៍មួយដោយក្រុមហាម៉ាស់ដែលហាក់ដូចជាបំបាត់ពូជសាសន៍មួយនៅលើផែនដី។
លោកថ្លែងថា៖ «ដូច្នេះក្នុងនាមខ្ញុំជាអ្នកតាមដានកិច្ចការនេះដែរ ហើយជាអ្នកជំនាញកិច្ចការនេះដែរ ខ្ញុំសាទរជាមួយរាជរដ្ឋាភិបាល ហើយគាំទ្រឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនេះ»។
នៅថ្ងៃទី ១៤ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអបអរសាទរខួប ៦៨ ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិក UN កាលពីថ្ងៃទី ១៤ ធ្នូ ១៩៥៥ ដោយលោកបានលើកឡើងថា UN គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោកត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ ក្រោយសង្គ្រាម លោកលើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។
លោកបានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់លោកថា គោលបំណងរបស់ UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។
លោកបានលើកឡើងថា បន្ទាប់ពីកម្ពុជាបានចូលជាសមាជិក UN កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដោយលោកបន្ថែមថា៖ «ដែលក្នុងរយៈពេលកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី។ល។»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «កងកម្លាំងទ័ពមួកខៀវកម្ពុជាជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឱ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ»៕