ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយលោក ជុង អ៊ីយ៉ុង (Chung Euiyong) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍នៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូកាលពីម្សិលមិញនៅវិមានសន្តិភាពក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាដោយបានអរគុណ ICAPP ដែលតែងតែគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ភាគីទាំង ២ បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើវិស័យនយោបាយ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា៖ «តាមរយៈការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យនេះ ព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសម្រេចបានសមិទ្ធផលដ៏ធំធេងជូនជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ព្រះរាជាណាចក្រកម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការប្រែក្លាយជាប្រទេសមានចំណូលខ្ពស់»។
លោក អ៊ីយ៉ុង បានថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ប្រភពដដែលបានឱ្យដឹងថា ក្នុងឱកាសនោះ លោក ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានបង្ហាញពីភាពរីករាយ ពេលលោកត្រឡប់មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។
លោកប្រធាន ICAPP បានប្រាប់អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈ រវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី ឱ្យលោកហ៊ុន ម៉ាណែតបានដឹង។
មិនតែប៉ុណ្ណោះ លោកក៏បានសម្តែង ការកោតសរសើរ និងអរគុណ ចំពោះកម្ពុជា ដែលជាប្រទេសទី១ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ បន្ទាប់ពីកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី៦ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ នៅរាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត ថ្លែងដោយសម្ដែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានលោកប្រធាន ICAPP និងបានចូលរួមអបអរ-សាទរចំពោះរូបលោក ដែលទទួលបានសេចក្តីទុកចិត្ត ពីសមាជិកអចិន្រៃ្តយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សាជាថ្មី។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ICAPP ដែលបាន គាំទ្រចំពោះដំណើរការប្រជាធិបតេយ្យ របស់កម្ពុជា និងបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក រហូតដល់អាណត្តិថ្មីទី ៧ នេះផងដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិត នៃទិដ្ឋភាពជាក់ស្តែង ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារ ធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា»។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ក្នុងរយៈកន្លងមកកម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ច និងការបន្ថយភាពក្រីក្រ និងធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យយ៉ាងគត់មត់។
រាជរដ្ឋាភិបាលថ្មី នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»,
«កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦» និង «វិធានការគន្លឹះចំនួន ៥» ដែលសុទ្ធតែយកប្រជាជនជាស្នូល ក្នុងនោះមានដូចជា ការពង្រីកសេវាថែទាំសុខភាពសាធារណ: ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់ ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងគុណភាពសេវាអប់រំ ជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕