ភ្នំពេញៈ កម្ពុជា-ថៃ កំពុងសិក្សាពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់នៅក្នុងវិស័យអធិការកិច្ចទ្វេភាគី រួមមានទស្សនកិច្ចផ្លូវការផ្លាស់ប្ដូរបទពិសោធន៍ ការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី និងជំនួយបច្ចេកទេសលើការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
ការសិក្សាពីការគ្រោងចុះអនុស្សរណៈរួមគ្នានេះបន្ទាប់ពីមានជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប។
លោក ហួត ហាក់ បានថ្លែងកោតសរសើរចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ចាប់តាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ និងថ្លែងអំណរគុណដល់ព្រះរាជាណាចក្រថៃ ចំពោះការផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជានាពេលកន្លងមក។ ជាពិសេសជំនួយនៅក្នុងវិបត្តិការរីករាលដាលនៃជំងឺកូវីដ ១៩ កន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតបលោក Cherdkiat ATTHAKOR បានថ្លែងអំណរគុណចំពោះលោក ហួត ហាក់ ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួបស្វែងយល់ពី
បេសកកម្ម និងផែនការសកម្មភាពរបស់ក្រសួងអធិការកិច្ចនៅក្នុងអាណត្តិថ្មីនេះ។
លោកក៏បានជម្រាបអំពីតួនាទីនៃស្ថាប័នថៃ ដែលមានសមត្ថកិច្ចប្រហាក់ប្រហែលនឹងក្រសួងអធិការកិច្ចគឺ (ស្ថាប័ន Office of the Ombudsman) និងអំពីវេទិកាអាស៊ីអាគ្នេយ៍ក្នុងវិស័យអធិការកិច្ច (Southeast Asian Ombudsman Forum (SEAOF)។
បើតាមសេចក្តីប្រកាសព័ត៌មាន ជំនួបទ្វេភាគីនេះ សម្រេចបានផ្លែផ្កាជាច្រើនដោយក្នុងនោះស្ថានទូតថៃប្រចាំកម្ពុជា បានឯកភាពធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័ន Office of the Ombudsman របស់ប្រទេសថៃដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគី និងសិក្សាលទ្ធភាពអំពីកិច្ចសហប្រតិបត្តិការ ពហុភាគីនៅក្នុងក្របខ័ណ្ឌ Southeast Asian Ombudsman Forum (SEAOF) ដោយចាត់តាំងក្រុមការងារពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសក្នុងពេលវេលាឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីអធិការកិច្ច ក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយរបស់កម្ពុជាដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ សង្គមជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រីបានជម្រាបជូនឯកអគ្គរាជទូត អំពីភាពចាំបាច់ក្នុងការប្ដូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និង
អធិការកិច្ច ទៅជាក្រសួងអធិការកិច្ច ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
លោកបញ្ជាក់ថា៖ «ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»។
លោក ហួត ហាក់ ឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងភារកិច្ចចម្បងខាងលើក្រសួងអធិការកិច្ចមានផែនការសកម្មភាពមួយចំនួនរួមមាន ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍន៍ មូលធនមនុស្ស ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួង ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មន្ត្រីកម្ពុជាថៃតែងតែជួបពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែល្អប្រសើរ៕