ភ្នំពេញៈ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
យោងព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុនម៉ាណែត ជាប្រធានព្រមទាំងមានអនុប្រធាន ១ រូប ឬច្រើនរូប និងសមាជិកមួយចំនួនតាមការចាំបាច់។
ព្រះរាជក្រឹត្យបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានភារកិច្ចជាច្រើន រួមមាន រៀបចំសេចក្តីព្រាងគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការសកម្មភាពដើម្បីជំរុញការងារ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្របតាមបរិយាការណ៍ក្នុងតំបន់និងសកលលោក។ រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងវិធានការជាក់ស្ដែង រយៈពេលខ្លី មធ្យម និងវែងសម្រាប់ធ្វើជាផែនទីចង្អុលផ្លូវក្នុងការជំរុញ និងទាក់ទាញការវិនិយោគឯកជន ទាំងក្នុង និងក្រៅប្រទេស។
អនុវត្តការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធជាមួយនឹងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងជាមួយវិនិយោគិន ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការពាក់ព័ន្ធនានាឱ្យមានប្រសិទ្ធភាព។
ទាក់ទងជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយអំពី យុទ្ធសាស្ត្រ និងបណ្តាកម្មវិធីអាទិភាពរបស់រាជរដ្ឋា
ភិបាលក្នុងការអភិវឌ្ឍប្រទេស ដើម្បីសម្របសម្រួល ការទទួលនិងការប្រើប្រាស់ប្រកបដោយស័ក្ដិសិទ្ធិភាពនូវហិរញ្ញប្បទានសហប្រតិបត្តិការ ស្របតាមតម្រូវការ និងអាទិភាពរបស់ប្រទេសជាតិ ដោយប្រកាន់តួនាទីជាម្ចាស់សម្រាប់សម្រេចលទ្ធផលជូនប្រទេសជាតិ។
ពិនិត្យនិងផ្ដល់ការគាំទ្រដល់គម្រោងរបស់ដៃគូអភិវឌ្ឍន៍ កំណត់ទិសដៅក្នុងការបែងចែក និងប្រើប្រាស់ធនធានសាធារណៈ និងធនធានឯកជន ក្នុងកិច្ចការអភិវឌ្ឍន៍កម្ពុជាផ្តល់កិច្ចសម្រួលដល់ដៃគូអភិវឌ្ឍន៍ពិនិត្យ និងសម្រេចរាល់គម្រោងវិនិយោគឯកជនគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងរបស់ដៃគូអភិវឌ្ឍន៍។
ប្រភពដដែលបន្តថា៖ «កអក មានតួនាទីភារកិច្ចជំរុញការផ្សព្វផ្សាយ និងការទាក់ទាញការវិនិយោគ ដោយផ្តោតលើវិស័យ និងសកម្មភាពវិនិយោគ ជាអាទិភាព ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានិងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ឬតាមការតម្រង់ទិសពីប្រមុខរាជរដ្ឋាភិបាល»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការចាប់អារម្មណ៍ថា កន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុវត្តការងារល្អរួចទៅហើយ ខណៈព្រះរាជក្រឹត្យថ្មីនេះ គឺជាការបំពេញបន្ថែមឬធ្វើបច្ចុប្បន្នភាពឱ្យស្ថាប័ននេះកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង នៃស្ថានការណ៍អភិវឌ្ឍន៍នៅកម្ពុជា។
លោកថា៖ «ក្នុងព្រះរាជក្រឹត្យនេះក៏បានកំណត់ភារកិច្ចសំខាន់ៗច្បាស់លាស់សម្រាប់អនុវត្ត។ អ៊ីចឹង ចំណុចសំខាន់ដែលខ្ញុំចាប់អារម្មណ៍គឺការបង្កើតផែនទីចង្អុលផ្លូវសម្រាប់ឱកាសវិនិយោគនៅកម្ពុជា។ នេះជាចំណុសំខាន់ដែលប្រទេសកម្ពុជាមានតម្រូវការឱ្យឆ្លើយតបទៅនឹងឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក»។
លោកបន្តថា៖ «ដូច្នេះស្ថានភាពកម្ពុជានាពេលនេះ គឺការកៀរគរ សម្របសម្រួល និងការទាក់ទាញវិនិយោគិនបរទេស សម្រាប់មកវិនិយោគនៅកម្ពុជា និងផ្តល់ការលើកទឹកចិត្តផ្សេងៗដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកគឺជាកិច្ចការសំខាន់។ កន្លងទៅយើងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប៉ុន្តែការវិនិយោគរបស់យើងមួយចំនួននៅកម្រិតធុនតូច និងមធ្យមនៅឡើយ»។
ព្រះរាជក្រឹត្យដដែល បានចែងទៀតថា ក.អ.ក. មានភារកិច្ចជំរុញលើកទឹកចិត្ត និងការពារការវិនិយោគឯកជន និងផ្ដល់កិច្ចសម្របសម្រួលដល់វិនិយោគិន ផ្តល់សេវាថែទាំវិនិយោគដោយផ្អែកលើឧត្តមានុវត្តន៍ជាសកល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការសម្រួលការវិនិយោគ។
ទទួលបន្ទុកដឹកនាំកិច្ចការចរចាកិច្ចព្រមព្រៀងស្តីពីវិនិយោគទ្វេភាគី ពហុភាគី ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ទទួលបន្ទុកកិច្ចការវិនិយោគផ្សេងៗនៅក្នុងក្របខ័ណ្ឌអាស៊ានស្របតាមគោលការណ៍និងការរៀបចំរបស់អាស៊ាន និងសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន។
ក.អ.ក មានថវិកាដោយឡែកជាថវិកាជាតិសម្រាប់ដំណើរការការងារហើយការគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ថវិការបស់ ក.អ.ក ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕