លោកស្រី មុត ចរិយា បានបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែងដែលជាទឹកដីកំណើតរបស់លោកស្រី។
នៅក្នុងពេលដែលមានការរីករាលជំងឺកូវីដ ១៩ បានធ្វើឱ្យលោកស្រីជួបវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង និងបានបោះបង់អាជីពជាឈ្មួញកណ្តាល ដែលប្រមូលទិញផលកសិកម្មពីកសិករហើយត្រឡប់មកលេងស្រុកកំណើតមួយរយៈពេលធំ។ នៅគ្រានោះហើយដែលលោកស្រីបានប្រើប្រាស់វិបត្តិឱ្យក្លាយជាកាលានុវត្តភាពក្នុងការបង្កើតអាជីវកម្មថ្មីមួយគឺ «សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង» ជាមួយនឹងដើមទុន ២ ម៉ឺនដុល្លារ។
សិប្បកម្មរបស់លោកស្រី បានរួមចំណែកជួយកសិករ តាមរយៈការទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃសមរម្យដើម្បីផលិតនៅក្នុងស្រុក ដែលផ្តល់ការងារដល់ពលរដ្ឋបានចំនួន ៤៥ នាក់។ ចាប់ផ្តើមដំបូង ដើមទុនត្រឹម ២ ម៉ឺនដុល្លារកាលពី ២ ឆ្នាំមុន កើនដល់ ១ លានដុល្លារ ក្នុងឆ្នាំនេះ លោកស្រី មុត ចរិយា មានគោលដៅ និងមហិច្ឆតា ក្នុងការនាំគ្រាប់ស្វាយចន្ទី ដែលដាំដុះ កែច្នៃ និងនាំចេញពីកម្ពុជា ទៅលក់នៅលើទីផ្សារអន្តរជាតិនានានៅទូទាំងពិភពលោក។ នេះជាបទសម្ភាសន៍រវាងអ្នកសារព័ត៌មានអ្នកនាងវណ្ណ សុជាតា ជាមួយនឹងលោកស្រី មុត ចរិយា ដែលមានខ្លឹមសារដូចខាងក្រោម៖
ជាដំបូង សូមលោកស្រី ជួយជម្រាបពីដំណើរការនៃការបើកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងរបស់លោកស្រី ចាប់ផ្តើមពីពេលណាមក? ហើយមូលហេតុអ្វី?
ចាសសូមអរគុណ! សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងរបស់ខ្ញុំបានចាប់ផ្តើមបើកដំណើរការ កាលពីខែតុលា ឆ្នាំ ២០២១ ដែលរហូតមកទល់នឹងពេលនេះមានរយៈពេល ២ ឆ្នាំហើយ។
មូលហេតុដែលជំរុញឱ្យយើងបើកសិប្បកម្មនេះ ដោយសារតែវិបត្តិកូវីដ ១៩ ព្រោះថា នៅពេលដែលកូវីដ ១៩ បានកើតឡើង យើងបានផ្អាកមុខរបររកស៊ីរបស់យើងនៅសៀមរាប និងសម្រាកការងារនៅភ្នំពេញ ខណៈកូនៗរបស់ខ្ញុំក៏បានផ្អាកការសិក្សារបស់ពួកគេដែរ ហើយក៏បានសម្រេចមកលេងស្រុកកំណើតរបស់ខ្ញុំនៅខេត្តស្ទឹងត្រែង។
ពេលដែលយើងមកដល់ទីនេះ យើងបានមើលឃើញថា មានការដាំដុះគ្រាប់ស្វាយចន្ទីច្រើន និងមានតម្លៃទាប ក្រោយមកយើងបានស្រាវជ្រាវមើលទីផ្សារនៅតាមបណ្តាប្រទេសផ្សេងៗ ឃើញគេមានការផលិតដែរ និងលក់បានក្នុងតម្លៃថ្លៃជាងយើង។
ពេលនោះ វាស្របពេលដែលយើងបានផ្អាកការងារ និងអាជីវកម្មរបស់យើងផងនោះ ខ្ញុំគិតរកមធ្យោបាយដើម្បីកែប្រែស្ថានភាពគ្រួសាររបស់ខ្ញុំនៅអំឡុងពេលមានវិបត្តិនោះ។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តចាប់ផ្តើមអាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីនេះ ដោយសារតែយើងយល់ថា មិនត្រឹមតែអាចជួយកែប្រែស្ថានភាពក្នុងគ្រួសារយើងប៉ុណ្ណោះទេ តែវាក៏អាចជួយដល់ទីផ្សារកសិកររបស់យើង ឱ្យទទួលបានតម្លៃសមរម្យ តាមរយៈការកែច្នៃ ដោយមិនចាំបាច់លក់គ្រាប់ឆៅឱ្យគេទាំងអស់។
ក្រោយមកខ្ញុំបានចាប់ផ្តើមស្រាវជ្រាវពីឯកសារផ្សេងៗ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការនានារួមទាំងសមាគមស្វាយចន្ទីកម្ពុជាពីការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាព បន្ទាប់ពីរៀនបានត្រឹមតែ ១ ខែ យើងក៏បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់យើងតែម្តង។
តើសិប្បកម្មរបស់លោកស្រី បាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិនៅពេលណា និងបាននាំចេញទៅកាន់ប្រទេសណាខ្លះ?
យើងបានឃើញថា នៅខេត្តរបស់យើង (ស្ទឹងត្រែង) មានការដាំដុះស្វាយចន្ទីច្រើន ប៉ុន្តែបើក្រឡេកទៅមើលទីផ្សារអន្តរជាតិវិញតើមានគេស្គាល់គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ច្រើនហើយឬនៅ? ហេតុដូច្នេះយើងក៏បានចាប់ផ្តើមស្រាវជ្រាវ នៅលើទីផ្សារអន្តរជាតិ ថាតើគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច នៅលើទីផ្សារអន្តរជាតិលក់បានក្នុងតម្លៃប៉ុន្មាន? តើចន្ទីគេបានកែច្នៃយ៉ាងដូចម្តេចខ្លះ?
ហើយយើងរកឃើញថា ចន្ទីរបស់គេបានកែច្នៃទៅជាច្រើនប្រភេទ ច្រើនរសជាតិកែច្នៃទៅជាបង្អែម កែច្នៃទៅជានំ ជាដើម ដោយឡែកចន្ទីរបស់យើង មិនទាន់មានការកែច្នៃអ្វីច្រើននៅឡើយទេ គឺលក់ចេញទៅតែគ្រាប់ស្រស់តែម្តង ដែលនេះធ្វើឱ្យអន្តរជាតិ មិនបានស្គាល់ពីគុណភាពស្វាយចន្ទីរបស់យើងហើយធ្វើឱ្យយើងបាត់បង់តម្លៃបន្ថែម។
បន្ទាប់មកយើងបានគិតថា តើត្រូវធ្វើយ៉ាងណាដើម្បីបង្កើនចំណូលដល់កសិករ បង្កើនការងារនៅក្នុងសហគមន៍របស់យើងហើយអាចជួយដល់មុខមាត់ប្រទេសរបស់យើងដែរ។ ដូច្នេះ យើងក៏ចាប់ផ្តើមស្វែងរកទីផ្សារស្វែងរកបច្ចេកទេសបន្ថែមជាបន្តបន្ទាប់ ដែលមកដល់ពេលនេះយើងបានកែច្នៃគ្រាប់ស្វាយចន្ទីរបស់យើងទៅជាច្រើនរសជាតិ និងទទួលបានការគាំទ្រច្រើនពីអតិថិជន។
នៅក្នុងរយៈពេល ២ ឆ្នាំមកនេះ គ្រាប់ស្វាយចន្ទីរបស់លោកស្រីដែលបានកែច្នៃចេញជាច្រើនរសជាតិនោះ តើទទួលបានការគាំទ្រកម្រិតណាដែរពីអតិថិជន ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ? ហើយបាននាំចេញទៅកាន់ទីផ្សារណាខ្លះ?
ក្នុងរយៈពេល ២ ឆ្នាំមកនេះ យើងទទួលបានការគាំទ្រច្រើនគួរសម ជាពិសេសពីខាងទីផ្សារអន្តរជាតិ ដោយសារតែយើងផលិតបានគ្រាប់ស្វាយចន្ទីដែលមានច្រើនរសជាតិ ក្រៅពីរសជាតិរបស់ខ្មែរយើង។ យើងបានផ្ញើលក់នៅទីផ្សារអង់គ្លេស អាមេរិក អាល្លឺម៉ង់ ជប៉ុន កូរ៉េ អូស្ត្រាលី ខណៈដែលបារាំង យើងក៏បានផ្ញើឱ្យគេធ្វើតេស្តរសជាតិរបស់យើងដែរ។ អ្វីដែលសំខាន់បំផុត ផលិតផលរបស់យើងបាននាំយកទៅធ្វើតេស្តនៅសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្ត Nutrition និងបានតេស្តរកសារធាតុគីមីនៅជប៉ុន ទើបមានគេទទួលស្គាល់ពីគុណភាពរបស់យើងច្រើនបែបនេះ។
ដោយសារតែយើងទើបតែចាប់ផ្តើម ដូច្នេះបរិមាណ ដែលយើងបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសនៅមានចំនួនតិចតួចនៅឡើយទេ ខណៈដែលនៅខែធ្នូ ឆ្នាំ២០២៣ នេះ យើងនាំចេញទៅកាន់ទីផ្សារហុងកុងមួយទៀត ដែលវានឹងក្លាយជាទីផ្សារដ៏ធំជាងគេរបស់យើងនៅក្នុងពេលឆាប់ៗនេះ។
ក្រៅពីនេះ តើលោកស្រីមានគម្រោងនាំចេញទៅកាន់ទីផ្សារប្រទេសណាទៀតទេ?
យើងក៏មានគម្រោងនាំចេញទៅទីផ្សារចិន នៅឆ្នាំក្រោយ និងទីផ្សារហូឡង់ ១ ទៀតផងដែរ។ ចំណែកទីផ្សារអាមេរិកវិញយើងទើបតែត្រឡប់មកពីរៀបចំឃ្លាំងនៅទីនោះហើយ ដោយសារតែទីផ្សារប្រទេសនេះ គេតម្រូវឱ្យយើងមានឃ្លាំងស្តុក ទើបគេអនុញ្ញាត ខណៈយើងមានទីផ្សារស្រាប់ហើយនៅទីនោះ ហើយទីផ្សារអាមេរិកនេះ នឹងក្លាយជាទីផ្សារធំជាងគេរបស់យើងនៅឆ្នាំ ២០២៤។
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោកស្រី ទើបតែដំណើរការបានត្រឹមរយៈពេល ២ ឆ្នាំប៉ុណ្ណោះ តើមានកត្តាចម្បងអ្វីអាចវាយលុកទីផ្សារក្រៅប្រទេសបានលឿនបែបនេះ?
ការផ្សព្វផ្សាយឱ្យបានច្រើន គឺជាចំណុចដ៏សំខាន់ ដែលជំរុញឱ្យទីផ្សារអន្តរជាតិស្គាល់ពីផលិតផលរបស់យើងបានលឿនបែបនេះ។ ហេតុអ្វីបានគេស្គាល់ពីស្វាយចន្ទីរបស់យើងច្រើន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ? គឺខ្ញុំ និងកូនស្រី បានធ្វើដំណើរទៅក្រៅប្រទេស ដើម្បីចូលរួមការតាំងពិព័រណ៍នានា ដូចជានៅអាល្លឺម៉ង់ អាមេរិកជាដើម។ ជាពិសេស ថ្មីៗនេះ យើងបានទៅចូលរួមសន្និសីទស្វាយចន្ទីពិភពលោកនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ជាមួយនឹងសមាគមស្វាយចន្ទីកម្ពុជា។
នៅពេលនោះ មានតែខ្ញុំទេ ដែលយកគ្រាប់ស្វាយចន្ទីរបស់យើងទៅ ហើយនៅពេល ដែលយើងបានធ្វើបទបង្ហាញឱ្យគេឃើញថា គ្រាប់ស្វាយចន្ទីរបស់យើងបានផលិតច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសកូឌីវ័រ និងបានបង្ហាញពីគ្រាប់ស្វាយចន្ទីរបស់យើងផងនោះ គេមានការភ្ញាក់ផ្អើលថា ហេតុអ្វីគ្រាប់ស្វាយចន្ទីរបស់យើងធំម្ល៉េះ។
តាំងពីពេលនោះមក នៅពេលដែលគេឃើញគ្រាប់ស្វាយចន្ទី របស់យើងគេតែងនិយាយថា Cambodia Cashew រហូតដល់យើងបានអូសទាញឱ្យមានការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកនៅកម្ពុជាយើង នាខែកុម្ភៈ ឆ្នាំក្រោយ ដែលនេះជាមោទនភាពរបស់យើង ព្រោះថា ពិភពលោកនឹងស្គាល់ស្វាយចន្ទីយើងកាន់តែច្រើន។
គ្រាប់ស្វាយចន្ទីស្រស់របស់កម្ពុជាជាង ៩០ ភាគរយត្រូវបាននាំចេញទៅប្រទេសវៀតណាម ខណៈដែលមានត្រឹមតែ ៥ ទៅ ១០ ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ។
តើក្នុងនាមជាម្ចាស់សិប្បកម្មស្វាយចន្ទី និងជាស្ត្រីម្នាក់ ដែលមានអាជីវកម្មក្នុងដៃ តើលោកស្រីមានការលើកទឹកចិត្តបែបណាដល់អ្នកកែច្នៃដទៃទៀតក្នុងការជំរុញការនាំចេញស្វាយចន្ទីកែច្នៃរបស់កម្ពុជា យើងទៅក្រៅប្រទេសឱ្យបានកាន់តែច្រើនជាងការនាំចេញគ្រាប់ស្រស់?
នៅក្នុងប្រទេសកម្ពុជា យើងគ្រប់គ្នាសុទ្ធតែបានដឹងរួចហើយថា អ្នកកែច្នៃគ្រាប់ស្វាយចន្ទីមានតិចតួចប៉ុណ្ណោះ ដែលមិនអាចគ្រប់ទៅតាមតម្រូវការទីផ្សារគ្រួសារនោះទេ។ ជាការពិតណាស់ គ្រាប់ស្វាយចន្ទី ជាផលិតផលដែលមានទីផ្សារខ្លាំងណាស់ ប៉ុន្តែកម្ពុជាយើងនៅខ្វះបច្ចេកទេសក្នុងការផលិត ខ្វះទុនវិនិយោគ ព្រោះថា គ្រាប់ស្វាយចន្ទីត្រូវការបច្ចេកទេស និងដើមទុនផលិតធំណាស់ ក្នុងការកែច្នៃវា។ ដូច្នេះទីផ្សារមិនខ្វះទេ គឺខ្វះកម្លាំងទុន និងបច្ចេកទេសផលិតប៉ុណ្ណោះ។
បើសិនជាអ្នកវិនិយោគមិនថាក្នុងស្រុក ឬក្រៅស្រុកទេ ដែលគាត់មានចំណាប់អារម្មណ៍ក្នុងវិស័យស្វាយចន្ទីនេះ ខ្ញុំលើកទឹកចិត្តឱ្យវិនិយោគលើការកែច្នៃ ផលិតគ្រាប់ស្វាយចន្ទីនេះសម្រាប់នាំចេញ ព្រោះថា វាជាផលិតផលដែលមានសក្តានុពលខ្លាំងនៅលើទីផ្សារអន្តរជាតិ និងជាឱកាសដែលយើងទាំងអស់គ្នា អាចនាំគ្រាប់ស្វាយចន្ទីរបស់យើងទៅកាន់ពិភពលោកឱ្យគេបានស្គាល់ដែរ។
តើអ្វីទៅដែលជាទស្សនវិស័យ និងគោលដៅបន្តបន្ទាប់ទៀតរបស់លោកស្រី ដើម្បីធ្វើឱ្យស្វាយចន្ទីរបស់កម្ពុជា កាន់តែទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើឆាកអន្តរជាតិ និងអាចក្លាយជាអធិរាជស្វាយចន្ទីដូចដែលរាជរដ្ឋាភិបាលបានកំណត់?
ទស្សនវិស័យរបស់ពួកយើងនោះ គឺយើងចង់នាំចេញគ្រាប់ស្វាយចន្ទី ដែលផលិតនៅក្នុងស្រុកខ្មែរ មានរសជាតិដើមពីស្រុកខ្មែរទៅកាន់ទីផ្សារពិភពលោក ឱ្យពួកគេស្គាល់ទាំងគុណភាព និងប្រភពដើម និងជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជាយើង។
ក្នុងរយៈពេល ២ ឆ្នាំ ដែលយើងមកនេះ យើងបានជួយកែប្រែជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍របស់យើងបានច្រើន ដោយកាលពីមុន ពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ដែលបានប្រាក់កម្រៃតិច។ តែក្រោយពីយើងបានមកបើកសិប្បកម្មនៅទីនេះ ពលរដ្ឋក្នុងសហគមន៍យើងភាគច្រើន គឺលែងធ្វើចំណាកស្រុកទៀតហើយ។ យើងបានជួយបណ្តុះបណ្តាលដល់ពួកគាត់ច្រើន លើចំណេះដឹងបរិស្ថាន និងការអភិវឌ្ឍសមត្ថភាពភាសាជាដើម។
អ្វីដែលសំខាន់បុគ្គលិករបស់យើងនៅទីនេះ គឺទទួលបានអត្ថប្រយោជន៍សង្គម ដូចជា ប.ស.ស មានថ្ងៃឈប់សម្រាកទូទៅ តាមច្បាប់ការងារ ដើម្បីបង្ហាញថា សិប្បកម្មរបស់យើងគឺគោរពបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ និងគោរពសិទ្ធិមនុស្សបានយ៉ាងត្រឹមត្រូវ ជាពិសេសយើងបានលើកកម្ពស់ស្ត្រី ខណៈដែលស្ត្រីដែលបម្រើការងារនៅកន្លែងសិប្បកម្មរបស់យើងមានដល់ ៨០ ភាគរយ៕