រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានធ្វើ​ការជំរុញ​ទៅកាន់​ខេត្ត​មី​យ៉ា​ហ្គី​របស់​ជប៉ុន ឱ្យ​បង្កើន​ការជ្រើសរើស​ពលករ​ជំនាញ​ពី​កម្ពុជា​បន្ថែម ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ​២​ ឱ្យ​កាន់តែខ្លាំង​។

បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ បានឱ្យដឹងថា ការជំរុញ​របស់លោក​រដ្ឋមន្ត្រី ហេង សួរ បែបនេះ បាន​ធ្វើឡើង​ក្នុងពេល​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Muri Yoshiiro អភិបាលខេត្ត​មី​យ៉ា​ហ្គី​របស់​ប្រទេស​ជប៉ុន កាល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​។ 
​នា​ជំនួប​នោះ លោក ហេង សួរ បានស្នើ​ទៅកាន់​លោក​អភិបាលខេត្ត​មី​យ៉ា​ហ្គី របស់​ជប៉ុន ធ្វើការ​ជំរុញ​សហគ្រាស​នៅក្នុង​ខេត្ត​ឱ្យ​ជ្រើសរើស​កម្មសិក្សាការី និង​ពលករ​ជំនាញ​ពី​កម្ពុជា​បន្ថែម​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​ក្នុងខណៈ​ពេលដែល​ខេត្ត​មី​យ៉ា​គី ទទួលបាន​ការបង្កើត​រោងចក្រ​ថ្មី​ជាច្រើន​ក្នុង​រយៈពេល​ថ្មីៗ​នេះ ដូច្នេះ​សូម​អភិបាលខេត្ត ជួយ​បង្កើន​ការផ្សព្វផ្សាយ និង​ជំរុញ​សហគ្រាស​នៅក្នុង​ខេត្ត​នេះ​ឱ្យ​បង្កើន​ការជ្រើសរើស​កម្មសិក្សាការី និង​ពលករ​ជំនាញ​ពី​កម្ពុជា​បន្ថែម​»​។

ទន្ទឹមគ្នា​នេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អភិបាល​ខេត្ត​មី​យ៉ា​ហ្គី​របស់​ប្រទេស​ជប៉ុន​ចំពោះ​ការមើល​ថែរក្សា​កម្មសិក្សា​ការី និង​ពលករ​ជំនាញ​កម្ពុជា​ក្នុង​ខេត្ត​បាន​យ៉ាង​ល្អ ខណៈ​លោក​ថា ក្រសួង​ការងារ ក៏​រីករាយ​នឹង​សហការ​ជាមួយ​ខេត្ត​មី​យ៉ា​ហ្គី​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ដើម្បី​ឱ្យចំ​តម្រូវការ​ឧស្សាហកម្ម​របស់​ខេត្ត​ផងដែរ​។

ពាក់ព័ន្ធ​រឿងនេះ​ដែរ លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា នេះ​ជា​រឿង​ល្អ​ដែល​ក្រសួង​ការងារ បានធ្វើការ​ពង្រឹង​លើ​ការលើកកម្ពស់​វិស័យ​ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញ​បច្ចេកទេស ដើម្បី​បំពេញតម្រូវការ​ការងា​រនា​ពេលបច្ចុប្បន្ន និង​អនាគត ពិសេស​ជួយ​លើកកម្ពស់​ជីវភាព​ជីវភាព​ពលរដ្ឋ​កម្ពុជា​បន្ថែមទៀត​។

លោក​បន្តថា​៖ «​ការសហការ​គ្នា​របស់​ក្រសួង​ការងារ និង​រដ្ឋាភិបាល​ជប៉ុន​លើ​ការពង្រីក​កម្លាំង​ពលករ​ជំនាញ​បន្ថែម ខណៈដែល​ប្រទេស​ទាំងពីរ​ធ្លាប់បាន​សហការ​កន្លង​រួចមកហើយ គឺជា​រឿង​មួយ​ល្អ ដែល​វា​អាច​នឹង​ជួយ​ចូល​រួមគ្នា​ផ្គត់ផ្គង់​កម្លាំង​ជំនាញ​ចូល​ទីផ្សារការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ថែមទៀត​»​។

ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ឱ្យដឹងថា បច្ចុប្បន្ននេះ​មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ខ្មែរ​កំពុងធ្វើការ​ក្នុងប្រទេស​ជប៉ុន​តាមរ​យៈ​ក្រុមហ៊ុន​ប​ញ្ចូ​ន សរុប​ចំនួន ២០ ៥៦១ នាក់  ក្នុងនោះ ស្រី ៩ ៥៨៧ នាក់​។

ដោយឡែក នៅក្នុង​ខេត្ត​មី​យ៉ា​គី​ខាងលើនេះ​វិញ ក្រសួង​ការងារ​វិញ បានឱ្យដឹងថា មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​របស់​កម្ពុជា​ចំនួន ១០៩ នាក់ ដែល​កំពុង​ហាត់​ការងារ និង​បំពេញការងារ​នៅ​ទីនោះ​។

បន្ថែម​ពីនេះ​នៅក្នុង​ជំនួប​ខាងលើ លោក ហេង សួរ ក៏បាន​អញ្ជើញ​អភិបាលខេត្ត​ជប៉ុន និង​សភាពាណិជ្ជកម្ម​ក្រុង​សេន​ដៃ​(Sendai) នៃ​ខេត្ត​មី​យ៉ា​ហ្គី មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​វិនិយោគ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ព្រមទាំង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​ដែលជា​ប្រទេស​មាន​សក្តានុពល​ថ្មី​ផងដែរ​៕