ក្រសួងធនធានទឹក និងឧតុនិយម និងប្រតិភូក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស បានលើកឡើងថា ភាគីទាំង ២ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា លើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យមួយនេះនៅកម្ពុជាឱ្យមាននិរន្តរភាព។
ការពង្រឹងកិច្ចសហការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយប្រតិភូក្រុមបេសកកម្មបារាំងដឹកនាំដោយលោក Matthieu Le Grix ប្រធាននាយកដ្ឋានទទួលបន្ទុកការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងតាមរយៈហ្វេសប៊ុក។
ឆ្លៀតឱកាសនោះដែរ លោក ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូក្រុមបេសកកម្មបារាំងដែលបានមកបេសកកម្មការងារ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នានាលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជាពិសេសរដ្ឋាភិបាលបារាំងដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជាគ្រប់កាលៈទេសៈ ពិសេសលើវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។
លោកលើកឡើងថា៖ «ក្រសួង កំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១(WAT4CAM-1) ដែលកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីផែនការរបស់ក្រសួងដែលបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមសម្រាប់រយៈពេល ៥ឆ្នាំខាងមុខផងដែរ។
លោក Matthieu Le Grix បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារអនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេសដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ដែលត្រូវបន្តពិភាក្សា និងដោះស្រាយក៏ដោយ។
ទាក់ទិននឹងរឿងនេះដែរ លោក ផុន សុគន្ធ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបង្ហាញការគាំទ្រចំពោះការបន្តពង្រឹងកិច្ចសហការនេះ ដែលនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម ពិសេសទប់ស្កាតបញ្ហាប្រែប្រួលអាកាសធាតុដែលបញ្ហាប្រឈមមួយក្នុងវិស័យធនធានទឹកនៅកម្ពុជា។
លោកបន្តថា៖ «ខ្ញុំរំពឹងថា ការបន្តកិច្ចសហប្រតិបត្តិការ គឺជាយន្តការមួយជួយធ្វើឱ្យវិស័យនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសសម្រាប់អន្តរាគមន៍ពេលមានគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិនានា ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម»។
តាមរយៈជំនួបនេះដែរ ក្រសួងធនធានទឹក ក៏បានស្នើដល់ភាគីបារាំង ពិសេសទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ពន្លឿនបញ្ចប់ការងារការសិក្សាស្ទឹងស្វាយចេក ដើម្បីឱ្យកម្ពុជានិងបារាំង អាចចុះហត្ថលេខាលើឯកសារ ហិរញ្ញប្បទាន ក្នុងត្រីមាសទី១ នាឆ្នាំ២០២៤ ខាងមុខ។ លើសពីនេះ ក្រសួងក៏ជំរុញឱ្យភាគីបារាំង ផ្តល់ជំនួយឥតសំណងសម្រាប់ការសិក្សាគម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា (WAT4CAM )ជំហានទី២ បន្តទៀតផងដែរ៕