កម្ពុជា និងសហរដ្ឋអាមេរិក បានបញ្ជាក់ជំហរសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗរួមទាំង ពាណិជ្ជកម្ម និងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។
ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាក្នុងស្មារតីមិត្តភាពរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឱកាសដែលលោកស្រីបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួប។
នាឱកាសនោះដែរ លោក សុខ ចិន្តាសោភា បានបង្ហាញនូវគោលនយោបាយដែលផ្តោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំនិងបណ្ដុះបណ្តាល និងការបង្កើតការងារ។ លោកក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ។
ទន្ទឹមនឹងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកស្រីឧបការីរង បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការទាំងនោះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត។ លោកស្រីបានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖«ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍រួម រួមទាំងតួនាទីរបស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក»។
លោកស្រីឧបការីរង បានសង្កត់ធ្ងន់ថា កេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានកន្លងមក និងវិធីសាស្ត្របែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាពងាយស្រួលដល់កិច្ចសន្ទនា ហើយសហរដ្ឋអាមេរិកក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ។
កិច្ចពិភាក្សាខាងលើនេះ បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីទាំងពីរក្នុងការបន្តកិច្ចសន្ទនាជាមួយគ្នាលើប្រធានបទជាច្រើន រួមទាំងប្រធានបទដែលភាគីទាំងពីរមានទស្សនៈផ្សេងគ្នា។
ភាគីទាំង ២ ក៏បានគូសបញ្ជាក់នូវសារៈសំខាន់នៃតម្រូវការឱ្យមានការជឿទុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងនាមជាដៃគូផងដែរ៕